បូកសរុបការងារការពារតំបន់ជុំវិញបឹងទន្លេសាប លឹម គានហោ ៖ ការបោះបង្គោលគឺកំណត់លើទំហំដី៦៤០ពាន់ហិកតា
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:១៣

កោះសន្តិភាព
មហន្តរាយដុតព្រៃលិចទឹកជុំវិញបឹងទន្លេសាប
រាជធានីភ្នំពេញ ៖ អាជ្ញាធរទន្លេសាបកាលពីថ្ងៃទី១១ សីហា បានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្ដបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី “វិធានការការពារតំបន់ជុំវិញ បឹងទន្លេសាប” ក្រោមអធិបតីភាពលោកឧប នាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។ មន្ដ្រីជាន់ខ្ពស់សំខាន់ៗបានផ្ដល់បទអន្ដរាគមន៍ក្នុងកិច្ច ប្រជុំនេះមាន លោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, លោកណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល, លោកម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមផ្ដល់បទអន្ដរាគមន៍ ពីសំណាក់លោកអភិបាលខេត្ដទាំង៦នៅជុំវិញ បឹងទន្លេសាបផងដែរ ក្នុងនោះមានលោកប្រាជ្ញ ច័ន្ទ អភិបាលខេត្ដបាត់ដំបង, លោកស៊ូ ភិរិន្ទ អភិបាលខេត្ដសៀមរាប, លោកឈុន ឈន់ អភិបាលខេត្ដកំពង់ធំ, លោកខូយ សុខា អភិបាលខេត្ដពោធិ៍សាត់, លោកទូច ម៉ារីម អភិបាលខេត្ដកំពង់ឆ្នាំង និងលោកអ៊ុង អឿន អភិបាលខេត្ដបន្ទាយមានជ័យ ។
លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺធ្វើការពិភាក្សារិះរកយន្ដការដ៏មាន ប្រសិទ្ធភាពនានា ដើម្បីធានានូវនិរន្ដរភាព ការ អនុវត្ដបទបញ្ជាលេខ០១ប.ប របស់រាជរដ្ឋាភិបាលស្ដីពីការចាត់វិធានការការពារតំបន់ជុំវិញ បឹងទន្លេសាប ។ បឹងទន្លេសាបមានគុណប្រយោជន៍ធំធេងណាស់ក្នុងសង្គមខ្មែរយើង ទាំងទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងទេស ចរណ៍ ។ បឹងទន្លេសាបជាបឹងធំជាងគេនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ។ នៅរដូវប្រាំងបឹងនេះ មានទំហំ២៧.០០០គីឡូម៉ែត្រការ៉េ និងមានជំរៅពី១ទៅ២ម៉ែត្រ ប៉ុន្ដែនៅរដូវវស្សាបឹងទន្លេសាបមានទំហំ១៦០.០០០គីឡូម៉ែត្រការ៉េ និង មានជំរៅរហូតដល់៩ម៉ែត្រ ។ លោកឧបនាយក រដ្ឋមន្ដ្រីបានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការ ការពារយ៉ាងម៉ឺងម៉ាត់ ក្នុងការអភិរក្សបឹងទន្លេសាប ដូចមានចែងក្នុងផែនការយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្ដពង្រឹង អភិរក្សធនធានធម្មជាតិ ជាពិសេសលើកកំពស់ ការផ្សារភ្ជាប់ការអភិរក្សទៅនឹងទេសចរណ៍ធម្មជាតិ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបន្ដ ចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះការ ទន្ទ្រានព្រៃលិចទឹក និងការនេសាទដោយខុសច្បាប់ ការនេសាទដោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ និងសកម្មភាពបែបអនាធិបតេយ្យទាំងឡាយដែលធ្វើឱ្យរាំងស្ទះដល់ការងារ អភិរក្សបឹងទន្លេសាប ដោយជំរុញឱ្យមានការ ចូលរួមទប់ស្កាត់ពីអាជ្ញាធរដែនដី និងសមត្ថកិច្ច ពាក់ព័ន្ធនានានៅមូលដ្ឋាន ។
លោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើបទបង្ហាញដោយ គូសបញ្ជាក់ថា ស្ថិតិដែលបានស្រាវជ្រាវក្រោយ ពីបញ្ចប់ប្រតិបត្ដិការទាំង៦ខេត្ដ ក្នុងជំហានទី១ ឃើញថា អាងទឹកដែលមានក្នុងតំបន់៣ ដែល ជាតំបន់ហាមឃាត់មានចំនួន៧៦អាង និងអាងទឹកនៅក្នុងតំបន់២ មានចំនួន១៧៤អាង ។ ក្នុងនោះអាងទឹកនៅក្នុងតំបន់៣ ដែលត្រូវបានរំលាយចោលទាំងស្រុងចំនួន៣៥អាង និងបានកែសំរួលនៅក្នុងតំបន់២មានចំនួន១០អាង ។ ចំពោះទីតាំងនៃអាង និងឈ្មោះម្ចាស់អាងដែល បានបំផ្លាញចោល និងកែសំរួលក៏ដូចជាបណ្ដា អាងសរុបដែលត្រូវបន្ដមានវិធានការ គឺមានឯកសារគ្រប់គ្រាន់ និងបានគោរពផ្ញើជូនសម្ដេច តេជោ ហ៊ុន សែន រួចជាស្រេចផងដែរ ។
លោកលឹម គានហោ បានឱ្យដឹងថា ចំពោះព្រៃលិចទឹកមានចំនួន១៥១ប្រភេទ ក្នុងនោះពពួកដើមឈើមាន៤០ប្រភេទ ពពួកព្រៃ គុម្ពោតមាន៣៨ប្រភេទ ពពួកវល្លិមាន៣៣ ប្រភេទពពួកវារីរុក្ខជាតិមាន១៨ប្រភេទ និងពពួកស្មៅមាន២២ប្រភេទ ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅរដូវទឹកជំនន់ម្ដងៗ បឹងទន្លេសាបបានជួយកាត់បន្ថយនូវជំនន់ ប្រមាណ២០% ពីទន្លេមេគង្គក្នុងបរិមាណទឹក៤៨.០០០លានម៉ែត្រគូប ។ ទន្ទឹមនោះនៅមាន បណ្ដាស្ទឹងសរុប១៩ ក្នុងនោះយើងបានគិតតែ ស្ទឹងចំនួន១១ ដែលបានហូរចាក់ចូលបឹងទន្លេសាប ដែលមានបរិមាណទឹកប្រចាំឆ្នាំ២៤.០០០ លានម៉ែត្រគូប ។ លោកបានលើកជាសំណួរថា បើសិនជាបឹងទន្លេសាបត្រូវគោករាក់ហើយទំហំផ្ទៃបឹងរួមតូច តើបរិមាណទឹកសរុបរហូតដល់ទៅ៧២.០០០លានម៉ែត្រគូបនោះ ត្រូវយកទៅទុកនៅឯណា? ពេលនោះមហន្ដរាយនឹងកើត មានឡើងជាមិនខាន ។
លោកលឹម គានហោ បានឱ្យដឹងទៀតថា កន្លងមកយើងបានបោះ បង្គោលថ្នាក់ជាតិបានចំនួន១៦៧បង្គោល និងបង្គោលរងបានចំនួន១២១បង្គោល ហើយទិសដៅបន្ដទៀតត្រូវសំរេចឱ្យបាន១០០% ។ ការបោះបង្គោលថ្នាក់ជាតិ ឬបង្គោលមេដែលបាន បញ្ចប់ហើយនោះបានកំណត់លើទំហំដី ៦៤០.០០០ហិកតា ដែលមិនអាចផ្លាស់ប្ដូរបាន ។ មានមតិមួយចំនួនបានលើកឡើងថា ការបោះបង្គោលកន្លងមក បានប៉ះពាល់លើដីរបស់ប្រជាពលរដ្ឋ ប៉ុន្ដែការសំរេចចុងក្រោយ គឺអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បន្ទាប់ពីមានការប្រជុំពិភាក្សាឯកភាពរវាងអាជ្ញាធរទន្លេសាប គណៈកម្មការចំរុះថ្នាក់ជាតិ រួមនឹងគណៈកម្មការចំរុះ ថ្នាក់ខេត្ដត្រូវបានធ្វើនៅពេលខាងមុខ ។ ផែននេះនឹងមិនដកថយនោះឡើយ ៕