ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូរឬមិនដូរ? បទ​ចម្រៀង​ដែល​លោក​ កឹម សុខា ស្រែក​ច្រៀង​នៅ​គ្រប់​ច្រក​ល្ហក​ទាំង​អស់

14 ឆ្នាំ មុន

ដូរឬមិនដូរ? គឺជាបទចម្រៀង​របស់ពួកក្រុម​ក្មេងរត់តាមចញ្ចើមថ្នល់ច្រៀងលេងកម្សាន្ត​សប្បាយ ដើម្បីសុំទារស្ករគ្រាប់ពីម្តាយពេល​មក​ពី​​ផ្សារតែប៉ុណ្ណោះ ប៉ុន្តែ ត្រូវបានមេបក្ស​លោក កឹម សុខា ចាប់យកមកធ្វើជាមធ្យោបាយឃោស​នាបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងតាំងពីឆ្នាំ​២០០៨ រហូតមកដល់បច្ចុប្បន្ន និងបានប្រើ​ពាក្យ​នេះ ក្នុងគោលបំណងចង់ផ្តួលរំលំឬដូររាជ​រដ្ឋា​ភិបាល​កម្ពុជាបច្ចុប្បន្ន ដោយឥតខ្មាសអៀន​ទៅវិញ ។

រៀងរាល់ថ្ងៃ លោកកឹម សុខា ប្រធានគណ​បក្ស​សិទ្ធិមនុស្ស និងក្រុមរបស់ខ្លួន បានដើរ​ស្រែក​​គ្រប់ច្រកល្ហកទូទាំងប្រទេស ដោយការ​ញុះ​ញង់ និងបំផុសប្រជាពលរដ្ឋឱ្យមានគំនិត​ជាតិ​និយម​ជ្រុលក្នុងការផ្លាស់ប្តូររបប ឬប្តូររាជរដ្ឋា​ភិ​បាលដោយប្រើពាក្យថា​​«ដូរឬមិនដូរ?» ។ ត្រង់​​ចំណុចនេះត្រូវបានអ្នកវិភាគនយោបាយ​ឯក រាជ្យ​វាយតម្លៃថា គណបក្សប្រឆាំង ជា​ពិសេស​គណបក្សសិទ្ធិមនុស្សពុំមានស្នាដៃអ្វីក្នុងការជួយ​ចូលរួមស្តារ កសាង និងអភិវឌ្ឍជាតិមាតុភូមិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល​រដ្ឋទេ គឺមានតែសកម្មភាពខំប្រឹងដើរស្រែកជេរ​រាជរដ្ឋាភិបាល ដើម្បីការធ្វើនយោបាយរបស់​ខ្លួន ដែលផ្ទុយពីសកម្មភាពរបស់គណបក្សប្រជា​ជនកម្ពុជា ដែលនៅរួមសុខរួមទុក្ខដោះស្រាយ​បញ្ហាជូនប្រជាពលរដ្ឋដោយផ្ទាល់ ដូចជាការ​សង្គ្រោះពលរដ្ឋពេលមានគ្រោះទឹកជំនន់ ការ​ខិតខំ​ប្រឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានា និង​ចូល​រួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋរស់​នៅដោយសុខដុមរមនាដូចសព្វថ្ងៃ ។ ទាំងនេះ គឺជាទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែល​ត្រូវការគណបក្សប្រជាជនដើម្បីជាដង្ហើមរស់ ជានិច្ចនិរន្តរ៍ ។

ទិសដៅជាសារវ័ន្តរបស់រាជរដ្ឋាភិបាល​គឺ​កសាង​ជាជំហានៗនូវសង្គមកម្ពុជាមួយដែលមាន​សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកប​ដោយ​​ចីរភាព និងសមធម៌ ជាមួយនឹងការគោរព​ខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ​សំដៅលើកស្ទួយនីតិរដ្ឋ ការពារសិទិ្ធ និងសេចក្តី​ថ្លៃថ្នូររបស់មនុស្សគ្រប់រូប ។

តាមរយៈសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់​របស់គណបក្សប្រជាជនកម្ពុជា ដូចបានឃើញ​ផ្ទាល់នឹងភ្នែកនៅតាមមូលដ្ឋាន គឺជាការវាយ​បំបាក់​ទៅលើក្រុមគណបក្សប្រឆាំង ដែលកំពុង​នាំគ្នាឃោសនាអកុសលមួលបំភ្លៃខុសពីការពិត និងបានចោទប្រកាន់ថា ប្រទេសមិនមានការរីក​ចម្រើន​ និងសង្គមជាតិកំពុងជួបនូវទុក្ខព្រួយ។ ការពិតនៅកម្ពុជា មិនអាក្រក់ដូចការចោទ​ប្រកាន់​​ប្រាសចាកពីសច្ចភាពបែបនោះទេ។ ផ្ទុយ​ទៅវិញ កម្ពុជាសព្វថ្ងៃជាប្រទេសគ្មាន​សង្គ្រាម​បង្ហូរ​ឈាម ពុំមានការកាប់សម្លាប់គ្នា ពុំ​មានការ​បំបិទសិទ្ធិសេរីភាព ឬគាបសង្កត់ទៅលើ​ជន​ណា​មួយនោះឡើយ ។ រាជរដ្ឋាភិបាលបាន​និង​កំពុង​លើកកម្ពស់សិទ្ធិសេរីភាព និងសេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និងគោរពបានយ៉ាង​ត្រឹមត្រូវនូវ​ច្បាប់​រដ្ឋធម្មនុញ្ញរបស់ប្រទេស ដើម្បី​ពង្រឹងនីតិ​រដ្ឋនៅកម្ពុជា ។ ត្រង់នេះសបញ្ជាក់​ឱ្យឃើញថា រាជរដ្ឋាភិបាលសព្វថ្ងៃ គឺធានាបាន​នូវស្ថិរភាព​នយោបាយ សន្តិភាពបរិបូណ៌ ដូច​នេះសួរថា តើ​ប្រជាពលរដ្ឋចង់ផ្លាស់ប្តូរថ្នាក់ដឹក​នាំប្រទេសដូច​ការលើកឡើងរបស់គណបក្សសិទ្ធិ​មនុស្សដែរ​ឬទេ ? ចម្លើយដោយមិនបង្អង់យូរ គឺពលរដ្ឋ​គ្រប់​រូបនឹងអាចឆ្លើយបានភ្លាមថា «មិនដូរ​ជា​ដាច់ខាត» ផ្ទុយទៅវិញនឹងរឹតតែ​គាំទ្រថែមទៀត ព្រោះបទពិសោធន៍ប្រទេស​កម្ពុជាបានឆ្លងកាត់​ជាច្រើនជំនាន់មកហើយ ដូចជាប្រជាពលរដ្ឋ​កាល​រស់នៅក្នុងរបបរាជានិយមថា បានសម្បូរ​សប្បាយរីកចម្រើន​ជឿន​លឿន ប៉ុន្តែមានអ្នក​ដឹកនាំខ្លះមិនពេញចិត្តដូច​ជា​​ពួកសាធារណរដ្ឋ​និយមឆ្វេង គឺលោកសេនា​ប្រមុខលន់ នល់ បាន​ធ្វើរដ្ឋប្រហារផ្តួលរំលំ​រាជ​បល្ល័ង្ក គឺការផ្តួលរំលំ​សម្តេចសីហនុ នៅទសវត្ស​ឆ្នាំ​១៩៧០ ។ បន្ទាប់​មក​ដឹកនាំមិនបានប៉ុន្មានឆ្នាំ​ផង​​ក៏មានអំពើពុក​រលួយបក្សពួក ហើយប្រើ​អំពើ​ហិង្សាឃោរឃៅ​ពុករលួយលើសរបបរាជ​ជា​និយមបណ្តាល​ឱ្យមានការបះបោរបង្កើត​ចលនាខ្មែរក្រហម​ផ្តួលរំលំរបបលន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនសង្ឃឹមថា នឹងទទួលបាន​នូវសេរីភាព និង​បាន​មេដឹកនាំប្រទេសកម្ពុជាឱ្យ​ប្រសើរ ប៉ុន្តែគ្រាន់តែ​បីថ្ងៃប៉ុណ្ណោះ អ្នករស់នៅ​ទី​ក្រុង​ភ្នំពេញត្រូវ​បានបង្ខំឱ្យចាកចេញទៅ​ជនបទ និងបានកាប់​សម្លាប់ប្រជាពលរដ្ឋកម្ពុជា​អស់ជាង២លាន​នាក់។

