ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាច់​គុន​​បុរាណ​​ខ្មែរ​​គឺ​ជា​​​របស់​​​ខ្មែរ​​តែ​មួយ​​គត់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​សហ​ព័ន្ធ​កីឡា​ប្រ​ដាល់​កម្ពុជា​ ក៏​ដូច​​ជា​ប្រ​មុខ​រាជ​រដ្ឋា ភិបាល​ កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ខ្លាំង ក្នុង​ការ​ថែរក្សា​ និង​អភិ​រក្ស​​ក្បាច់​គុន​បុរាណ​ខ្មែរ ​ជា​​ម​រ​តក​វប្ប​ធម៌​ជាតិ​​ខ្មែរ ដែល​ដូន​តា​​បន្សល់​​ទុក​មក​ជា​យូរ​​​​លង់​​ណាស់​មក​​ហើយ​នោះ​​ ស្រាប់​តែ​​​ថ្មី​ៗ​នេះ ​មាន​ជន​​​មួយ​ចំនួន​តូច​​បែ​រ​ជា​នាំ​គ្នា​និយាយ​ថា ​ក្បាច់​គុន​​ខ្មែរ​​ជា​របស់​​ថៃ​ទៅ​វិញ ​។ ​ការ​និយាយ​​​បែប​នេះ ​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ក្បាច់​​គុន​ប្រ​ដាល់​​ខ្មែរ​ជា​ច្រើន​នាក់​ រួម​ទាំង​មន្ត្រី​​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជាផង​ មាន​​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​សហ​ព័ន្ធ​កីឡា​ប្រ​ដាល់​កម្ពុជា​ ក៏​ដូច​​ជា​ប្រ​មុខ​រាជ​រដ្ឋា ភិបាល​ កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ខ្លាំង ក្នុង​ការ​ថែរក្សា​ និង​អភិ​រក្ស​​ក្បាច់​គុន​បុរាណ​ខ្មែរ ​ជា​​ម​រ​តក​វប្ប​ធម៌​ជាតិ​​ខ្មែរ ដែល​ដូន​តា​​បន្សល់​​ទុក​មក​ជា​យូរ​​​​លង់​​ណាស់​មក​​ហើយ​នោះ​​ ស្រាប់​តែ​​​ថ្មី​ៗ​នេះ ​មាន​ជន​​​មួយ​ចំនួន​តូច​​បែ​រ​ជា​នាំ​គ្នា​និយាយ​ថា ​ក្បាច់​គុន​​ខ្មែរ​​ជា​របស់​​ថៃ​ទៅ​វិញ ​។ ​ការ​និយាយ​​​បែប​នេះ ​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ក្បាច់​​គុន​ប្រ​ដាល់​​ខ្មែរ​ជា​ច្រើន​នាក់​ រួម​ទាំង​មន្ត្រី​​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជាផង​ មាន​​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់​បាន​​នាំ​គ្នា​​រិះ​គន់​អ្នក​ដែល​មាន​មាត់​​ចេះ​តែ​និយាយ​​នោះ​ថា ជា​មនុស្ស​មើល​ងាយ​​ជាតិ​សាសន៍​ឯង និង​មិន​មាន​ឈាម​ជ័រ​​​ជា​ខ្មែរ​​ឡើយ​ ។​

លោក​ឧ​ត្តម​សេនីយ៍​តែម ម៉ឺន ប្រ​ធាន​សហ​ព័ន្ធ​កីឡា​ប្រ​ដាល់​កម្ពុជា បាន​ហៅ​ការ​និយាយ​បែប​នោះ​ថា ជា​មនុស្ស​​​លក់​ឧ​ត្តម​គតិ​​ជា​តិ​ខ្មែរ​យ៉ាង​ពិត​ប្រា​កដ​ ​ហើយ​អ្នក​និយាយ​​បែប​នេះ​ គឺ​មាន​ទោស​ស្មើ​នឹង​ក្បត់​ជាតិ​ ។ បច្ចុប្បន្ន​ស​ហ​ព័ន្ធ​កីឡា​ប្រ​ដាល់​កម្ពុជា​ បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​លើក​​កម្ពស់​​​​​ពង្រីក​​​ក្បាច់​​គុន​​បុរាណ​​​ខ្មែរ​ឱ្យ​មាន​​ភាពទូ​លំ​ទូ​លាយ​ និង​ឱ្យ​គេ​បាន​ស្គាល់​​ពាស​ពេញ​ពិ​ភព​លោក​ ហើយ​ក៏​មាន​បណ្តា​ប្រ​ទេស​មួយ​ចំនួន​​ដូច​ជា​បារាំង ​អា​មេរិក កាណា​ដា អូស្ត្រា​លី ជា​ដើម​ គឺ​មានក្បាច់​គុន​បុរាណ​​ខ្មែរ​នៅ​ទី​នោះ រួចទៅ​ហើយ​ ​ ដូច្នេះ​មិន​គួរ​​​​​ណា​ជន​អគ​តិ​ទាំង​នោះ​ហ៊ាន​និយាយ​បែប​នេះ ​សោះ​​។ បើ​សិន​ជា​យើង​​រួប​រួម​គ្នាពង្រីក​​​ក្បាច​់​គុន​បុរាណ​ខ្មែរ​​​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​​នោះ​ ខ្មែ​រ​យើង​នឹង​មាន​ភាព​ល្បី​ល្បាញ​មិន​​ខាន​ឡើយ​ ។

