ចោរប្លន់២នាក់សារភាពថា ពិតជាមានគំរោងប្លន់ទ្បានប្រាកដមែន
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សៅរ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១០
ខេត្ដកណ្ដាល ៖ ចោរប្លន់រថយន្ដកាមរី ប្រភេទឆ្លាមមួយគ្រឿង មានគ្នា២នាក់ ដែល រៀបនឹងសំរេចទៅហើយ ប៉ះចំរថយន្ដអស់ សាំង ក៏យកទៅប្លុងចោលនោះបានសារភាព ថា ពួកគេពិតជាមានគំរោងប្លន់បែបនេះ ប្រាកដមែន ហើយមិនតែប៉ុណ្ណោះ បានត្រៀម ខ្លួនតាំងពីពាក់កណ្ដាលខែកុម្ភៈម្ល៉េះ សំរាប់អំពើប្លន់នេះ ។ជនជាប់សង្ស័យខាងលើម្នាក់ឈ្មោះសុខ សុធា អាយុ៣៧ឆ្នាំ ជាបុគ្គលិកនៅអង្គការ មួយ... និងម្នាក់ទៀតឈ្មោះប៉ែន សុផល អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។សូមបញ្ជាក់ថា ជនជាប់សង្ស័យទាំង២ នេះបានប្លន់ថយន្ដកាមរីមួយគ្រឿងប្រភេទឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២J-៦៦១៣ កាលពីរសៀលថ្ងៃទី១១ មីនា នៅភូមិ សាស្ដ្រឃុំព្រែកឯង ហើយបើករត់រហូតអស់សាំង និងប្លុងចោលនៅឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ ប៉ុន្ដែរយៈពេលប្រមាណ៣ម៉ោង ក្រោយមកពួកចោរប្លន់ពីរនាក់នេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។
ពេលប្លន់បានបន្ដិចក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទទួលពាក្យបណ្ដឹងពីម្ចាស់រថយន្ដក៏ប្រកាសកំលាំងពួនស្ទាក់ទើបប្រទះ ឃើញរថយន្ដខាងលើនេះ និងស្រាវជ្រាវចាប់ ខ្លួនពួកចោរទាំងពីរនោះ នាំយកមកសាកសួរ គឺនាំពួកគេចេញពីព្រៃតែម្ដង ។ម្ចាស់រថយន្ដខាងលើឈ្មោះអ៊ឹម ចាន់តារា អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា រូបគេត្រូវចោរប្លន់២នាក់បាន ប្រើល្បិចធ្វើជាទិញរថយន្ដរបស់ខ្លួននៅក្នុង រាជធានីភ្នំពេញ ហើយថា ទៅយកលុយថ្លៃ រថយន្ដនៅធនាគារអេស៊ីលីដាផ្សារច្បារអំពៅ ។ លុះធ្វើដំណើរដល់ច្បារអំពៅក៏ឱ្យ ខ្លួនជាម្ចាស់រថយន្ដបន្ដទៅយកលុយនៅ សាខាធនាគារអេស៊ីលីដាស្រុកកៀនស្វាយ វិញ ។ ពេលធ្វើដំណើរដល់ភូមិសាស្ដ្រឃុំ ព្រែកឯង ពួកចោរប្លន់បានយកឧបរណ៍ឆក់ មកឆក់ខ្លួន ដែលពេលនោះហើយទើបដឹងថា ជាអំពើប្លន់ ហើយក៏ប្រវាយប្រតប់គ្នា ។ ប៉ូលិសបាននិយាយថា ពួកចោរបានច្រាន ម្ចាស់រថយន្ដទម្លាក់ចេញពីឡាន ហើយបើករត់ទៅរហូតអស់សាំង ។