សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងមន្ដ្រីជាន់ខ្ពស់៥រូបរងជំងឺផ្ដាសាយថ្មី (A/H1N1)
ដោយ ៖ ប្រុសកោះ
ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១០:៣០

គេហទំព័របរទេស
លោកនាយករដ្ឋមន្រ្តីពេលប្រជុំគណៈរដ្ឋមន្រ្តី
រាជធានីភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន បានទទួលរងនូវការឆ្លងជំងឺផ្ដាសាយថ្មី (A/H1N1) បង្កឱ្យមានការ យ៉ាប់យ៉ឺនផ្នែកសុខភាពរយៈពេលខ្លី និងជាដើមហេតុរារាំងសម្ដេចមិនឱ្យអញ្ជើញទៅចូលរួមពិធីអបអរសាទរខួបកំណើតបក្សលើទី៥៩ ដោយគ្រូពេទ្យតម្រូវឱ្យនៅព្យាបាលស្ថិតក្នុងកន្លែងសុវត្ថិភាពមួយរយៈសិន។
បន្ទាប់ពីមានការភ្ញាក់ផ្អើលអំពីការឆ្លងជំងឺផ្ដាសាយថ្មី (A/H1N1) ទៅលើសម្ដេចតេជោ ហ៊ុន សែន ក្រុមគ្រូពេទ្យបានធ្វើតេស្ដទៅលើមន្ដ្រីថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត ក៏រកឃើញសញាវិជ្ជមាននៃមេរោគនេះមាននៅលើលោកឧបនាយករដ្ឋមន្ដ្រីយឹម ឆៃលី លោកទេសរដ្ឋមន្ដ្រីឆាយ ថន លោកទេសរដ្ឋ មន្ដ្រីតាវ សេងហួរ លោកគឹម អ៊ិត និងលោកអ៊ិត មិគ ។ មកដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១០ សុខ ភាពរបស់សម្ដេចតេជោ ហ៊ុន សែន បានធូរស្រាលឡើងវិញហើយ អាចធ្វើកិច្ចការមួយចំនួនបានខ្លះ ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចនាយករដ្ឋមន្ដ្រីនៅតែកំពុងទទួលការព្យាបាលរហូតជ្រះស្រឡះសិនដើម្បីកុំឱ្យឆ្លងទៅអ្នកដទៃ ទើបអាចធ្វើការជាចំហបាន ។ ចំណែកមន្ដ្រីជាន់ខ្ពស់ទាំង៥រូប ដែលមានឈ្មោះដូចរៀបរាប់ខាងលើកំពុងទទួលនូវការព្យាបាលយ៉ាងយកចិត្ដទុកដាក់ មិនមានសភាពធ្ងន់ធ្ងរទេ ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ការដែលសម្ដេចតេជោមិនបានអញ្ជើញទៅចូលរួមពីធីអបអរសាទរខួបកំណើតបក្សលើកទី៥៩ ដ៏មានសារសំខាន់នោះ គឺមូលហេតុកុំឱ្យជំងឺរបស់សម្ដេចតេជោធ្លាក់ទៅក្នុងសភាពធ្ងន់ធ្ងរ និងចៀសវាងការឆ្លងរាតត្បាតទៅលើអ្នកផងទាំងឡាយ ។
អាការរោគនេះបានចាប់ផ្ដើមកើតឡើង កាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០១០ នៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីមកម្ល៉េះ គឺប្រជុំរហូតដល់ម៉ោង៧និង១៥នាទីយប់ឯណោះ ទើបបញ្ចប់ ៕