ខាងតុលាការរង់ចាំការបញ្ជូនលោកផ្កាយ១ដើម្បីបើកការសាកសួរនិងចោទប្រកាន់
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សៅរ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១០
ក្រុងព្រះសីហនុ ៖ មកដល់ម៉ោងនេះ (ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២មីនា) លោកឧត្ដមសេនីយ៍ត្រី កែវ មុន្នីសូកា ហៅកែវ សូកា ដែលជាអ្នកដៃដល់ក្នុងការប្រើអំពើហិង្សាទៅលើគ្រូបង្រៀន និងក្មេងប្រុសម្នាក់កំពុងស្ថិតនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថនៅឡើយ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងពិនិត្យឃើញថាគាត់មានកំហុស ។ចំណែកខាងមន្ដ្រីតុលាការខេត្ដព្រះសីហនុឯណោះវិញ បានឱ្យដឹងថាព្រះរាជអាជ្ញារង់ចាំតែខាងកងរាជអាវុធហត្ថបញ្ជូនខ្លួនគាត់ មកតែប៉ុណ្ណោះដើម្បីបើកការសាកសួរភ្លាមៗ និងឈានទៅធ្វើការចោទប្រកាន់ ។ នេះជារឿងរសើបនិងខុសទំនងខ្លាំងណាស់ដែលយោធាថ្នាក់ខ្ពស់ម្នាក់ប្រើអំណាចប៉ះដៃយកដៃប៉ះជើងយកជើងជាមួយអ្នកទន់ខ្សោយ ដោយខ្វះការពិចារណាបែបនេះ ។លោកកែវ មុន្នីសូកា ឧត្ដមសេនីយ៍ត្រី មូលដ្ឋានសមុទ្ររាម ត្រូវបានកងរាជអាវុធហត្ថខេត្ដព្រះសីហនុធ្វើការឃាត់ខ្លួនកាលពី វេលាល្ងាចថ្ងៃទី១១ មីនា នៅទីបញ្ជាការដ្ឋានកងរាជាអាវុធហត្ថខេត្ដ ខណៈដែលឧត្ដមនាវីត្រីម្នាក់នេះ ឆ្លើយបំភ្លឺមិនត្រឹមត្រូវជាច្រើនចំណុច ។ ការឃាត់ខ្លួននេះគឺមានដំណើរស្របគ្នាទៅនឹងអនុសាសន៍របស់សម្ដេច តេជោ ហ៊ុន សែន ដែលប្រកាសហាមមិនឱ្យនាយទាហានយកតួនាទីទៅប្រើប្រាស់ខុសច្បាប់ឃុបឃិតជាមួយឈ្មួញទុច្ចរិតគំរាមកំហែងប្រជាពលរដ្ឋបាញ់បោះផ្ដេសផ្ដាស ។
ឧត្ដមសេនីយ៍ផ្កាយ១ជើងទឹកសមុទ្ររាម កែវ មុន្នីសូកា ត្រូវបានចោទប្រកាន់ថា វាយគ្រូបង្រៀនស្រីពីរនាក់កាលពីថ្ងៃទី៥ មីនា នៅក្រុមទី១១ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយថាកូនប្រុសជំទង់ របស់លោកបានវាយសិស្សសាលាអាយុ១០ឆ្នាំម្នាក់ទ្យេតនៅសាលាដែលកូនស្រីរបស់លោករៀនគឺសាលា International Home of English ។ ប៉ុន្មានថ្ងៃក្រោយមកលោកត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការស៊ើបអង្កេតនិងឃាត់ខ្លួនគាត់បណ្ដោះអាសន្នដោយសារមានបណ្ដឹងនិងពិនិត្យឃើញថា គាត់ប្រព្រឹត្ដខុស... ។លោកហ៊ីង សុភឿន នាយករងសាលា ខាងលើបានមានប្រសាសន៍ថា អំពើហិង្សារបស់លោកកែវ មុន្នីសូកា និងកូនប្រុសរបស់លោកបានកើតឡើងនៅពេលក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បានប្រទះឃើញសត្វអណ្ដើកមួយក្បាល ហើយបានយកវាទៅបន្លាចកូនស្រីអាយុ១៤ឆ្នាំរបស់លោកឧត្ដមសេនីយ៍រូបនោះ បន្ទាប់មកនាងបានទូរស័ព្ទទៅឪពុករបស់នាងប្រាប់ពីហេតុការណ៍នេះ ។ ពេលនោះហើយអំពើហិង្សាពីសំណាក់លោកឧត្ដមសេនីយ៍បានកើតឡើង។