ក្មេងប្រុសដែលមានម្ជុលក្នុងរាងកាយត្រូវបានសង្គ្រោះរួចផុតពីគ្រោះថ្នាក់
ដោយ ៖ សាម៉ន
ថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០១០ ម៉ោង ១៦:៥៨
គេហទំព័របរទេស
ក្មេងប្រុសក្រោយពេលវះកាត់ និងម្ជុលដែលចាក់ចូលក្នុងខ្លួនតាមមន្ដអាគមខ្មៅ
លោករ៉ូប៊ែរតូ ម៉ាហ្គាលហេស អាយុ៣០ ឆ្នាំ បានសារភាពថា រូបគាត់បានចាក់ម្ជុលជាច្រើនដើមចូលទៅក្នុងខ្លួនក្មេងប្រុស ត្រូវជាកូនចិញ្ចឹម តាមវិធី សាស្ដ្រមន្ដអាគមខ្មៅសំរាប់សងសឹកប្រពន្ធដែលមិនព្រមស្រុះស្រួលគ្នា ។
គ្រូពេទ្យជំនាញផ្នែកវះកាត់ក្នុងទីក្រុងស៊ីលវ៉ាឌ័រ ដេបាហ៊ីយ៉ា បានវះកាត់យកម្ជុលចេញពីចំណុចសំខាន់ក្នុងរាងកាយក្មេងប្រុស ជាលើកទី៣ និងជាលើកចុងក្រោយកាលពី ថ្ងៃទី២៨ ធ្នូ កន្លងទៅ ដោយមានម្ជុលចំនួន៤ដើមនៅបំពង់ក ។
ប៉ូលិសបង្ហើបឱ្យដឹងថា លោកម៉ាហ្គាលហេស ជាជាងរៀបឥដ្ឋបញ្ជាក់ថា សហាយស្មន់របស់គេទាមទារឱ្យប្រព្រឹត្ដអំពើសំលាប់កុមារ ដើម្បីសងសឹកប្រពន្ធឈ្មោះនាងម៉ារីយ៉ា សាវសា សានតូស អាយុ ៣៨ឆ្នាំ ។
ស្របពេលជាមួយគ្នានេះ នាងម៉ារីយ៉ា បានបញ្ជាក់ប្រាប់អ្នកកាសែតថា ខ្លួនជឿថា កូនប្រុសក្លាយជាជនរងគ្រោះនៅក្នុងពិធីសែកមន្ដអាគមអប្រិយ ដោយបានប្រទះឃើញភស្ដុតាងជាច្រើនសំរាប់ប្រារឰពិធីមន្ដអាគមនេះ ។
លោកម៉ាហ្គាលហេស ជាឪពុកចិញ្ចឹម (ឪពុកចុង) និងសហាយស្មន់នាងអេនជេលី ណា រីបៃរ៉ូ ដូស សានតូស បានទទួលនូវការចោទប្រកាន់ថា បានព្យាយាមសំលាប់កូនចិញ្ចឹម ដោយរូបគេ (ម៉ាហ្គាលហេស) បានបញ្ជាក់ប្រាប់ទូរទស្សន៍គ្លូបូរបស់ប្រេស៊ីលថា បានចាក់ម្ជុលម្ដងមួយដើមចូលទៅក្នុងខ្លួនកូនចិញ្ចឹមសំរាប់សងសឹកប្រពន្ធ គឺក្នុងមួយខែគេ បានចាក់ម្ជុលចូលចំនួន៣ដង ។
កាលពីមុននេះ មានរបាយការណ៍បញ្ជាក់ថា មានម្ជុលនៅពាសពេញក្នុងរាងកាយក្មេងប្រហែល៥០ដើម ប៉ុន្ដែបច្ចុប្បន្នតាមរយៈការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យបានទទួលជោគជ័យ ដោយក្មេងបានរួចផុតពីគ្រោះថ្នាក់។