ក្រុមហ៊ុនរ៉ែ-ប្រេងនិងឧស្ម័នធំៗនៅប្រទេសកម្ពុជា ត្រូវប្រកាសចំនួនទឹកប្រាក់ដែលបង់ទៅឱ្យរាជរដ្ឋាភិបាល
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៩:៣១
រាជធានីភ្នំពេញ ៖ អង្គការអភិវឌ្ឍន៍អន្ដរជាតិអុកស្វាមអាមេរិក កោតសរសើរព្រឹទ្ធសភាអាមេរិក ដែលបានតំរូវឱ្យការប្រកាសចំណាយរបស់ក្រុមហ៊ុនរ៉ែ ប្រេង និងឧស្ម័នទៅឱ្យរដ្ឋាភិបាលនានា នៅលើពិភពលោក ជាកាតព្វកិច្ចផ្លូវច្បាប់ ។ យោងតាមច្បាប់នេះ ក្រុមហ៊ុនធំៗដែលធ្វើពាណិជ្ជកម្ម ក្នុងទីផ្សារភាគហ៊ុនអាមេរិក រាប់បញ្ចូលទាំង ក្រុមហ៊ុនមួយចំនួន ដែលកំពុងធ្វើអាជីវកម្មលើវិស័យរ៉ែ ប្រេង និងឧស្ម័ននៅកម្ពុជាត្រូវប្រកាសចំនួនទឹកប្រាក់ដែលផ្ដល់ទៅឱ្យរដ្ឋាភិបាលដែលជាផ្នែកមួយនៃរបាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនសំរាប់គណៈកម្មាការមូលបត្រអាមេរិក ។ វិធានការជាប្រវត្ដិសាស្ដ្រនេះ នឹងបង្កើតនូវតម្លាភាពហិរញ្ញវត្ថុនៅក្នុងវិស័យឧស្សាហកម្មរ៉ែ ប្រេង និងឧស្ម័ន និងជួយប្រទេសម្បូរធនធានទូទាំងពិភពលោក ក្នុងការកាត់បន្ថយអំពើពុករលួយ ការគ្រប់គ្រងមិនត្រឹមត្រូវ និងជម្លោះនានា ដែលជារឿយៗជាប់ពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មធនធានធម្មជាតិ ។ អនុប្រធានប្រចាំតំបន់អាស៊ីខាងកើតរបស់អង្គការអុកស្វាមអាមេរិក លោកស្រីម៉ូណា ឡាក់ហ្សូ បាននិយាយថា “ការប្រកាសជាសាធារណៈនូវព័ត៌មានស្ដីពីចំណូល ព្រមទាំងលំហូរចំណូលពីវិស័យនេះទៅក្នុងរដ្ឋាភិបាល មានសារសំខាន់ខ្លាំងណាស់សំរាប់អភិបាលកិច្ចល្អ ដែលវានឹងជួយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងឡាយ ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ ហើយនឹងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងចំណូលដែលបានមកពីធនធានធម្មជាតិ”។
ជាផ្នែកមួយនៃច្បាប់កំណែទំរង់វិស័យ ហិរញ្ញវត្ថុដែលព្រឹទ្ធសភាអាមេរិក បានអនុម័តកាលពីថ្ងៃទី១៥ កក្កដា ច្បាប់ថ្មីនេះ បង្កើតឱ្យមានវិធានមួយសំរាប់ជាបទដ្ឋានតម្លាភាពដែលមានតំលៃទាបសំរាប់ក្រុមហ៊ុន រ៉ែ ប្រេង និងឧស្ម័នទាំងអស់ ដែលបានចុះ ឈ្មោះជាមួយគណៈកម្មការមូលបត្រអាមេរិក ដែលក្នុងនោះមានក្រុមហ៊ុនប្រេងធំៗ បំផុត របស់ពិភពលោកចំនួន៩០ភាគរយ និង៨ក្នុងចំណោម១០ក្រុមហ៊ុនរ៉ែ ដែលធំបំផុត របស់ពិភពលោក ។ នៅក្នុងប្រទេសកម្ពុជា រ៉ែ ប្រេង និងឧស្ម័នមួយចំនួនដែលធ្វើពាណិជ្ជកម្មក្នុងទីផ្សារភាគហ៊ុនអាមេរិក នឹងត្រូវប្រកាសជាសាធារណៈរាល់ចំណាយរបស់ខ្លួន សំរាប់ការធ្វើអាជីវកម្មលើវិស័យរ៉ែ ប្រេង និងឧស្ម័ននៅមុនដំណាច់ឆ្នាំ២០១២ ។ លោក ស្រីម៉ូណា ឡាក់ហ្សូ បាននិយាយថា “ច្បាប់នេះត្រូវបានអនុម័តទាន់ពេលល្អណាស់សំរាប់កម្ពុជា ព្រោះវានឹងផ្ដល់ព័ត៌មានសំខាន់ៗ សំរាប់ប្រជាពលរដ្ឋក្នុងការចូលរួមធ្វើសេចក្ដី សំរេចចិត្ដលើគំរោងអភិវឌ្ឍន៍សំខាន់ៗ សំរាប់អាយុជីវិតរបស់ពួកគេ ។ ព័ត៌មានទាំងនេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋយកទៅ វិភាគលើទំហំនៃប្រាក់ចំណូល និងការចំណាយសាធារណៈទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ការការពារបរិស្ថាន និងចំណាយលើសេវាសុខភាព និងសង្គមនានា” ។ ក្រុមហ៊ុនទាំងឡាយដែលធ្វើអាជីវកម្មលើធនធានរ៉ែ ប្រេង និងឧស្ម័ន នឹងត្រូវបង្ហាញព័ត៌មានពីចំណុចនៅលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របស់ខ្លួន ដែលព័ត៌មាននោះរួមមាន ៖
-ប្រភេទ និងចំនួនទឹកប្រាក់សរុបដែល ក្រុមហ៊ុនចំណាយលើគំរោងនីមួយៗ ។
-ប្រភេទ និងចំនួនទឹកប្រាក់សរុបដែល ក្រុមហ៊ុនចំណាយទៅឱ្យរដ្ឋាភិបាលនីមួយៗ។
ប្រភេទទឹកប្រាក់ចំណាយដែលក្រុមហ៊ុន ត្រូវប្រកាសរួមមាន ពន្ធអាករ ប្រាក់សួយ សាអាករ ប្រាក់ឈ្នួលផ្សេងៗរាប់បញ្ចូលទាំង ការបង់ថ្លៃលើអាជ្ញាបណ្ណធ្វើអាជីវកម្ម ប្រាក់បង់ថ្លៃសំរាប់សិទ្ធិផលិត និងប្រាក់រង្វាន់ជាដើម ។ ជាការពិតទាំងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្រុមហ៊ុន និងរដ្ឋាភិបាលនឹងបានទទួល បានប្រយោជន៍ពីច្បាប់ថ្មីនេះដូចគ្នា ។ អភិបាលកិច្ចទន់ខ្សោយ គឺជាការគំរាមដល់ការធ្វើ វិនិយោគ ហើយដោយសារឧស្សាហកម្មរ៉ែ ប្រេង និងឧស្ម័ន ជាឧស្សាហកម្មដែលទាមទារមូលធនច្រើន ហើយពឹងផ្អែកលើស្ថិរភាព យូរអង្វែងក្នុងការទាញយកផលចំណេញ តម្លាភាពលើការចំណាយអាចជួយកាត់បន្ថយហានិភ័យនយោបាយ និងហោនិភ័យដល់កេរ្ដិ៍ឈ្មោះក្រុមហ៊ុន ។ វាក៏អនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការវាយតំលៃសមស្របទៅលើឱកាសខាតបង់ និងកត្ដាគំរាមដល់កេរ្ដិ៍ឈ្មោះក្រុមហ៊ុន ហើយនឹងការពឹងផ្អែករបស់ក្រុមហ៊ុនទៅ លើប្រតិបត្ដិការនោះ ។ កត្ដានេះក៏អាចរួម ចំណែកដ៏សំខាន់សំរាប់ការអភិវឌ្ឍន៍បង្កើន ភាពប្រកួតប្រជែងរបស់កម្ពុជា និងបរិយាកាសវិនិយោគ ព្រមទាំងលំនឹងនៃកំណើនសេដ្ឋកិច្ចដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល ។ លោកស្រី ម៉ូណា ឡាក់ហ្សូ បាននិយាយថា “ការទទួលបានព័ត៌មានហិរញ្ញវត្ថុដ៏សំខាន់នេះ បង្ហាញឱ្យឃើញឱកាសសំរាប់កម្ពុជា និងតំបន់អាស៊ីខាងកើតទាំងមូល ដើម្បីធានាថា ផលប្រយោជន៍ដែលបានមកពីធនធានធម្មជាតិនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ” ៕
ការប្រកាសរបស់អុកស្វាមអាមេរិក