ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ល្មើស​កាប់​ប្រហា​ដោយ​ពូថៅ​ខណៈ​​ជន​រង​គ្រោះ​កំពុង​​ដើរ

15 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ បុរស​ម្នាក់​​បាន​ត្រូវ​​ជន​ល្មើស​កាប់​ជា​ច្រើន​ពូថៅ​ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ក្នុង​ខណៈ​ពេល​​ដែល​បុរស​រូប​នេះ កំពុង​ដើរ​តាម​ផ្លូវ​ ​កាល​ពី​ថ្ងៃ​ទី​២ កញ្ញា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៦៨ និង​១៦៩ ស្ថិត​ក្នុង​ភូមិ​តា​ពៅ ឃុំ​ជើង​គោ ស្រុក​ព្រៃ​នប់ វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ។ បុរស​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​នេះ​ឈ្មោះ​ស៊ី នន អាយុ​៤០​ឆ្នាំ រស់​នៅ​ក្រុម​១០ ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ ឯ​ជន​ល្មើស​ឈ្មោះ​កែវ ម៉ី អាយុ​៤១​ឆ្នាំ រស់​នៅ​ក្រុម​៩ ភូមិ-ឃុំ​ជា​មួយ​គ្នា ហើយ​ន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួច​​ក៏​បាន​រត់​គេច​ខ្លួន​បាត់​តែ​ម្តង ។

តាម​មន្ត្រី​​​កង​រាជ​អាវុធ​ហត្ថ​ដែល​ប្រចាំ​ការ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្នាក់​ការ​លេខ​៤០១ បាន​ឱ្យ​ដឹង​ថា មុន​ពេល​​ធ្វើ​សកម្ម​ភាព​១០​នាទី​ ជន​ល្មើស​បាន​រត់​ទៅ​ប្តឹង​លោក​មេ​ភូមិ​ដែល​ខ្លួន​រស់​នៅ​ថា មាន​ក្មេង​ម្នាក់​យក​លាមក​ច្រក​ក្នុង​ស្បោង​គប់​មក​លើ​ម៉ូតូ​របស់​ខ្លួន​ ។ ពេល​នោះ​លោក​មេ​ភូមិ​បាន​សួរ​ថា មាន​ស្គាល់​ក្មេង​នោះ​ដែរ​​ឬ​ទេ ឯ​ជន​ល្មើស​​ឆ្លើយ​ថា អត់​ស្គាល់​ទេ ហើយ​ក៏​ប្រាប់​ឱ្យ​រង់​​ចាំ​ដល់​ថ្ងៃ​ស្អែក ។ បន្ទាប់​មក​ជន​នោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​មួយ​គ្រឿង​​ធុន​សេ​១០០ ពណ៌​ខ្មៅ ស៊េរី​៩៧ ចេញ​ពី​ផ្ទះ​លោក​មេ​ភូមិ​សំដៅ​ទៅ​ផ្ទះ​របស់​ខ្លួន តែ​មិន​ទាន់​ទាំង​បាន​១០​នាទី​ផង លោក​មេ​ភូមិ​ក៏​បាន​ឃើញ​ជន​​នោះ​ជិះ​ម៉ូតូ​កាត់​មុខ​ផ្ទះ​គាត់​សំដៅ​ឡើង​មក​លើ​ផ្លូវ​ជាតិ​ ។ ​បន្តិច​ក្រោយ​​មក​​លោក​មេ​ភូមិ​​ក៏​ឮ​សំលេង​ប្រាវ ​គឺ​​ជន​ល្មើស​បាន​ផ្តួល​ម៉ូតូ​របស់​ខ្លួន ដើម្បី​រត់​មក​កាប​់​ជន​រង​គ្រោះ​ដែល​កំពុង​ដើរ​​តាម​ផ្លូវ​ចំនួន​៤​ពូថៅ​ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្នុង​ខណៈ​នោះ​ដែរ ពេល​ដែល​ជន​ល្មើស​កាប់​​ជន​រង​គ្រោះ​នោះ បុរស​ម្នាក់​ឈ្មោះ​សយ រ៉ន អាយុ​២៥​ឆ្នាំ បាន​ឃើញ​​ក៏​រត់​ទៅ​ជួយ​ ដោយ​​លោត​ធាក់​ជន​ល្មើស​មួយ​ជើង​ តែ​ត្រូវ​ជន​ល្មើស​គ្រវាស​ពូថៅ​ត្រូវ​ដៃ​ខាង​ឆ្វេង បណ្តាល​ឱ្យ​របួស​ស្រាល​ ។ បន្ទាប់​មក​ជន​ល្មើស​ក៏​​បាន​កាន់​ពូថៅ​នៅ​នឹង​ដៃ​រត់​ទៅ​បាត់​ចោល​ទាំង​ម៉ូតូ​ និង​ស្បែក​ជើង ។ មន្ត្រី​សមត្ថ​កិច្ច​​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ករណី​មនុស្ស​ឃាត​នេះ សមត្ថ​កិច្ច​ពុំ​ទាន់​កំណត់​ថា តើ​ជន​ល្មើស​ចោទ​ថា​ជន​រង​គ្រោះ​ជា​អ្នក​យក​លាមក​ច្រក​ស្បោង​ រួច​យក​មក​គប់​លើ​ម៉ូតូ​របស់​ខ្លួន​ ឬ​យ៉ាង​ណា​ទេ ទើប​​បាន​ជា​មក​កាប់​ជន​រង​គ្រោះ​យ៉ាង​សហាវ​បែប​នេះ? តែ​ទោះ​បី​ជា​យា៉ង​ណា​អត្ត​សញ្ញាណ​ជន​ល្មើស​ត្រូវ​បាន​ស្គាល់​អស់​ហើយ ដែល​សមត្ថ​កិច្ច​កំពុង​តាម​ប្រមាញ់ ៕