ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់អភិរក្សដីសើមរ៉ាមសារ​ ភូមិ​កោះ​ខន​ឌិន ខេត្ត​ស្ទឹង​ត្រែង​ត្រីមេ​ពូជ​តែង​តែមក​ពង​កូន​ហើយ​បាន​ហូរ​ធ្លាក់​មក​ទន្លេ​មេគង្គ​និង​ទន្លេសាប

12 ឆ្នាំ មុន

រ៉ាម​​សារ (Ramsar) គឺជា​​​អនុសញ្ញា​​​ពិភព​លោក​​​មួយ​ដែល​​តាក់តែង​​​និង​អនុម័ត​​​​​​ដោយ​​​ ពហុរដ្ឋា​ភិបាល​​​​កាលពី​​​ឆ្នាំ​ ១៩៧១ ​​នៅ​ប្រទេស​​អ៊ីរ៉ង់ ។ សន្ធិ​សញ្ញា​​​នេះ​បាន​​​ផ្តល់​ជា​ក្រប​ខណ្ឌ​​​​សម្រាប់​​​​សកម្ម​ភាព​​​​ ជាតិ​​ និង​កិច្ច​​​សហប្រតិបត្តិ​ការ​​​​អន្តរ​ជាតិ​​​​ដើម្បី​​អភិរក្ស​​​​ និង​ប្រើ​ប្រាស់​​​​ធន​ធាន​​ដី​សើម​​ និង​ធន​ធាន​​ធម្ម​ជាតិ​​​នានា​​​​ប្រក​ប​ដោយ​​​​និរន្តរភាព​ ។ ប្រទេស​​កម្ពុជា​​​បាន​​ចូល​ជា​សមា​ជិក​​តំបន់​​​រ៉ាម​សារ​

រ៉ាម​​សារ (Ramsar)  គឺជា​​​អនុសញ្ញា​​​ពិភព​លោក​​​មួយ​ដែល​​តាក់តែង​​​និង​អនុម័ត​​​​​​ដោយ​​​ពហុរដ្ឋា​ភិបាល​​​​កាលពី​​​ឆ្នាំ​ ១៩៧១ ​​នៅ​ប្រទេស​​អ៊ីរ៉ង់ ។  សន្ធិ​សញ្ញា​​​នេះ​បាន​​​ផ្តល់​ជា​ក្រប​ខណ្ឌ​​​​សម្រាប់​​​​សកម្ម​ភាព​​​​ជាតិ​​ និង​កិច្ច​​​សហប្រតិបត្តិ​ការ​​​​អន្តរ​ជាតិ​​​​ដើម្បី​​អភិរក្ស​​​​ និង​ប្រើ​ប្រាស់​​​​ធន​ធាន​​ដី​សើម​​ និង​ធន​ធាន​​ធម្ម​ជាតិ​​​នានា​​​​ប្រក​ប​ដោយ​​​​និរន្តរភាព​ ។  ប្រទេស​​កម្ពុជា​​​បាន​​ចូល​ជា​សមា​ជិក​​តំបន់​​​រ៉ាម​សារ​នេះ​​តាំង​ពីឆ្នាំ​​១៩៩៩ ។  កម្ពុជា​​យើង​​មាន​តំបន់​​ដី​សើម ឬតំបន់​រ៉ាមសារ​​នេះ​ចំនួន​​៣ គឺ​នៅ​​​​ទន្លេ​​​​មេគង្គ​​​ខាង​លើ​​ ឬ​ខាង​ជើង​​​​នៃខេត្ត​​​​ស្ទឹងត្រែង​​ បឹង​ទន្លេ​ឆ្មារ  និង​នៅ​​កោះ​​កាប៉ិះ​​នៃ​​តំបន់​​សមុទ្រ ។ តើ​តំបន់​​​រ៉ាម​សារ​​​នេះ​បានជួយ​​ដល់ភូមិ​​​កោះ​​​ខន​​​ឌិន​​​យ៉ាង​ណា ?

