ខេត្តព្រះសីហនុ ៖ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងមានការចូលរួមពីលោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់ទៀតនារសៀលថ្ងៃទី១៩ ធ្នូ ២០១១ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនូវការហោះហើរត្រង់ពីក្រុងសៀមរាប ទៅកាន់ខេត្តព្រះសីហនុ និងពីក្រុងព្រះសីហនុ ទៅខេត្តសៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ។
លោកប្រធានទីប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី២៧ កក្កដា ២០០៩ ក្រោមការណែនាំចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈជាក្រុមហ៊ុនចំរុះប្រទេសវៀតណាម និងកម្ពុជាជាម្ចាស់ភាគហ៊ុន ក្នុងនោះកម្ពុជាមានភាគហ៊ុនចំនួន៥១% និងវៀតណាមមានភាគហ៊ុនចំនួន៤៩%។
បើគិតរហូតមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានដំណើរការអស់រយៈពេល២ឆ្នាំ៥ខែហើយដោយមានការហោះហើរពីសៀមរាបមកភ្នំពេញ ពីភ្នំពេញទៅសៀមរាប និងពីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយបានប្រើប្រាស់យន្តហោះចំនួន៣គ្រឿង គឺយន្តហោះអ៊ែរបឺស A321 ចំនួន១គ្រឿង យន្តហោះ ABS72 ចំនួន២គ្រឿង សុទ្ធតែថ្មីៗ។
លោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ទាក់ទិននឹងចំនួនភ្ញៀវទេសចរណ៍១០ខែដើមឆ្នាំ២០១១ មានចំនួនភ្ញៀវទេសចរណ៍សរុប២,៣លាននាក់មានការកើនឡើង១៥,៤% ហើយនៅចុងឆ្នាំ២០១១នេះ ភ្ញៀវទេសរណ៍ នឹងមានការកើនឡើងថែមទៀត ហើយនៅចុងឆ្នាំ២០១២ ភ្ញៀវទេសចរណ៍នឹងកើនឡើងរហូត៣លាន២សែននាក់។
មានប្រសាសន៍បើកសម្ពោធកាហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា វាជាមោទនៈភាពថ្មីមួយទៀតសម្រាប់ជាតិយើងក្នុងកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត អង្គរមកកាន់ខេត្តព្រះសីហនុ និងពីកន្លែងមួយទៅកន្លែងមួយទៀត ហើយក៏ជាការចាប់ផ្តើមដំណើរការជាប្រក្រតីឡើងវិញ របស់អាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុផងដែរ ក្រោយពីអាកាសយានដ្ឋាននេះ បានផ្អាកដំណើរការមួយរយៈ៕
ចែករំលែកព័តមាននេះ