រាជធានីភ្នំពេញ ៖ ពិធីប្រគល់វិញ្ញាបនបត្រ ISO 9001 : 2008 ជូនដល់ក្រុមហ៊ុនជីប ម៉ុង ខនគ្រីត បានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីល្ងាចថ្ងៃទី១៩ សីហា ក្រោមអធិបតីភាពលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងលោកជំទាវ និងមានការចូលរួមពីសំណាក់លោកឧកញ៉ា អស់លោក លោកស្រីជាភ្ញៀវកតិ្តយសយ៉ាងច្រើនកុះករ ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុង ខនគ្រីត បានថ្លែងឱ្យដឹងថា វិញ្ញាបនបត្រISO 9001: 2008 ជាវិញ្ញាបនបត្របញ្ជាក់ពីគុណភាព និងប្រព័ន្ធគ្រប់គ្រងជាលក្ខណៈជាតិពីប្រទេសអង់គ្លេស ។ នេះជាលើកដំបូងបង្អស់ដែលក្រុមហ៊ុនផលិតបេតុងក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានទទួលវិញ្ញាបនបត្រ ISO 9100 : 2008 កំរិតអន្តរជាតិ ហើយនេះក៏ជាការបង្ហាញឱ្យឃើញរឹតតែច្បាស់ថា ប្រទេសកម្ពុជាកំពុងអភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យានិងការគ្រប់គ្រងក្នុងការផលិតបេតុងឈានដល់កំរិតដែលមានលក្ខណៈប្រហាក់ប្រហែលឬស្មើនឹងប្រទេសជិតខាង ។ លោកឧកញ៉ាលាង ឃុន បញ្ជាក់ថា ជោគជ័យ និងមោទនភាពដ៏ធំធេងរបស់ក្រុមហ៊ុនជីបម៉ុង ដែលទទួលបាននៅពេលនេះ អាស្រ័យដោយក្រុមហ៊ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពសំរាប់ការផលិតរួមមានខ្សាច់ ថ្ម ទឹក និងទឹកថ្នាំលាយជាមួយស៊ីម៉ង់ត៍អូដ្ឋ និងឆ្លងកាត់ការលាយតាមក្បួនខ្នាត តាមរយៈវិស្វករជំនាញប្រើបច្ចេកវិទ្យាទាន់សម័យក្នុងការផលិតស្របតាមអ្វីដែលអង្គការ ISO ឯករាជ្យមួយនេះបានកំណត់ទើបយើងទទួលបានវិញ្ញាបនបត្រ ISO 9001:2008 បញ្ជាក់ពីគុណភាព និងការគ្រប់គ្រងនាពេលនេះ ។
ក្នុងឱកាសនោះ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុនជីបម៉ុង ខនគ្រីតដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើនឥតឈប់ឈរ ក៏ដូចជាជួយលើកមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។ ម៉្យាងទៀត ការបង្កើតឱ្យមាននូវរោងចក្រផលិតបេតុងនេះគឺជាការចូលរួមយ៉ាងធំធេងក្នុងការបំពេញនូវតំរូវការចាំបាច់នាពេលបច្ចុប្បន្ន ដែលវិស័យសំណង់អគារធំៗ និងមន្ទីរពាណិជ្ជកម្មជាច្រើនបានរីកដុះដាលឡើង។ ទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីស៊ុយ សែម បានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដែលក្រុមហ៊ុនជីបម៉ុង ខនគ្រីត ទទួលបានវិញ្ញាបនបត្រ ISO9001: 2008 ដែលនេះជាសក្ខីភាពនៃការឈានឡើងលំដាប់អន្តរជាតិក្នុងវិស័យសំណង់ ព្រោះថា វិញ្ញាបនបត្រនេះគឺមានការទទួលស្គាល់ជាលក្ខណៈសាកល ។ ការទទួលបាននូវវិញ្ញាបនបត្រ ISO9001:2008 បញ្ជាក់ពីគុណភាព និងការគ្រប់គ្រងនេះ ក៏បានបង្កើននូវជំនឿទុកចិត្តពីសំណាក់អតិថិជនចំពោះក្រុមហ៊ុនជីបម៉ុងខនគ្រីតកាន់តែខ្លាំងក្លាថែមទៀតផងដែរ៕
ចែករំលែកព័តមាននេះ