ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រា​ចារ្យ​ព្រីង សា​ឃន ​ហៅ​តា​ជូ​ជក់​សុខ​ភាព​កាន់​តែ​​ទ្រុឌ​ទ្រោម

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាស្ត្រា​ចារ្យ​ព្រីង សា​ឃន ហៅ​តា​ជូ​ជក់ ដែល​ឆ្នាំ​នេះ​មាន​អាយុ​៧៥​ឆ្នាំ ​​ទៅហើយ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​រស់​​ក្នុង​ជីវភាព​លំ​បាក ជា​មួយ​សុខ​ភាព​ទ្រុឌ​ទ្រោមយ៉ាង​ខ្លាំង និង​​ជាពេល​ដែល​អាច​និយាយ​បានថា គួរ​តែ​មាន​ការ​ជួយ​ឧ​បត្ថម្ភ​ក្នុង​កម្រិតណា​មួយ​ពី​សប្បុរស​ជន ឬសហ​គមន៍​ ឬ​ក៏គោល​ន​យោ​បាយ​

រាជធានី​ភ្នំពេញ ៖ សាស្ត្រា​ចារ្យ​ព្រីង សា​ឃន ហៅ​តា​ជូ​ជក់ ដែល​ឆ្នាំ​នេះ​មាន​អាយុ​៧៥​ឆ្នាំ ​​ទៅហើយ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​រស់​​ក្នុង​ជីវភាព​លំ​បាក ជា​មួយ​សុខ​ភាព​ទ្រុឌ​ទ្រោមយ៉ាង​ខ្លាំង និង​​ជាពេល​ដែល​អាច​និយាយ​បានថា គួរ​តែ​មាន​ការ​ជួយ​ឧ​បត្ថម្ភ​ក្នុង​កម្រិតណា​មួយ​ពី​សប្បុរស​ជន ឬសហ​គមន៍​ ឬ​ក៏គោល​ន​យោ​បាយ​របស់​រដ្ឋ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ​ក្នុងចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​​គ្រាន់​បើ​​លោក​ព្រីង សា​ឃន នៅ​តែ​​ត​ស៊ូ​ទាំង​ការ​លំ​បាក​សព្វ​បែប​យ៉ាង​ជិះ​ម៉ូតូ​ឌុប​ទៅ​បង្រៀន​​សិស្ស​​របស់​លោក​នៅ​ឯ​សា​កល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។

ជួប​ជា​មួយ​អ្នក​​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​កាល​ពី​ថ្មី​ៗ​នេះ​លោក​សាស្ត្រាចារ្យ​ព្រីង សាឃន មាន​ប្រ​សាសន៍​ថា តប​តាម​កម្លាំង​ និង​សុខ​ភាព​​ទ្រុឌទ្រោម​ដូច​សព្វ​ថ្ងៃ​នេះ ​គាត់​គួរ​តែ​ត្រូវ​បាន​បោះ​បង់​​ចោល​ការ​ងារ​ជា​អ្នក​បង្រៀន​សិស្ស​ នៅ​សាកល​វិទ្យា​ល័យ​នោះ​ទៅ​ហើយ ប៉ុន្តែ​​អ្វី​ដែល​ជំរុញ​ឱ្យ​គាត់​ត​ស៊ូ​ទាំង​លំ​បាក​នោះ​គឺ ទឹក​ចិត្ត​ស្រ​ឡាញ់​វិស័យ​សិល្បៈ និង​ចង់​ថែរ​ក្សា​ការ​ពារ​​រួម​ទាំង​លើក​កម្ពស់​វិស័យ​នេះ​ឱ្យរីក​ចម្រើន​ឡើង​ទើប​លោក​មិន​​ត្អូញ​ត្អែរ​ និង​ពុះ​ពារ​រាល់ការ​លំ​បាក​ទាំង​អស់​​នោះ​។​
តាម​ការ​ពិនិត្យ​ទៅ​លើ​សុខ​ភាព​លោក​សាស្ត្រា​ចារ្យ​ព្រីង សា​ឃន ហាក់​ដូច​ជា​​ទ្រុឌ​ទ្រោម​មែនទែន ​សម​នឹង​​កាយ​សម្ប​​ទា​របស់​លោក​ពី​កំណើត​ដែល​មិន​សូវ​សម្បូរ​សាច់​មាន​តែ​គ្រោង​ឆ្អឹង​ទៀត​នោះ​ គេ​មិន​នឹក​​ស្មាន​ថា ​លោក​អាច​នឹង​ធ្វើ​ដំណើរ​តាម​​ម៉ូតូ​ឌុប​ទៅបង្រៀន​សិស្ស​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​​ឆ្ងាយ​នោះ​បាន​ទេ​។ ប៉ុន្តែ​ប្រា​កដ​ណាស់​ លោកនៅ​តែ​មាន​ទឹក​ចិត្ត​គោ​រព និង​ស្រ​​លាញ់​វិ​ស័យ​​សិល្បៈ វប្ប​ធម៌ ​ដែល​ជា​​និមិត្ត​រូប​នៃ​ព្រ​លឹង​ជាតិជា​ដ៏រាប។