លោក​គ្រូ​​ភុំ​ ណា​គ្រី ​បា​ន​មាន​ប្រ​សាសន៍​​ថា ក្បាច់​គុន​បុរាណ​​ខ្មែរ​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១១៧៧​ និង​១១៨១ ដែល​ក្បាច​់​គុន​​នេះ​មាន​ឈ្មោះ​ថា ​អាត្មា​​យុទ្ធ គឺ​មាន​ន័យ​ថា ជា​ក្បាច់​គុន​ប្រ​យុទ្ធ​​ត​ទល់​​​ម្នាក់​​ទល់​នឹង​ម្នាក់​​ ហើយ​​ក្បាច់​គុន​នេះ​បង្កើត​ឡើង​ដោយ​ព្រះ​បាទ​ជ័យ​វ​​​រ្ម័ន​​ទី​៧​ ។​ មូល​ហេតុ​ដែល​ព្រះ​អង្គ​​​បង្កើត​ក្បាច់​គុន​នេះ​ឡើង​ គឺ​នៅ​ក្នុង​ខណៈ​ពេល​ដែល​ព្រះ​បាទ​​យ​សោ​វ​រ្ម័ន​​ទី​២ ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ​​១១៦៥ ត្រូវ​មន្ត្រី​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូប​​ឈ្មោះ​ទ្រិ​ឃ​វ​មា​ទិត្យវ​រ្ម័ន​​ ​ដណ្តើម​រាជ្យ​ពី​ព្រះ​អង្គ​មក​គ្រប់​គ្រង​​តែ​មិន​បាន​យូរ​ឡើយ​ ។​ ដំណឹង​នេះ​ក៏​បាន​លេច​​ឮ​​ដល់​ព្រះ​បាទ​ជ័យ​វ​​​រ្ម័ន​ទី​៧ ដែរ ដែល​កាល​ណោះ​ព្រះ​អង្គ​មាន​​ព្រះ​នាម​ថា ជ័យ​វ​រ​​ធន ​និង​នៅ​ជា​មេ​ទ័ព​​​របស់ក្រុង​កម្ពុជា​នៅ​ឡើយ​។ ប៉ុន្តែ​ជ័យ​វ​រ​ធន លោក​មក​មិន​​ទាន់ ទើប​​សម្រេច​​ភៀសខ្លួន​មួយ​គ្រា​​សិន​​ចេញ​ពី​នគរ​​​​ ។

ការ​គ្រប់​គ្រង​​នគរ​​របស់​ព្រះ​បាទ​ទ្រិ​ឃ​វ​មា​ទិត្យវ​រ្ម័ន មិន​បាន​យូរ​​ប៉ុន្មាន​​ផង​ក៏​ត្រូវ​ទ័ព​​ចាម​​វាយ​ដណ្តើម​​​កាន់​កាប់​នៅ​ឆ្នាំ​១១​៧៧​​​ ប៉ុន្តែ​ការ​ដណ្តើម​​​កាន់​កាប់​​នេះ​មិន​មែន​លើ​ក្រុង​កម្ពុជា​​ទាំង​ស្រុង​នោះ​ទេ គឺ​នៅ​តែ​តំ​បន់​​នគរ​​វត្ត​ និង​កន្លែង​ខ្លះៗ ​ប៉ុណ្ណោះ​​ ។ ឆ្លៀត​​ឱ​កាស​​ដែល​ព្រះ​បាទ​ជ័យ​វ​​រ្ម័ន​ទី​​៧​ ​ភៀស​ខ្លួន​នេះ​​ហើយ​ដែល​​ព្រះ​អង្គ​បាន​​ពួន​​សម្ងំ​បង្ហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ​ដល់​កង​ទ័ព​ ដើម្បី​វាយ​រំដោះ​​យក​តំ​បន់​​​នគរ​​វត្ត​ និង​ទី​កន្លែង​​ផ្សេង​​​​ទៀត ​ពី​​ទ័ព​ចាម​មក​គ្រប់​គ្រង​វិញ​​ដោយ​ជោគ​ជ័យ​ ។

