ព្យុះព្រិលបោកបក់នៅប្រទេសចិនធ្វើឱ្យអាកាសធាតុត្រជាក់ខ្លាំង
ដោយ ៖ សាម៉ន
ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០១០ ម៉ោង ១៧:១៣
គេហទំព័របរទេស
ស្ថានភាពព្យុះព្រិលកំពុងយារយីការរស់នៅរបស់ប្រជាពលរដ្ឋចិន
ព្យុះព្រិលបានបោកបក់យ៉ាងខ្លាំងនៅភាគខាងជើងប្រទេសចិន បណ្ដាលឱ្យផ្លូវគោក និងផ្លូវអាកាសត្រូវកកស្ទះជើង ហោះហើរជាច្រើនត្រូវលុបចោល ខណៈដែលក្រុមឧតុនិយមរបស់ចិនរំពឹងថា សីតុណ្ហភាពអាចធ្លាក់ចុះទាបបំផុតក្នុង អំឡុងពេលជាច្រើនទសវត្សក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។
ខ្យល់ត្រជាក់ដែលបោកបក់ពីតំបន់ស៊ីបេរី ធ្វើឱ្យសីតុណ្ហភាពនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងអំឡុងពេល៤០ឆ្នាំ ដោយមានសីតុណ្ហភាពចាប់ពីដក២០ទៅដក៣២ អង្សាសេ នៅតំបន់ហ៊ឺប៉ើយ និងម៉ុងហ្គោលី ក្នុងនៅរវាងថ្ងៃអង្គារ និងថ្ងៃពុធ ទី៥ និង៦ មករា ។ សំរាប់សីតុណ្ហភាពនៅក្នុងទីក្រុងប៉េកាំងរំពឹងថា នឹងស្ថិតនៅក្នុងរង្វង់-១៦ អង្សាសេ ដែល នេះចាត់ទុកថា ជាសីតុណ្ហភាពត្រជាក់បំផុតនៅក្នុងទីក្រុងនេះអស់រយៈពេលជាច្រើនឆ្នាំ ។
សំរាប់តំបន់ដែលត្រជាក់បំផុតនៅប្រទេសចិនស្ថិតនៅតំបន់យេលុងជាំងដែលមានសីតុណ្ហភាពដក៣៦អង្សាសេ ។ ព្រិល ដែលធ្លាក់ចុះច្រើនធ្វើឱ្យសាលាបឋម និងមធ្យមសិក្សាក្នុងទីក្រុងប៉េកាំង និងទីក្រុងធៀនជីនច្រើនជាង៣.៥០០កន្លែងត្រូវបិទ កាលពីថ្ងៃចន្ទ កន្លងទៅ ដោយធ្វើឱ្យសិស្សប្រហែល២,២លាននាក់ ត្រូវឈប់សំរាកក្នុងអំឡុងពេលដើម ឆ្នាំ ។
ក្រៅពីនេះជើងហោះហើរជិត១.២០០ ដែលចុះចតនៅព្រលានយន្ដហោះអន្ដរជាតិក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ត្រូវលុបចោល ឬពន្យារពេលហោះហើរ ។ ក្រៅពីនេះតាមផ្លូវធំៗក្នុងទីក្រុងប៉េកាំង និងទីក្រុងធៀនជីន រួមទាំងនៅក្នុងតំបន់ផ្សេងៗទៀត ដូចជាហ៊ឺប៉ើយ សានស៊ី និងម៉ុងហ្គោលី ក្នុងត្រូវបានបិទការធ្វើចរាចរណ៍ដោយសារព្រិលធ្លាក់ច្រើន កាល ពីព្រឹកថ្ងៃអាទិត្យ រួមទាំងការធ្វើទេសចរណ៍ដោយរថយន្ដក្រុងនៅភាគខាងជើងប្រទេសចិនក៏ត្រូវលុបចោលដែរ ។
គួររំលឹកថា ព្យុះព្រិលដែលមានសភាពធ្ងន់ធ្ងរកាលពីយប់ថ្ងៃអាទិត្យ បានធ្វើឱ្យការធ្វើចរាចរណ៍តាមផ្លូវមានការកកស្ទះជាងមុនក្នុងអំឡុងពេលព្រឹកជាពេលដែលប្រជាជនចេញទៅធ្វើការ ។