លោកថាក់ស៊ីនចេញ-ចូលអារ៉ាប់រួមពេលណាក៏បាន ឥទ្បូវកំពុងស្ថិតក្នុងទីក្រុងឌូបៃ
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សៅរ៍ ទី ២០ ខែ មិនា ឆ្នាំ ២០១០

រូបភាពពីវ៉េបសាយបរទេស
លោកថាក់ស៊ីន
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងនៅតាមគេហទំព័ររបស់លោកកាលពីវេលាថ្ងៃត្រង់ទី១៩ មីនា នេះថា ពេលនេះរូបលោកបានទៅដល់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមហើយដែលនេះគឺជាការឆ្លើយតបបញ្ជាក់ឱ្យកាន់តែច្បាស់ដល់សាធារណជន និងលោកអាប់ភីស៊ីត អំពីសម្ព័ន្ធមត្រីភាពរបស់លោកជាមួយប្រទេសអារ៉ាប់រួម ។មុននេះលោកអាប់ភីស៊ីត បាននិយាយសំអុយថា លោកថាក់ស៊ីន ត្រូវរដ្ឋាភិបាលអារ៉ាប់រួមបណ្ដេញពីប្រទេសឥឡូវនេះការ អញ្ជើញទៅដល់ប្រទេសអារ៉ាប់រួមរបស់លោកថាក់ស៊ីន គឺជាការវាយបក និងផ្ទុយស្រឡះទៅនឹងការអះអាងរបស់ក្រសួងការបរទេសថៃដែលថា លោកថាក់ស៊ីននឹងត្រូវហាមមិនឱ្យចូលប្រទេសអារ៉ាប់រួមទៀតឡើយ ។ ការទៅដល់ក្រុងឌូបៃរបស់លោក ថាក់ស៊ីន គឺសំពងយ៉ាងដំណំមួយទៅលើរដ្ឋាភិបាលលោកអាប់ភីស៊ីត ។
ខណៈក្រុមអាវក្រហមចាប់ផ្ដើមធ្វើមហាបាតុកម្មចូលមកដល់ក្រុមបាងកក រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ លោកកាស៊ីត ភិរម្យ បានអះអាងថា លោកថាក់ស៊ីនត្រូវបានរដ្ឋាភិបាលអារ៉ាប់រួមបណ្ដេញចេញពីប្រទេសហើយមិនអនុញ្ញាតឱ្យចូលអារ៉ាប់រួមទៀតឡើយ ។ ប៉ុន្ដែទោះបីជាបែបណាក៏ដោយពេលនេះ (ថ្ងៃត្រង់ទី១៩ មីនា) លោកថាក់ស៊ីន បានអញ្ជើញទៅដល់ប្រទេសអារ៉ាប់រួមរួចទៅហើយ ។ជាមួយគ្នានេះដែរលោកណុបប៉ាដុន ប៉ាតាម៉ា អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសថៃ និងជាទីប្រឹក្សាផ្នែកច្បាប់របស់លោកថាក់ស៊ីន បានថ្លែងបញ្ជាក់ថា លោកថាក់ស៊ីន អាចធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួមនៅពេលណាក៏បាន ។