ខេត្តប៉ៃលិន ៖ អំណោយជាថវិកាចំនួន១លាន៥ម៉ឺនរៀលដែលបានមកពីលោកឧកញ៉ា ស្រី ងួន និងលោកជំទាវឧកញ៉ាស្រី វុទ្ធី តាមរយៈកោះសន្តិភាពបាននាំយកទៅប្រគល់ជូនលោកយាយជាម្តាយអាយុ៩៩ឆ្នាំ និងលោកយាយជាកូនអាយុ៦៥ឆ្នាំ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ មករា ដោយមានការចូលរួមពីអ្នកភូមិ និងលោកមេភូមិប្រគល់ជូនលោកយាយវ័យចំណាស់ទាំង២រូបនេះដែលរស់នៅក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ។
ដោយឡែកថវិកាចំនួន៥០ដុល្លារដែលបានមកពីសប្បុរសជននៅឯប្រទេសហ្វាងឡង់ គឺអ្នកស្រី ភូ សាយជាន ផ្ញើជូនលោកយាយតាមរយៈកោះសន្តិភាពផងនោះបានយកទៅ ទិញជាគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនដូចជាធុងសម្រាប់ដាក់ទឹកប្រើប្រាស់ពណ៌ខ្មៅ១ អង្ករ១បាវ ៥០គីឡូក្រាម និងអំបិលមួយយួរផងដែរ។ លោកយាយពិន ណម អាយុ៩៩ឆ្នាំ និងកូនស្រីរបស់គាត់ឈ្មោះពេជ្រ រាន អាយុ៦៥ឆ្នាំ រស់នៅមកដល់សព្វថ្ងៃនេះគឺដោយសារបានលោកមេភូមិ និងអ្នកជិតខាងគេជួយមើលការខុសត្រូវជារៀងរាល់ថ្ងៃដោយផ្តល់ជាបាយទឹក ម្ហូបអាហារ និងថ្នាំសង្កូវដល់ពួកគាត់ ។
លោកយាយទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






ចែករំលែកព័តមាននេះ