ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​​​អង់​គ្លេស​​ម្នាក់​ដេក​​ស្លា.ប់​​​ក្នុង​​​សណ្ឋាគារ​​​​ហូម​ថោន​​សង្ស័យជក់​គ្រឿងញៀ.ន

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសជនជាតិអង់គ្លេស ម្នាក់បានត្រូវ​គេប្រទះឃើញដេកស្លា.ប់ក្នុងបន្ទប់ លេខ៣០៦នៃសណ្ឋាគារហូមថោន ដែលមាន ទីតាំង​​អាសយដ្ឋាន​លេខ៣៥Eo ផ្លូវលេខ១៧២ ភូមិទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពី​វេលាម៉ោង៧និង៣០នាទី​យប់​ថ្ងៃទី១៣ ខែ​កញ្ញា។ ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា

រាជធានីភ្នំពេញ ៖ បុរសជនជាតិអង់គ្លេស ម្នាក់បានត្រូវ​គេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ លេខ៣០៦នៃសណ្ឋាគារហូមថោន ដែលមាន ទីតាំង​​អាសយដ្ឋាន​លេខ៣៥Eo ផ្លូវលេខ១៧២ ភូមិទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពី​វេលាម៉ោង៧និង៣០នាទី​យប់​ថ្ងៃទី១៣ ខែ​កញ្ញា។ ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា បុរស​នោះ ស្លាប់ដោយសារការប្រើប្រាស់គ្រឿង​ញៀនហួសកម្រិត ព្រោះក្នុងបន្ទប់ស្នាក់នៅរបស់​ជនជាតិ​​​អង់​គ្លេស​​រូបនេះ​រកឃើញម្សៅក្រាម​ពណ៌សមួយកញ្ចប់តូច ។

មន្ត្រីសមត្ថកិច្ចនិយាយថា បុរសជនជាតិអង់ គ្លេសដែលស្លាប់នេះ​ឈ្មោះNOLAN JAMES PETER អាយុ៤១ឆ្នាំ កាន់​លិខិតឆ្លងដែនលេខ ៧០៧៧២០៤២៤ ចូលប្រទេសកម្ពុជាតាម​ច្រកប៉ោយប៉ែតជាអ្នកទេសចរ ។ បុរសជន​ជាតិ​អង់គ្លេសរូបនេះ​បានចូលមកស្នាក់នៅក្នុង​សណ្ឋា​គារហូមថោនតាំងពីថ្ងៃទី២ ខែកញ្ញា វេលាម៉ោង​៥និង៣០នាទីល្ងាច ​និងបានផ្លាស់ប្តូរបន្ទប់​ស្នាក់​នៅ​ជាច្រើនលើក ។ លុះនៅថ្ងៃទី១២ កញ្ញា ​បាន​សម្រេច​ស្នាក់នៅបន្ទប់លេខ៣០៦ ហើយនៅ​វេលា​ម៉ោង៧យប់ថ្ងៃដដែលបានចេញពីបន្ទប់​មកអង្គុយ​លេងខាងក្រោមនិងបើក​អ៊ីនធើរណេត​បាន​ប្រហែលជា៣០នាទីទើបឈប់រួចមក​អង្គុយ​លេង​នៅមុខសណ្ឋាគារព្រមទាំងផឹកស្រាបៀរ​អស់​បីកំបុ៉ង បន្ទាប់មកក៏ទិញបន្ថែមយួរឡើង​ទៅ​​​កាន់​បន្ទប់ដេក។

ប្រភព​​ដដែល​​បន្ត​ទៀត​ថា លុះនៅថ្ងៃទី១៣​ខែ​កញ្ញា វេលាម៉ោង៩​ព្រឹក​បុរសរូបនេះចេញពី​បន្ទប់មកបើកអុីនធើរ​ណេតហើយក្រោយមក​ទៀតក៏ទៅបាត់រហូត​ដល់ម៉ោង១២ថ្ងៃត្រង់​ថ្ងៃ​ដដែលទើបត្រឡប់មកវិញនិង​ចូលស្នាក់នៅ​ក្នុង​បន្ទប់ ។ នៅវេលាម៉ោង៧និង​៣០នាទីយប់ថ្ងៃ​ដដែលអ្នកទទួលខុសត្រូវ​សណ្ឋាគារបានឱ្យបុគ្គ​លិក​ទៅគោះទ្វារបន្ទប់​របស់ជនរងគ្រោះពីរ​បី​ដង​តែមិនមានការឆ្លើយ​តបក៏កើតការសង្ស័យ​ហើយឱ្យបុគ្គលិកយកសោ​ទៅចាក់បន្ទប់។ ខណៈពេលចាក់សោហើយ​នោះ ស្រាប់តែ​ឃើញ​បុរសជនជាតិអង់គ្លេសរូបនេះ​ស្លាប់​ក្នុង​ស្ថាន​ភាព​​ដេក​ផ្ងារនៅលើគ្រែទើបរាយការណ៍ឱ្យ​សមត្ថកិច្ច​ចុះ​ទៅពិនិត្យ ។

មន្ត្រីសមត្ថកិច្ចមួយរូបដែលចូលរួមពិនិត្យ​សពបានបង្ហើបឱ្យដឹងថា សមត្ថ​​កិច្ច​បានរក​ឃើញ​ម្សៅក្រាមពណ៌សដែល​សង្ស័យជា​គ្រឿង​ញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់តូច ដូច្នេះ​ការ​​ស្លាប់របស់ជនជាតិអង់គ្លេស​រូប​នេះទំនង​ដោយ​សារការប្រើប្រាស់គ្រឿងញៀនហួសកម្រិត។ ក្រោយ​ពីពិនិត្យរួច សមត្ថកិច្ច​ក៏បានប្រគល់​សព​ឱ្យទៅ​តំណាងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា​យក​ទៅតម្កល់ទុកនៅសាលដាក់សពនៃមន្ទីរ​ពេទ្យកាល់​ម៉ែត ។

គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ​២០១០​មាន​បុរសជនជាតិអង់គ្លេសពីរនាក់បានស្លាប់​ក្នុង​បន្ទប់តែមួយនៃសណ្ឋាគារហូមថោននោះដែរ​ហើយសមត្ថកិច្ចបានអះអាងថា បុរសទាំងពីរ​​នាក់នោះស្លាប់​ដោយសារប្រើប្រាស់គ្រឿង​ញៀន​ហួសកម្រិត បណ្តាលឱ្យគាំងបេះដូង ៕