ព្រះ​បាទ​ជ័យ​វ​​​រ្ម័ន​​ទី​៧ ​សោយ​រាជ​​្យ​​ពី​ឆ្នាំ​១១៨១ ​រហូត​ដល់​ឆ្នាំ​១២០៣ នា​ចុង​សត​វត្ស​​ទី​១២ ​និង​​ដើម​សត​វត្ស​​ទី​១៣ ។ ព្រះ​​អង្គ​មិន​មែន​ជា​ក្សត្រ​ដែល​ខ្លាំង​លើស​គេ​នោះ​ទេ ប៉ុន្តែ​មូល​ហេតុ​ដែល​ព្រះ​អង្គ​​មាន​ព្រះ​នាម​ល្បី គឺ​ដោយ​​សារ​​​នៅ​ក្នុង​រជ្ជ​កាល​​ព្រះ​អង្គ​​​គ្រប់​គ្រង​ ​ព្រះ​អង្គ​មាន​ស្នា​ព្រះ​ហស្ត​ជា​​ច្រើន​ក្នុង​ការ​កសាង​​​​អាណា​ចក្រ​កម្ពុជា ដូច​ជា​ការ​​ក​សាង​មន្ទីរ​ពេទ្យ​ សាលា​រៀន​ សេដ្ឋ​កិច្ច និង​ហេដ្ឋ​រចនា​សម្ព័ន្ធ​​ជា​ច្រើន​ទៀត​ ។ ម្យ៉ាង​ទៀត​​ព្រះ​អង្គ​ខុស​​ ​ពី​ជំនាន់​ព្រះ​បាទ​​ស្រី​រា​មា​​​ ដែល​កាល​ណោះ​ព្រះ​អង្គ​ខ្លាំង​មែន​​ ដណ្តើម​​បាននគរ​​ច្រើន​មែន​ តែបាន​ត្រឹម​​​​យក​​មក​ធ្វើ​ជា​ចំណុះ​តែ​ប៉ុណ្ណោះ​ មិន​បាន​ដណ្តើម​យក​មក​កាន់​កាប់​​ពង្រីក​ទឹក​ដី​ដូច​​ព្រះ​បាទ​ជ័យ​វ​រ​រ្ម័ន​ទី​៧ ​ឡើយ​ ។

បើ​ព្រះ​អង្គ​​ដណ្តើម​​បាន​កន្លែង​​ណា​ហើយ​​ គឺ​យក​មកធ្វើ​​​ជា​អា​ណា​​ខេត្ត​​តែ​ម្តង​​។ និយាយ​​រួម​ទៅ​ ស្នា​​​ព្រះ​ហស្ត​របស់​ព្រះ​បាទ​ជ័យ​វ​​​រ្ម័ន​ទី​៧ បានបន្សល់​ទុក​ឱ្យ​កូន​​ចៅ​ជំនាន់​ក្រោយ​​ច្រើន​រាប់​មិនអស់​ ។​ យ៉ាង​ណា​មិញ ដូច​​ក្បាច់​គុន​បុរាណ​ខ្មែរ​ ព្រះ​​បាទ​ជ័យ​វ​រ្ម័នទី​៧​ ​បាន​ឱ្យ​គេ​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​ជា​​ភស្តុ​តាង​តែ​ម្តង​​ គឺ​សម្រាប់​​ទុកឱ្យ​អ្នក​ជំនាន់​ក្រោយ​​បាន​ដឹង​​បាន​ស្គាល់​គ្រប់ៗ​គ្នា​ ។ ​ពិត​ណាស់​ ក្បាច់​គុន​បុរាណ​ខ្មែរ គឺ​ជា​របស់​ខ្មែរ​តែ​ម្នាក់​​គត់ មិន​អាច​មាន​​អ្នក​​ណា​ម្នាក់​មក​កែ​ប្រែ​​ប្រ​វត្តិ​សាស្ត្រ​របស់​ខ្មែរ​បាន​ឡើយ ៕