ខេត្តបាត់ដំបង ៖ មុងជ្រលក់ថ្នាំយ៉ាងតិចជិត៤.០០០ នឹងត្រូវចែកជូនកងកម្លាំងនគរបាលតាមបណ្ដាស្រុកមួយចំនួន និងវរការពារព្រំដែនគោកគ្រប់អង្គភាពដែលស្ថិតនៅតាមបន្ទាត់ព្រំដែនភាគខាងលិចនៃខេត្តបាត់ដំបង។ នេះបើតាមការប្រាប់ឲ្យដឹងពីមន្ត្រីនគរបាលការិយាល័យសុខាភិបាលនៃស្នងការដ្ឋានខេត្ត។
លោកគី គិត នាយការិយាល័យនគរបាលសុខាភិបាលនៃស្នងការដ្ឋានខេត្តមានប្រសាសន៍ថា ស្នងការដ្ឋានខេត្ត នឹងចុះចែកមុងជ្រលក់ថ្នាំទាំងនេះជួនមន្រ្តីនគរបាលតាមតំបន់ព្រំដែននៅថ្ងៃទី១៧ មករា ដោយមានការអញ្ជើញចូលរួមពីលោកស្រីវរសេនីយ៍ទោវេជ្ជបណ្ឌិតប៉ុន សំខាន់ អនុប្រធានមន្ទីរពេទ្យ១៦ ឧសភា និងជាអនុប្រធានគម្រោងអប់រំទប់ស្កាត់ប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៃនាយកដ្ឋានសុខាភិបាល។
លោកគី គិត បានបញ្ជាក់ថា មុងដែលត្រៀមចែកជួនមន្រ្តីនគរបាលនេះមានចំនួនជិត៤.០០០ ដែលមានមុងគ្រែ និងមុងអង្រឹង។ លោកបន្ថែមថា មុងទាំងនេះបានមកពីការឧបត្ថម្ភរបស់មូលនិធិសកលដែលមានកិច្ចសហការជាមួយនាយកដ្ឋានសុខាភិបាល និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។ លោកនាយការិយាល័យរូបនេះបានប្រាប់ថា មុងជ្រលក់ថ្នាំការពារសត្វមូសខាំនេះត្រូវបានចែកជួនទៅតាមអធិការដ្ឋាននគរបាលស្រុកចំនួន៤ និងវរការពារព្រំដែលគោកចំនួន៤អង្គភាពនៅតាមព្រំដែន ដូចជាស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន រីឯតាមវរព្រំដែនរួមមានវរព្រំដែនលេខ៨១០ លេខ៨១៧ លេខ៨១៩ និងលេខ៨២៣។
លោកគី គិត បានបញ្ជាក់បន្ថែមថា ការបែងចែកមុងនេះក្នុងមន្ត្រីនគរបាលម្នាក់ទទួលបានមុងអង្រឹងចំនួន២ និងមុងគ្រែ១ ហើយមុងអង្រឹងចំនួន១០០ត្រូវបានប្រគល់ជួនលោកស្នងការខេត្ត ដើម្បីចែកជូនអង្គភាពនានាបន្តទៀត។ លោកបន្តថា ស្នងការដ្ឋានខេត្តបានចុះចែកមុងជ្រលក់ថ្នាំបែបនេះជាបន្តបន្ទាប់ជូនដល់មន្រ្តីនគរបាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីការពារជំងឺគ្រុនចាញ់។ ក្នុងគ្រាដែលកងកម្លាំងនៅតាមបណ្ដាស្រុកមួយចំនួនភាគខាងលិចខេត្តបាត់ដំបង កំពុងជួបការលំបាក៕
ចែករំលែកព័តមាននេះ