ភូមិ​​​កោះ​ខន​ឌិន​​ ជា​ភូមិ​​​មួយ​​ស្ថិត​តាម​​​​ដង​ទន្លេ​​​​​មេគង្គ​​​​លើ​ក្នុង​ឃុំ​សាមគ្គី ក្រុង​​ស្ទឹង​​ត្រែង​​ ខេត្ត​​​ស្ទឹង​ត្រែង​ ​ដែល​មាន​​​​​ចម្ងាយ​​​ពីទីរួម​ខេត្ត​​​​ជាង​​​១០​គីឡូម៉ែត្រ​​ ​ហើយ​ក៏​​​​ជា​ភូមិ​​​​មួ​​យស្ថិត​​នៅ​​ក្នុង​តំបន់​​​​ដី​សើម​ (រ៉ាមសារ​) ​ដែរ ។  ប្រជា​ពលរដ្ឋ​​​​​នៅ​តំបន់​​​​​នោះ​​​ប្រកប​របរ​​​ធ្វើ​ស្រែ​​​ចម្ការ​​ នេសាទ​​ និង​មុខ​​​របរ​​​​បន្ទាប់​​បន្សំ​​​ផ្សេងៗទៀត​​ដូច​ជា​​ ​ចិញ្ចឹម​​​សត្វ​ ​ដាំ​បន្លែ​ជា​ដើម ។

លោ​ក​ព្រំ​ សាវ៉ាត  អាយុ​​​២៣ឆ្នាំ​ ​ជា​គ្រូ​​​បង្រៀន​​ និង​ជា​​​អ្នក​ភូមិ​​កោះខន​​ឌិននេះ​ ​បាន​មាន​​ប្រសាសន៍​​ថា «ខ្ញុំ​មាន​​​មោទនភាព​​​​​ណាស់​​​​ដែល​​​បាន​រស់​នៅ​​​​លើ​ទឹក​​ដី​​​ដែល​សម្បូរ​​​​ទៅ​ដោយ​​ធន​ធាន​​​ធម្មជាតិ​នេះ » ។  លោក​​ឈប់​​បន្តិច រួចបន្ត​​ជាមួយ​​នឹង​​ការ​ប្តូរ​ពីទឹក​​មុខពី​ញ​ញឹមមក​ជា​​​ស្រងូត​ស្រងាត់​​វិញ​ថា  ​«​ពិត​មែន​​​តែ​សម្បូរ​​ តែធនធាន​​​​ធម្ម​ជាតិ​​ទាំងនោះ​​​​វា​មិន​​​​ស្ថិត​​ស្ថិរ​​​ដូច​ពី​​មុនទេ ។ ធន​ធាន​ទាំងនោះ​ ​​រងនូវ​ការ​​បំផ្លាញ​​​​​ជា​ច្រើន​​ដូចជា ការ​នេសាទ​​នៅ​រដូវ​​ត្រីពង​ ការ​កាប់​​ព្រៃ​លិចទឹក​ ​ការ​ប្រើ​​​ប្រាស់​​ឧបករណ៍​​​ខុស​ច្បាប់​​ ការរំខាន​​​​ពីមនុស្ស​​​ដោយ​​សកម្ម​ភាព​​​ផ្សេងៗ​ ​និង​ការ​​​ប្រែប្រួល​​​​អាកាស​ធាតុ​​ ដែល​​នាំឱ្យ​​លក្ខខណ្ឌ​​​​បន្ត​ពូជ​​​របស់​​​ភាវរស់​​​មាន​ការ​ប្រែប្រួល​​​ខុស​​ធម្មតា» ។

