រៀបចំបើកការប្រកួត“ពានរង្វាន់សម្ដេចតេជោ អុកចត្រង្គ”នៅដើមខែមេសាខាងមុខនេះ
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សៅរ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១០
(រូបថត សំអូន)
ទិដ្ឋភាពនៃការប្រកួតលេងអុកកន្លងមក
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាអុកកម្ពុជាបានធ្វើការប្រកាសជាសាធារណៈថាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មេសា នឹងមានព្រឹត្ដិការណ៍នៃការប្រកួតកីឡាអុកដ៏ធំមួយ ដែលពុំធ្លាប់មានគឺជាការប្រកួតដែលមានឈ្មោះថា “ពានរង្វាន់សម្ដេចតេជោអុក ចត្រង្គ” ឆ្នាំ២០១០ ។ចំពោះការចូលរួមប្រកួតសហព័ន្ធតំរូវឱ្យកីឡាករ-កីឡាការិនីដែលមានអាយុចាប់ពី៨ឆ្នាំឡើងទៅអាចមកចុះឈ្មោះចូលរួមប្រកួតបាន ។ ការប្រកួតនេះទៀតគឺធ្វើនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានក្ដារអុកចំនួន១០០ដាក់តំរៀបគ្នានៅទីនោះ និងត្រូវការឱ្យមានអ្នកចូលរួមទាំង២ភេទរហូតដល់ទៅដល់២០០នាក់ ។ ព្រឹត្ដិការណ៍ប្រកួតកីឡាអុកដ៏ធំនេះគឺមានកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធកីឡាអុកកម្ពុជានិងមានការចូលរួមពីមន្ដ្រីបច្ចេកទេសនៃសហព័ន្ធកីឡាអុកអន្ដរជាតិទៀតផង ។លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាសែតមួយដែលបាន ធ្វើឡើងកាលពីថ្ងៃពុធកន្លងមកថាកីឡាករ- កីឡាការិនី ដែលមានអាយុចាប់ពី៨ឆ្នាំឡើង ទៅអាចមកចូលរួមចុះឈ្មោះប្រកួតបានរហូតដល់ថ្ងៃទី២៥ ខែមីនាកន្លែងទទួលពាក្យគឺនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកដែលមានទីតាំងនៅខាងក្រោយវិទ្យាល័យយុគន្ធរចាប់ពីម៉ោង៨ព្រឹកតទៅ ។គេអាចចាត់ទុកថា ការប្រកួតលើកនេះគឺជាព្រឹត្ដិការណ៍ដ៏ធំបំផុតដែលពុំធ្លាប់មានពីមុនមកឡើយប្រាក់រង្វាន់លេខ១ មានរហូតដល់ទៅ៥.០០០ដុល្លារ លេខ២ ៣.០០០ដុល្លារ និងលេខ៣ ទទួលបាន២.០០០ដុល្លារ សហរដ្ឋអាមេរិក ។
ប៉ុន្ដែបើតាមការឱ្យដឹងពី លោកលី ហួត ប្រធានសហព័ន្ធកីឡាអុកកម្ពុជាបានប្រាប់ថា អ្នកដែលត្រូវចូលរួមប្រកួតមុននឹងឈានទៅរកជ័យជំនះត្រូវអនុវត្ដឱ្យបានតាមបទបញ្ជាផ្ទៃក្នុងនៃការប្រកួតដែលក្នុងនោះគណៈកម្មការបានសំរេចដាក់វិញាសាប្រកួតម្នាក់ទល់ម្នាក់ ។ រីឯរូបមន្ដប្រកួតវិញមាន២គឺរូបមន្ដប្រកួតជំរុះ និងរូបមន្ដវិលជុំអាស្រ័យលើបរិមាណនៃអ្នកចូលរួមប្រកួត ។ តាមច្បាប់នៃការប្រកួតកីឡាអុក គឺកីឡាករកីឡាការិនីដែលបានកាន់កូនអុក