ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៦
ប៊ុនរី
ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង
រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញបានរៀបចំបញ្ចូលសមាជិកថ្មីចំនួន៩៩៩នាក់ នៅវត្តស្រះចក កាលពីព្រឹកថ្ងៃទី៩ កញ្ញា ២០១០ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ នាយរងខុទ្ទកាល័យ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងមានការចូលរួមពីក្រុមការងារពង្រឹងខណ្ឌដូនពេញ ព្រមទាំងចៅសង្កាត់ទាំង១១ ។
លោកសុខ សម្បត្តិ ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានថ្លែងក្នុងពិធីនេះថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រលើសលប់ដ៏ត្រចេះត្រចង់នាពេលបោះឆ្នោតកន្លងមក គឺជាការខិតខំប្រឹងប្រែងទាំងអស់គ្នាពីអាណត្តិមួយទៅអាណត្តិមួយទៀត ។ ជាងនេះទៅទៀត ត្រូវគិតគូរជាបន្ត និងត្រូវប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រខិតខំបរក្សាឱ្យបាននូវរបៀបឈ្នះ បច្ចុប្បន្ន និងខិតខំពង្រឹងប្រៀបឈ្នះថែមទៀត ក្នុងការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ឆ្នាំ២០១២ និងឈានទៅដណ្តើមជ័យជំនះជាថ្មីទៀតក្នុងការបោះឆ្នោតសាកលថ្នាក់ជាតិឆ្នាំ២០១៣ ៕