លោក​​សាវ៉ាត បន្ត​ទៀត​ថា  ​កត្តា​​ខ្វះ​​​ការ​យល់​​​ដឹង​របស់​​ប្រជា​​ជន​ពីសារសំខាន់​​​ និង​ការ​​​ប្រើ​ប្រាស់​​​​ធន​ធាន​​​ឱ្យ​មាន​​​ស្ថិរភាព​​ ក៏ជា​​​កត្តា​​មួយ​​​រួម​ចំណែក​​​ក្នុង​ការ​​​ធ្វើ​ឱ្យ​​ធន​ធាន​​​ធម្មជាតិ​​​បាត់បង់​ដែរ  ព្រោះ​នៅ​ពេល​​​ដែល​មាន​​ដំណើរ​​​ការ​នៃ​​សេចក្តី​​​ត្រូវ​ការ​​របស់​ទី​ផ្សារ​​​ ក៏​ដូច​ជា​​​ការ​ប្រើ​​​​ប្រាស់​​​ផ្ទាល់​​​​ខ្លួន ប្រជា​ពលរដ្ឋ​​​​ម្នាក់ៗ​​​គឺ​ប្រឹង​ប្រែង​​​​ប្រមូល​​ផល​ពី​ធន​ធាន​​​ធម្មជាតិ​​យក​ទៅ​​បំពេញ​​តម្រូវ​ការ​​​​ផ្ទាល់​ខ្លួន​​ឬលក់​​ឱ្យ​​​​ទាន់​​​តម្រូវ​​​ការ​ទីផ្សារ។

តែ​ទោះ​ជា​​យ៉ាង​ណា​​​ក៏​ដោយ​ ​​ក្នុង​​​​នាម​ជា​​​​គ្រូបង្រៀន​​​ម្នាក់ លោក​​នឹង​​ជួយ​​អប់រំ​​​ដល់​សិស្សា​នុសិស្ស​​ ក៏​ដូច​​ជា​ប្រជា​​ពល​រដ្ឋ​ ឱ្យ​​​បាន​​យល់​ពី​តម្លៃ​​​នៃ​​ការ​​​ប្រើ​ប្រាស់​ និង​ថែរក្សា​​​ឱ្យ​​បាន​​​យូរ​អង្វែង​ ហើយ​​ពេលទំនេរ​​ខ្លះ​​លោក​​ក៏​បាន​ដើរ​​ដាក់​​ស្លាក​​​សញ្ញា​​ជា​បម្រាម​​​នានា​​​នៅតាម​​តំបន់​​អភិរក្ស​​​ ក្នុង​​​គោល​បំណង​​ដើម្បី​​ថែរក្សា​​​​ធន​ធាន​​​ទាំងនោះ​​​ឱ្យ​នៅ​​​គង់​វង្ស​​​​យូរអង្វែង​​​ផងដែរ ។

លោក​​​ម៉ៅ ​​សារ៉េត  ​ប្រធាន​​​គណៈកម្មការ​​​​​សហគមន៍​​​នេសាទ​​​នៃ​​​អន្លង់​​​កោះ​​កាង​ ​ក្នុង​ភូមិ​​​កោះ​​​​ខន​​ឌិន​ បាន​មាន​ប្រសាសន៍​ថា  ទន្លេ​​​មេគង្គ​​​លើ​​​ដែល​នៅ​​ក្នុង​​​តំបន់​​​​ភូមិ​​​សាស្ត្រ​​​នេះ​​​សម្បូរ​​ទៅ​​​ដោយ​​​អន្លង់​​ជា​ច្រើន​ និងអំណោយ​ផល​​ផ្នែក​ជីវ​​​ចម្រុះ​​​ជា​ច្រើន​​​​ដូចជា​ ត្រី​​មេ​ពូជ​​​គ្រប់​ប្រភេទ​​​​ ព្រៃ​​​លិច​ទឹក​ សត្វ​​​ស្លាប​​ ល្មួន​ ។ល។  វា​ក៏​ជា​​ជម្រក​​​ត្រីដូច​​ជា​អាង​ថ្ម​​ ឬរូង​ថ្ម​​ផងដែរ ។ អន្លង់​ដែល​​​កំណត់ជាតំបន់​​​​អភិរក្ស​​​នៅ​​សហគមន៍​របស់​​​គាត់​​​​គឺ​​​​អន្លង់​​​កោះ​កាង ដែល​ក្នុង​​​នោះ​​មាន​អន្លង់​​៤តូចៗ​​ទៀត​គឺ​ អន្លង់​កោះ​កាង ​​​អន្លង់​​កោះពោធិ៍​ អន្លង់​​​កោះ​​យាយ​ជឹម​ ​និង​​អន្លង់​​កោះ​​តាគុ ។

