រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបម្រាមដ៏ដាច់ណាត់មួយរបៀបប្រើដំបងដែកមិនឱ្យក្លឹបកម្សាន្ត ឬខារ៉ាអូខេមានសន្តិសុខជាកម្លាំងប្រដាប់អាវុធរបស់រដ្ឋដូចជា ប៉ូលិស ប៉េអឹម ឬទាហានទៅកាងនោះទេ បើមានត្រូវឆាប់ដកខ្លួនជាបន្ទាន់ បើអាជ្ញាធររាជធានីត្រួតពិនិត្យឃើញត្រូវតែទទួលការដាក់ពិន័យ ។
លោកកែប ជុតិមា បានដាក់បម្រាមបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំខែនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៥ កញ្ញា ឆ្នាំ២០១១ បន្ទាប់ពីមានករណីទំនាស់បាញ់ប្រហារនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៤ កញ្ញា ឆ្នាំ២០១១ នៅចំណុចមុខក្លឹបរាត្រីឌីជេស្តេសិន ក្នុងខណ្ឌទួលគោក ដែលជនសង្ស័យជាសន្តិសុខយាមឱ្យក្លឹបនេះនិងជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានបាញ់បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ។
ទាក់ទិនទៅនឹងជម្លោះផ្ទុះអាវុធបណ្តាលឱ្យស្លាប់នេះ លោកកែប ជុតិមា ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានស្នើឱ្យសមត្ថកិច្ចជំនាញធ្វើការបញ្ជូនជនសង្ស័យទៅតុលាការតែម្តង ដោយមិនឱ្យបញ្ជូនទៅសាមីស្ថាប័ន ឬកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលជាកន្លែងធ្វើការរបស់ជនសង្ស័យនោះទេ ហើយត្រូវតែផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ក្នុងកិច្ចប្រជុំនោះលោកកែប ជុតិមា បានដាក់ចេញនូវបម្រាមដាច់ណាត់មួយ ហើយលោកក៏បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ រួមទាំងសមត្ថកិច្ចជានគរបាល និងកងរាជអាវុធហត្ថត្រូវចុះស្រង់ស្ថិតិតាមក្លឹបកម្សាន្ត ឬខារ៉ាអូខេជាដើម នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានហ្មត់ចត់ ។ បើពិនិត្យឃើញនៅមានសន្តិសុខក្លឹបកម្សាន្តនោះជាកម្លាំងសមត្ថកិច្ចរបស់រដ្ឋនោះតម្រូវឱ្យដកខ្លួនចេញជាបន្ទាន់។ ហើយប្រសិនបើការត្រួតពិនិត្យលើកក្រោយនៅមានដដែលនោះ ទាំងម្ចាស់ក្លឹបកម្សាន្ត ឬខារ៉ាអូខេ ឬសាមីខ្លួនត្រូវទទួលការដាក់ពិន័យតាមផ្លូវច្បាប់។
លោកកែប ជុតិមា បានរំលឹកផងដែរថា លោកនៅតែប្រកាន់និន្នាការយ៉ាងច្បាស់លាស់ឱ្យតែមានការបាញ់បោះនៅក្នុង ឬមុខហាង ឬក្លឹបកម្សាន្ត អាជ្ញាធររាជធានីភ្នំេពញតម្រូវឱ្យបិទ
អាជីវកម្មនោះទាំងស្រុង។
ចំណែកឯបញ្ហាសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងរាជធានីភ្នំេពញ នាពេលបច្ចុប្បន្ននេះអាជ្ញាធរសង្កាត់ ខណ្ឌហាក់ដូចដេកលក់ មិនអើពើក្នុងការរៀបចំនោះទេ។ េហតុនេះចាប់ពីពេលនេះតទៅត្រូវតែជំរុញការរៀបចំឱ្យបានប្រសើរជាងមុន។ លោកថ្លែងថា អាជ្ញាធរសង្កាត់ខណ្ឌក៏មិនត្រូវភ្លេចនូវការរៀបចំប្រជុំជាសាធារណៈសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិ បើសង្កាត់ឬខណ្ឌណាធ្វើមិនបានគួរត្រូវបានដកចៅសង្កាត់នោះចេញ។
ក្នុងកិច្ចប្រជុំប្រចាំខែសម្រាប់ខែកញ្ញា ឆ្នាំ២០១១ នៅសាលារាជធានីភ្នំពេញបានលើកយករបៀបវារៈចំនួន៦គឺ
ទី១-លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព
ទី២-ការដោះស្រាយផលប៉ះពាល់គម្រោងសាងសង់ស្ពានជ្រោយចង្វាទី២
ទី៣-ការត្រៀមជួយរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២
ទី៤-គម្រោងស្ថាបនាសួនច្បារមាត់ទន្លេពីខាងជើងជ្រោយចង្វាដល់ឃ្លាំងសាំងសូគីម៉ិច
ទី៥-ការងារប្រមូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ២០១១
ទី៦-ស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ចំណែកឯបញ្ហាផ្សេងៗសម្រាប់កិច្ចប្រជុំនោះសាលារាជធានីភ្នំពេញ បានលើកយករបៀបវារៈចំនួនពីរមកពិភាក្សាគឺទី១ សេចក្តីណែនាំស្តីពីពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងទី២ គម្រោងចុះសួរសុខទុក្ខកងទ័ពនៅសមរភូមិមុខ ៕
ចែករំលែកព័តមាននេះ