លោកថាក់ស៊ីននឹងបញ្ជាក់ឱ្យច្បាស់អំពីការចេញ-ចូលប្រទេសអារ៉ាប់រួម
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១៩ ខែ មិនា ឆ្នាំ ២០១០
តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា រហូតដល់ថ្ងៃនេះ (ទី១៩ មីនា) លោកថាក់ ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ កំពុងស្នាក់នៅក្នុងប្រទេសម៉ុងតេណេក្រូ នៅឡើយទេ ប៉ុន្ដែលោកអតីតនាយករដ្ឋមន្ដ្រីរូប នេះបានបង្ហើបឱ្យដឹងថា រូបលោកនឹងវិលត្រឡប់ទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមវិញ ក្រោយពីបញ្ចប់ទំនាក់ទំនងផ្នែកជំនួញរបស់លោកជាមួយប្រទេសម៉ុងតេណេក្រូ ។ជាមួយគ្នានេះដែរ យោងតាមព័ត៌មានចុងក្រោយបានឱ្យដឹងថា នៅថ្ងៃនេះផងដែរ (ទី ១៩ មីនា) លោកថាក់ស៊ីន នឹងបង្ហាញឱ្យឃើញច្បាស់ដល់សាធារណជន និងលោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត អំពីបញ្ហាថាតើអារ៉ាប់រួមនៅតែស្វាគមន៍រូបលោកឬក៏អត់ព្រោះថ្មីៗនេះ ទាំងលោកអាប់ភីស៊ីត និងក្រុម និយមជ្រុលរបស់លោកបាននិយាយសំអុយថា រដ្ឋាភិបាលអារ៉ាប់រួមបានបណ្ដេញរូបលោកចេញពីប្រទេស ។លោកថាក់ស៊ីន បានធ្វើដំណើរទៅកាន់ ប្រទេសម៉ុងតេណេក្រូ ហើយស្នាក់នៅទីនោះ កាលពីចុងសបា្ដហ៍មុន គឺចំថ្ងៃដំបូងនៃការធ្វើមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលលោកអាប់ភីស៊ីត របស់ក្រុមអាវក្រហម ។ គេសង្ឃឹមថា នៅថ្ងៃនេះលោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត នឹងបានដឹងច្បាស់ហើយថាតើលោកថាក់ស៊ីន អាចត្រូវអនុញ្ញាតឱ្យចូលប្រទេសអារ៉ាប់រួម ទៀតឬក៏អត់ ?