គម្រោង​​​អភិរក្ស​​​នៅ​​សហគមន៍​​​​អន្លង់​​​​​កោះ​​កាង​បាន​​​រៀបចំ​​ផែន​​ការ​រយៈ​​ពេល​​៣​​ឆ្នាំ​​(២០១០ដល់​​​២០១៣​) ដោយ​មាន​​​ការ​ចូល​រួម​ និង​សម្រប​​​សម្រួល​​​ដោយ​​អង្គការ​ CEPA ​នាយក​ដ្ឋាន​ជល​ផល​ ប៉ុស្តិ៍​រដ្ឋ​បាល​ភូមិ​ និង​​ឃុំ​​​ ដើម្បី​​​​ការ​ពារ​​ និង​​អភិរក្ស​ធនធាន​​​ដែល​មាន​​នៅ​ក្នុង​​​តំបន់​​នេះ ។ 

តាម​​​ការ​អង្កេត​​​​របស់​​​​​លោក​​​ឃើញ​ថា​ ​​ចាប់​តាំង​ពី​ឆ្នាំ​​២០១០​ ​ដល់​​​ចុង​ឆ្នាំ​​​២០១១​​នេះ​ ​ធន​ធាន​​​ត្រី​មាន​​​​ការ​​កើន​ឡើង​ប្រហែល​​ជា​​៣០%​​ (វាយ​តម្លៃ​​​តាម​ការ​​​សាក​​ល្បង​​​​​ដាក់មង​​រយៈពេល​១​ម៉ោង​​នៅ​​តំបន់​​អភិរក្ស​) ​ហើយ​​​សត្វ​​​​ស្លាប​​ ពពួក​​​ល្មូន​ និង​ប្រភេទ​​​​ផ្សេង​​​ៗ​ទៀត​ក៏​​ឃើញ​​មាន​ការ​​​កើន​ឡើង​​​​ខុសប្លែក​​​​ជាង​ឆ្នាំ​​​ទៅ​ខ្លះ​​ៗ​​ដែរ ។

លោក​​​សារ៉េត ​​ក៏​បាន​​​បញ្ជាក់​​ដែរថា  ការ​កើន​ឡើង​នេះ​​ដោយ​​សារ​ការ​ចូល​​រួម​​យ៉ាង​​​​សស្រាក់​សស្រាំ​​​​​​ពី​ប្រជា​​​ពលរដ្ឋ​​​នៅ​ក្នុង​​​​ភូមិ​​ ។  លោក​​​បេ្តជ្ញា​​​​ថា បន្ត​ការ​​​ផ្សព្វ​ផ្សាយ​​​​និងអប់រំ​​បន្ត​​​ទៅដល់​ប្រជា​ជន​បន្ថែម​​ទៀត​​ពីសារ​​ប្រយោជន៍​​​នៃការ​​​អភិរក្ស​​ និង​ការ​ប្រើប្រាស់​​​​ធន​ធាន​ធម្ម​ជាតិ​​ប្រកបដោយ​​ស្ថិរភាព ។  តែទោះជា​​យ៉ាង​​​​ណា​ក៏​ដោយ​​ នៅ​មាន​​​​ជន​​ខូច​ខិល​​ប្រហែល​​​ជា​​១០​%​ ​ហើយ​​លោក​នឹង​​​​សហការ​​​ជា​មួយ​​​​សហគមន៍​​ ផ្នែក​​ជលផល​ និង​​ស្ថាប័ន​​​​ពាក់​ព័ន្ធ​​ផ្សេង​​ៗ​​ទៀត​​​ដើម្បី​​​ធ្វើការ​​​​អប់រំ​​​​ដល់​​ពួកគេ​ ។ ​​លោក​​បាន​​​សំណូម​​​ពរ​​ដល់​​​រដ្ឋា​ភិបាល​​ក៏​​​ដូច​ជា​​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​​អង្គការ​​​ក្រៅ​​រដ្ឋា​​ភិបាល​​​​ជួយ​​ជា​ឧបករណ៍​​សម្រាប់​​​​ធ្វើ​​ការ​​​ល្បាត​​​​ការពារ​​​​តំបន់​​អភិរក្ស​​ ដូច​ជា​​ទូក​ម៉ាស៊ីន​ជា​ដើម​។

