ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យា​ស្ថាន​វ៉ាន់​ដា​ឧបត្ថម្ភ​​​ថវិកាចូល​រួម​​មរណទុក្ខ​​​​ដល់គ្រួសារ​​​​សព​​​និស្សិត​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖  ក្នុង​ការ​​សម្តែង​​​​​នូវ​​សមានចិត្ត​​សប្បុរស​​ធម៌​​ចូលរួម​​រំលែក​​មរណទុក្ខ​​​​ដល់គ្រួសារ​​សព​​ដែល​​​ជា​និស្សិត​​​របស់​វិទ្យា​​​​​ស្ថាន​​វ៉ាន់​ដា​​​ផង​នោះ ​វិទ្យា​ស្ថាន​​​នេះ​បាន​​​​សម្រេច​​ប្រគល់​​ថវិកា​​​ចំនួន​៣​លាន​​​៦​​ម៉ឺន​​១​ពាន់​​​៥រយ​​រៀល​​(៣.០៦១.៥០០) ជូន​ដល់​អ្នក​​​ស្រី​​ញឹប សុខុម  ​​ដែល​​ត្រូវ​​​​ជា​ម្តាយ​​សព​​ឈ្មោះ​​​ហ៊ុន​ មករា ​អតីត​​និស្សិត​​វិទ្យា​​ស្ថាន​វ៉ាន់​ដា ជំនាន់​​ទី​១១ បាន​​ស្លាប់​​​​​ដោយ​ជំងឺ​​​​​គាំង​​បេះ​ដូង​​​កាលពី​​ថ្ងៃទី​​២៨ ធ្នូ កន្លង​មក​​ ​ហើយ​​ពិធី​​ប្រគល់​​អំណោយ​​​ជា​​​​សាច់​ប្រាក់​​​​​នោះ​គឺ​បាន​​​ធ្វើ​​ឡើង​​កាលពី​ថ្ងៃទី​​១១ មករា នៅ​វិទ្យា​ស្ថាន​​វ៉ាន់​ដា ។

និស្សិត​ហ៊ុន មករា  ជា​​កូន​ស្រី​​​ម្នាក់​ក្នុង​​​ចំណោម​​​​​​​បងប្អូនទាំង​​​៨​នាក់​​ ដែល​​មាន​ម្តាយ​​ឈ្មោះ​​ញឹប សុខុម ឪពុក​​​ឈ្មោះ​​​វ៉ា ប៉ោអៀន ។ នាង​បាន​​ស្លាប់​​នៅ​​តាម​​ផ្លូវ​​​​មុន​ពេល​​ទៅ​ដល់​មន្ទីរ​​ពេទ្យ​​កាល់ម៉ែត​​ ហើយ​ពេល​​ទៅ​​​ដល់មន្ទីរ​ពេទ្យ​​​ គ្រូពេទ្យ​​បាន​ប្រាប់​ថា នាង​​​បាន​​ស្លាប់​​ទៅ​ហើយ​ដោយ​​​ជំងឺ​គាំង​បេះ​ដូង​ ។

លោក​​​នៅ​ ដាល័យ តំណាង​​វិទ្យា​​ស្ថាន​​វ៉ាន់​ដា​​ បាន​និយាយ​ថា ​ទឹក​ប្រាក់​​​​ដែល​ប្រគល់​​ជូន​អ្នក​​ស្រី​​ញឹប សុខុម ​​នៅពេល​​​នេះ​គឺ​​បានមក​ពី​​​ការ​រៃ​អង្គាស​​​ពីបុគ្គលិក​​ សាស្ត្រាចារ្យ​​ និង​និស្សិត​​នៅ​ក្នុង​​វិទ្យា​​​ស្ថាន​វ៉ាន់​ដា ដើម្បី​​ចូលរួម​​​រំលែក​​ទុក​​្ខដល់​ក្រុម​​គ្រួសារ​​សព ។

អ្នក​ស្រី​​​ញឹប សុខុម  ​បាន​និយាយ​ថា ប្តី​​របស់​អ្នក​ស្រី​​ឈ្មោះ​​​ វ៉ា ប៉ោអៀន ជាប់​​រវល់​​មិន​អាច​មក​​​ចូលរួម​​ទទួល​យក​​ថវិកា​​ពីវិទ្យា​ស្ថាន​​​វ៉ាន់​ដា​​​​​នៅ​ពេល​​នេះ​បានទេ ​ដោយ​​គាត់​បាន​​ផ្តាំផ្ញើ​​​​​ការ​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​​​ជ្រៅ​​បំផុត​ដល់​បុគ្គលិក​​​ សាស្ត្រា​ចារ្យ​ ​និង​និស្សិត​​វិទ្យា​ស្ថាន​​​វ៉ាន់​ដា​ ​ទាំង​​អស់​​​​ដែល​បាន​បរិច្ចាគ​​​ថវិកា​ផ្តាល់​ខ្លួន​​​ចូល​រួម​​​រំលែក​​​​មរណទុក្ខ​​ជា​មួយ​​ក្រុម​គ្រួសារ​​​​របស់​លោក​​​​ហើយ​អ្នក​​ស្រី​​បាន​​​ជូនពរ​សូម​ឱ្យ​សប្បុរស​ជន​ទាំង​អស់​​ជួប​ប្រទះ​តែ​ពុទ្ធពរ​​​ទាំង​​បួន​ប្រការ​​ កុំ​​បីឃ្លៀង​ឃ្លាត​​​ឡើយ​ ។

វិទ្យា​​​ស្ថាន​វ៉ាន់​ដា​​ ជា​​វិទ្យា​​ស្ថាន​​​​ឯក​ទេស​​​គណនេយ្យ​​​សវនកម្ម​ និង​ពន្ធដា​រតែ​មួយ​គត់​ដែល​​មាន​​រៀបចំ​​​​កម្ម​វិធី​សិក្សា​​សម្រាប់​​​​និស្សិត​ធ្វើ​ការ​ងារ​​​នៅ​តាម​បណ្តា​​ក្រុម​ហ៊ុន​​​នានា​​​គ្រប់​វិស័យ​​​ទាំង​អស់។​ ​កម្ម​វិធី​​​សិក្សា​​ត្រូវ​បាន​​​​រៀបចំ​ឡើង​​​យ៉ាង​ពិសេស​​ដែល​និស្សិត​​សិក្សា​ជំនាញ​​​គណនេយ្យ​​អាច​ក្លាយ​ជា​​គណនេយ្យ​​អាជីព​សវនករ​ អ្នក​​ជំនាញ​ពន្ធ​ដា​រ ​អ្នក​គ្រប់គ្រង​​​​ហិរញ្ញ​វត្ថុ​ អ្នក​​​រៀបចំ​ផែន​ការ​​ ដឹកនាំ​​លើក​ទឹក​ចិត្ត​និង​ត្រួត​ពិនិត្យ អ្នក​​វិភាគ​សម្រាប់​​ការ​​​សម្រេច​​ចិត្ត​ វិនិ​យោគ​​ ដើម្បី​​​ទទួល​​បាន​​​នូវ​​ប្រាក់​ចំណេញ​​​ខ្ពស់​​​ អ្នក​គ្រប់​គ្រង​​​ចំណាយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​​ខ្ពស់ និង​​អ្នក​​វិភាគ​សេដ្ឋ​កិច្ច​​ជា​​ដើម ៕