សាស្ត្រា​ចារ្យ​ព្រីង សា​ឃន កំពុង​តែ​រស់​នៅ​ក្នុង​លំនៅ​ឋាន​​ដ៏​តូច​ចង្អៀត​ជា​មួយ​ភរិយា​​ដែល​មាន​វ័យ​ប្រ​ហាក់​ប្រ​ហែល​គ្នា​ ហើយ​ទ្រព្យ​សម្បត្តិ​​​​ក្នុង​ផ្ទះ​របស់​លោក​មើល​ទៅ​ហាក់​ដូច​​ជា​គ្មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ឡើយ ​ក្រៅតែពីពី​ដុង និង​ដប​សាំង​ដែល​​ជា​មុខ​របរ​បន្ថែម​របស់​លោក​ និង​ក្រុម​គ្រួ​សារ គឺ​គ្មាន​អ្វី​ទាំង​អស់​។

លោក​សាស្ត្រា​ចារ្យ​​ព្រីង សា​ឃន ​បាន​ចូល​ប្រ​ឡូក​​ក្នុង​វិ​ស័យ​​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៥៦ ហើយ​បាន​​​ជាប់​សញ្ញា​បត្រ​ឌី​ប្លូម​ផ្នែក​ល្ខោន​និយាយ​ និង​បាសាក់​នៅ​ឆ្នាំ​១៩៦០។ លោក​មាន​ឈ្មោះ​ល្បី​​ល្បាញ​ជា​តួ​សម្តែង​​ត្លុក​បើក​​ឆាក​​​ល្ខោន​យី​កេ​ រឿង​ទំ​ទាវ និង​រឿង​​​អា​ជៃ​មី​គ្រត ​ហើយ​គេ​ស្គាល់​ និង​កោត​សរសើរ​ទេព​កោ​សល្យ​សម្តែង​របស់​លោក​ខ្លាំង​មែន​ទែន​នោះ​ គឺ​តាម​រយៈ​​រឿង​ព្រះ​វេ​ស្សន្តរ​ ជាតក ដែល​លោក​​សម្តែង​ជា​តា​ជូ​ជក់​នោះ​ឯង​។ បច្ចុប្បន្ន​លោក​​​​ជា​សាស្ត្រា​ចារ្យ​ផ្នែ​ក​ល្ខោន​និយាយ​ និងល្ខោន​បាសាក់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ តាំង​ពី​សម័យ​មុន​រហូត​មក​ដល់​សម័យ​​បច្ចុប្បន្ន​លោក​សាស្ត្រាចារ្យ​ព្រីង ​សា​ឃន ​បាន​ផ្ញើ​វាសនា​ និង​ជីវ​ភាព​ប្រ​ចាំថ្ងៃ​​លើ​វិ​ស័យ​សិល្បៈ​និង​មិន​មាន​មុខ​របរ​ផ្សេង​នោះ​ឡើយ​។

តាម​រយៈ​កោះ​សន្តិ​ភាព​សាស្ត្រា​ចារ្យ​ព្រីង សា​ឃន អំពាវ​នាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​​របស់​​ស្ថា​ប័ន​គ្រប់​ជាន់​ថ្នាក់​រួម​ទាំង​សប្បុរស​ជន​ ចំពោះ​សិល្ប​ករ និង​សិល្ប​​ការិនី ដែល​មាន​វ័យ​ចាស់​ជរា ជី​វភាព​ក្រ​លំបាក និង​បាត់​បង់​សមត្ថ​ភាព​ពល​កម្ម​ ដូច​រូប​លោក​ដើម្បី​​ជា​ការ​បង្ហាញ​នូវស្មារតី​សាមគ្គី​ភាព​របស់​សហ​គមន៍​​ផង និង​​ដើម្បី​​​លើក​ស្ទួយ​វិ​ស័យ​សិល្បៈ​នៅ​កម្ពុជា​ផង​។ លោក​បន្ថែម​ថា តាម​រយៈ​​នៃ​​ទំព័រ​កា​ែសត​កោះ​សន្តិ​ភាព​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​នេះ ​ការ​អំពាវ​នាវ​របស់​លោក​​នឹងឮ​ទៅ​ដល់​គ្រប់​ម​ជ្ឈ​ដ្ឋាន​មិន​ខានពិសេស​ប្រ​មុខ​ដឹក​នាំ​ជាតិ លោក​​បាន​ជ្រាប​។

ទន្ទឹម​នឹង​នោះ​លោក​មិន​ភ្លេច​នូវ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ ដែល​បាន​សម្ភាសន៍​ និង​ផ្តិត​យក​រូប​ភាព​ពីជី​វិត​របស់​លោក​ដល់​គេ​ហ​ដ្ឋាន​ ដែល​កន្លង​មក​មិន​ដែល​មាន​អ្នក​​សារ​ព័ត៌​មាន​​ណា​មួយ​ចាប់​អារម្មណ៍​ចំពោះ​ជី​វភាពក្រ​លំ​បាក​របស់​អ្នក​សិល្បៈ​ដែលមាន​វ័យ​ចំណាស់​​ដូច​ជារូបលោក​នោះ​ឡើយ៕