អ្នក​​ស្រី​​ហ៊ីម ​ប៊ុន​ណូ ​អាយុ​​​៦១​​ឆ្នាំ ​អ្នក​ភូមិ​​​នេះ និង​មាន​​​មុខរបរ​​​លក់​​បន្លែ​​បាន​បន្ត​​ប្រសាសន៍​​​​របស់​​ប្រធាន​​សហគមន៍​​នេសាទ​ កោះ​កាង ហើយ​​​អ្នក​​ស្រី​​​បញ្ជាក់​​​ថា មាន​តែ​​​ប្រជា​​ជន​​៣ទៅ៤​​គ្រួសារ​​​ និង​​​ជន​មក​​ពី​ក្រៅ​​ភូមិ​​ប៉ុណ្ណោះ​​​ដែល​​ធ្វើ​​​ការ​​រុក​រាន​​​នៅ​​តំបន់​​​នោះ ។

លោក​​ហាក់ វិមាន ​អនុប្រធាន​មន្ទីរ​​បរិស្ថាន​​​​ខេត្ត​​​ស្ទឹងត្រែង​​​ និង​ជា​នាយក​​​តំបន់​​​​អភិរក្ស​​ដីសើម​​ «​រ៉ាម​សារ» មាន​ប្រសាសន៍​​ថា តំបន់​​​​​ដី​​​សើម​​​(រ៉ាមសារ) ជាតំបន់​​​មួយ​ដែល​​​ស្ថិត​នៅ​​​ក្នុង​​ស្ថាប័ន​​​អេកូឡូ​ស៊ី​នៅ​​​លើ​ពិភព​លោក ហើយ​​​មាន​​សារ​ប្រយោជន៍​​​ជា​អន្តរជាតិ ។ តំបន់​​​នេះ​ផ្តល់​​​​​សារ​ប្រយោជន៍​​​​ដូច​ជា​ ​ដីដ៏​មាន​​​ជីជាតិ​ មច្ឆជាតិ​​​គ្រប់​​ប្រភេទ​​ គុណ​ភាព​​ទឹក​​ អនុផល​​​ព្រៃឈើ​ រួម​ទាំង​​​​ព្រៃ​លិចទឹក​​​​ដែល​ជា​​ប្រយោជន៍​​​​សម្រាប់​​​ជា​ជម្រក​សត្វ​គ្រប់​​​ប្រភេទ ​​​និង​ជា​​​សារ​ប្រយោជន៍​​​​ផ្សេងៗ​​ដល់​​ប្រជា​ជន​​ដែល​​​រស់​នៅ​​​ពឹង​​អាស្រ័យ​​​លើ​តំបន់​​​​នោះ ។  លោក​បាន​​បញ្ជាក់​​ថា ​ត្រី​មេ​ពូជ​​ជា​ច្រើន​​​​​​ប្រភេទ​​​តែង​តែឡើង​​ទៅ​​​ពង​​​​នៅ​តំបន់​​​នោះ ​បន្ទាប់​​មក​កូន​​ត្រី​​ក៏​បាន​ធ្វើ​​ដំណើរ​​​​ចែក​ចាយ​​​ទៅតាម​​​ទន្លេ​​មេគង្គ​​​ក្រោម​និង​ទន្លេ​​​សាប​ផងដែរ ។