បទពិសោធន៍ទាំងនេះ ត្រូវបានអ្នកវិភាគ​នយោបាយលើកឡើងនៅពេលឮសូរអ្នកនយោ​បាយប្រឆាំងមួយចំនួន ដែលប៉ុនប៉ងចង់ផ្លាស់ប្តូរ​របប គឺវានឹងអាចជាន់ដានស្នាមកង់ប្រវត្តិ​សាស្ត្រ​ដូចរបបមុនៗ គឺនឹងអាចធ្វើឱ្យឈាមខ្មែរហូរ​ស្រក់ជាថ្មីម្តងទៀត ។ ដូច្នេះប្រជាពលរដ្ឋមិន​អនុញ្ញាតឱ្យរបបនោះកើតមានឡើងនោះទេ។

ម៉្យាងទៀត ការបញ្ចប់បាននូវសង្គ្រាមជា​ស្ថាពរ គឺពិតជាកើតមានតាមរយៈនយោបាយ​ឈ្នះ=ឈ្នះរបស់សម្តេចតេជោហ៊ុន សែន នៅ​ចុង​​ឆ្នាំ១៩៩៨ ដែលរចនាសម្ព័ន្ធអង្គការចាត់​តាំង​ខ្មែរក្រហមត្រូវរលំរលាយអស់ និងឈានដល់​មានការបោះឆ្នោតតាមបែបលទិ្ធប្រជាធិបតេយ្យ​សេរីពហុបក្ស និងបន្តពង្រឹងការអនុវត្តគោល​ការណ៍នោះមកដល់សព្វថ្ងៃ ដែលបានផ្តល់​អំណាចឱ្យប្រជាពលរដ្ឋជាម្ចាស់ជោគវាសនា​របស់ប្រជាតិតាមរយៈសំឡេង​ឆ្នោតគាំទ្រ និងដកសេចក្តីទុកចិត្ត។

ដូច្នេះ សកម្មភាពរបស់គណបក្សសិទ្ធិ​មនុស្ស​ដែលចង់ប្តូររបប មិនធ្វើតាមបែបប្រជាធិប​តេយ្យ គឺជាការដើរផ្ទុយពីឆន្ទៈរបស់ប្រជាពល​រដ្ឋ និងអាចចាត់ទុកថា ជាចេតនាចង់ឱ្យមាន​សង្គ្រាមសាជាថ្មី វាជាអំពើញុះញង់ដុតបញ្ឆេះ​កំហឹង និងបណ្តុះគំនិតឱ្យប្រជាពលរដ្ឋស្អប់ខ្ពើម​អ្នកមាន ជានយោបាយសម្លាប់អ្នកមាន គឺវាដូច​គ្នា​នឹងរបបប៉ុលពតអញ្ចឹងដែរ ដែលសកម្មភាព​ទាំងនោះនឹងបង្កឱ្យមាននូវអសន្តិសុខជាតិ និង​ក៏ជាការរំលោភលើច្បាប់របស់ប្រទេស ដែល​រាជរដ្ឋាភិបាលនឹងត្រូវចាត់វិធានការទប់ស្តាត់ ដើម្បីការពារបាននូវច្បាប់រដ្ឋធម្មនុញ្ញដែលជា​ច្បាប់កំពូលរបស់កម្ពុជា ៕  រួមជាតិ