ហើយត្រូវតែដើរកូនអុកនោះជាចាំបាច់ ។ បើកាន់ហើយមិនព្រមដើរទំលាក់ចុះវិញចាត់ទុកថាជាអ្នកចាញ់ដោយស្វ័យប្រវត្ដិ ។ ក្នុងករណីដើរច្រឡំលើកទី១ត្រូវទទួលការព្រមានពីអាជ្ញាកណ្ដាល ។ ប៉ុន្ដែបើមានលើកទី២ គឺប្រកាសឱ្យចាញ់ដោយស្វ័យប្រវត្ដិ ។ ការចេញដំណើរកូនអុកដំបូងរហូតដល់ចប់ការប្រកួតដូចជា ខុន នាង គោល និងត្រី ត្រូវប្រកាន់ការដើរតែ១ក្រឡាប៉ុណ្ណោះ ។ កំណត់ការប្រកួតក្នុង១ក្ដារមានរយៈពេល៤៥នាទីសំរាប់កីឡាករម្នាក់ៗ ហើយការកំណត់នៃការប្រកួតមានចំនួន៣ក្ដារ បើស្មើគ្នាត្រូវថែម១ក្ដារទៀតរហូតរកឃើញអ្នកឈ្នះនិងអ្នកចាញ់ ។លោកហៀង រិទ្ធ អ្នកស្រាវជ្រាវប្រវត្ដិអុកមកពីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រវត្ដិកីឡាអុកខ្មែរ គឺគេបានរកឃើញតាំងពីឆ្នាំ១១១៣មកម្ល៉េះ ដែលមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ដ ហើយកាលដែលខ្មែរសម័យនោះនាំគ្នា ហៅថា “អុក” នោះគឺដោយសារតែមេទ័ពសម័យនោះប្រើក្បួននៃការលេងអុកនេះ ដើម្បីយកមកប្រើក្បួនទ័ពធ្វើសង្គ្រាម ។
ដូច្នេះវិធីលេងអុកនេះក៏ជាយុទ្ធសាស្ដ្រនៃការធ្វើសឹកសង្គ្រាមផងដែរ ។ ដូច្នេះអ្វីដែលជាការបែងចែកមានអុកខ្មែរឬអុកថៃនោះ គឺមិនពិតទេពីព្រោះមានការបង្ហាញជាក់ស្ដែងនៅតាមជញ្ជាំងអង្គរវត្ដជាភស្ដុតាងស្រាប់ ។ ដូច្នេះអុកខ្មែរបានកើតឡើងមុនប្រទេសថៃកើតម្ល៉េះ ។ លោកវ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា ការបង្កើតឱ្យមានការប្រកួតកីឡាអុក ឬចត្រង្គដែលទទួលបាន ការគាំទ្រពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះសំខាន់គឺចង់លើកស្ទួយ និងថែរក្សាកេរមរតកជាតិខ្មែរឱ្យបានគង់តែប៉ុណ្ណោះ ហើយទៅថ្ងៃអនាគតនឹងមានការផ្សព្វផ្សាយកីឡាករអុកខ្មែរឱ្យបានពាសពេញពិភពលោក ។ ជាពិសេសលោកនឹងព្យាយាមធ្វើយ៉ាងណាឱ្យកីឡាអុកនេះក្លាយទៅជាវិញ្ញាសាមួយដែលមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេម ប្រសិនបើខ្មែរយើងមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ ។ បច្ចុប្បន្នកីឡាអុកមានលេងដូចគ្នានៅប្រទេសឡាវ ថៃ និង ភូមា ។លោកលី ហួត បានមានប្រសាសន៍ថាកីឡាអុកខ្មែរយើងមានប្រវត្ដិច្បាស់លាស់ប៉ុន្ដែសំរាប់ប្រទេសចិនវិញ មិនមានប្រវត្ដិច្បាស់លាស់នោះទេ ។ បើនិយាយពីកំណើតអុកនេះទៀត គឺកើតក្រោយខ្មែរាប់រយឆ្នាំឯណោះ ។ ដូច្នេះយើងទាំងអស់គ្នាគួរតែនាំគ្នាអភិរក្សកីឡាអុកនេះឱ្យបានល្អសំរាប់ជាកេរតំណែលកូនចៅជំនាន់ក្រោយជាបន្ដទៀត ។