លោក​​​វិមាន​ បានជម្រាប​​ថា  ការ​​កំណត់​​​ដាក់​​ជាតំបន់​អភិរក្ស​​ គឺ​មាន​​​ភាព​​​ងាយ​​ស្រួល​​​​ក្នុង​ការ​​​គ្រប់គ្រង ​​ងាយ​​​​​ស្រួល​​ក្នុង​​​ការ​ចាត់​ចែង​​​​ប្រើ​​ប្រាស់​​​ដោយ​​និរន្តរភាព​ ហើយ​​ជា​ពិសេស​​​​​គឺ​ធ្វើ​​​ឱ្យ​​​​ជីវ​ភាព​​​ប្រជា​ជន​​ដែល​​​ពឹង​លើ​​ធន​ធាន​​​ធម្ម​ជាតិ​​ និង​ផលិត​​ភាព​​កសិកម្ម​​មាន​​ស្ថិរភាព​​ និង​ភាព​​ប្រសើរ​​​ឡើង ។  លោក​​​បញ្ជាក់​ថា សព្វ​​ថ្ងៃ​​​​ដោយ​​​ការសហការ​​ជាមួយ​​គ្នា​​​នៃ​​មន្ទីរ​​​បរិស្ថាន​​​​ខេត្ត​​ នាយក​ដ្ឋាន​​​​ជលផល​ អង្គការ​​​​ក្រៅរដ្ឋា​ភិបាល​​​ និង​អ្នក​​ពាក់ព័ន្ធ​​​ លោក​​បាន​រៀបចំ​​ឱ្យ​មាន​អ្នក​​យាម​ល្បាត​​​ចំនួន​១៥នាក់ នៅ​​​លើ​​​តំបន់​​​​អភិរក្ស​​​​​ដី​​សើម​ (រ៉ាម​សារ​) និង​ការ​​​​សហការ​​ចូល​​​រួម​ពី​​សហគមន៍​​​មូល​ដ្ឋាន​​​​ផងដែរ ។ លោក​​​បាន​បន្តទៀត​ថា​ ដើម្បី​ឱ្យ​​តំបន់​​​​អភិរក្ស​​​​ដី​សើម​​ (រ៉ាម​​​សារ​) ​នេះ​មាន​​​ការរីក​ចម្រើន​​ ​និង​ទាញ​​សារ​​​សំខាន់​​​ក្នុង​រយៈពេល​​យូរ​​​អង្វែង​​​នៅ​តំបន់​​​​ដី​​សើម​​ នៅ​ខេត្ត​​​ស្ទឹង​​​ត្រែង​​ផ្ទាល់​ ​គឺត្រូវ​​​​​ធ្វើ​ការ​​អនុវត្ត​​លើ​មធ្យោ​បាយ​​យុទ្ធ​សាស្ត្រ​ដូចជា ការ​​កសាង​​​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​​នៅ​ក្នុង​​​តំបន់​​​​ ការ​បណ្តុះ​បណ្តាល​​​​ធន​ធាន​​​មនុស្ស​ ​និង​លើ​​កកម្ពស់​​​​ជីវ​ភាពប្រជា​ជន​​​ ការ​​ពង្រឹង​ផ្នែក​​ច្បាប់​ ​និង​ការ​​​សហការ​​​ក្នុង​​ភាព​​ជា​ដៃ​គូ​​ជាមួយ​ស្ថាប័ន​​​ដែល​​ពាក់​ព័ន្ធ​​ជា​​ដើម ។

លោក​ហាក់ ​​វិមាន  ក៏​​បាន​បញ្ជាក់​​​ផង​ដែរ​ថា  រាល់ការ​​​អភិរក្ស​​​ទាំង​អស់​​​​គឺ​ត្រូវ​​​​តែ​មាន​​ការ​​គិត​គូរ​​​​​ពី​ការ​​​អភិវឌ្ឍ​​ផង ​​ព្រោះ​​​ថា​​​កត្តា​​​ទាំង​ពីរ​​នេះ​ ទើប​ជា​​ការ​​ជំរុញ​​ឱ្យ​ជីវ​ភាព​​ប្រជាជន​មាន​​ភាព​​​ប្រសើរ​​​ឡើង និង​ធ្វើ​​ឱ្យ​ប្រទេស​​​ជាតិ​​មាន​ការ​​រីក​​ចម្រើន៕ 
តាមព្រឹត្ត​បត្រ​​ធម្ម​ជាតិ​និង​​ជីវិត​​ខែ​កញ្ញា-តុលា ២០១១