ថ្ងៃ១៤មីនាបាតុករអាវក្រហម១លាននាក់ចូលក្រុងបាងកក
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ មិនា ឆ្នាំ ២០១០
(រូបថតកាសែតថៃ)
កម្លាំងប៉ូលិ់សសៀមត្រៀមទប់នៅក្រុងបាងកក និងរូបតូចក្រុមបាតុករអាវក្រហម
យោងតាមព័ត៌មានដែលចេញផ្សាយតាមគេហទំព័រ MCOT នៅថ្ងៃទី១០ មីនា បានឱ្យដឹងថា ប្រទេសថៃកាលពីពេលថ្មីៗកន្លងមកបានទទូចសុំឱ្យអារ៉ាប់រួមបណ្ដេញលោកថាក់ ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីចេញពី ប្រទេសដោយចោទថា លោកថាក់ស៊ីនបាននិងកំពុងប្រើប្រាស់ប្រទេសអារ៉ាប់រួមជាមូលដ្ឋាននយោបាយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលថៃបច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់លោក អាប់ភីស៊ីត វ៉េចាជីវ៉ា ។ តាមព័ត៌មានដដែលបានដកស្រង់សំដីលោក Chavanont Intarakomalsut ជំនួយការលោកកាស៊ីត ភិរម្យ ដែលបានថ្លែងថាក្រសួងការបរទេសថៃបានរកឃើញការពិតថា លោកអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីនបានប្រើប្រាស់អារ៉ាប់រួមធ្វើជាមូលដ្ឋានសំរាប់សកម្មភាពនយោបាយរបស់លោកក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលលោកអាប់ភីស៊ីត ។ លោក Chavanont បានថ្លែងទៀតថា ដោយរកឃើញពិតដូច្នេះលោក កាស៊ីត ភិរម្យ រដ្ឋមន្ដ្រីក្រសួងការបរទេសបានស្នើដល់លោក Mohammed Ali omran Al Shamsi ឯកអគ្គរាជទូតអារ៉ាប់រួមប្រចាំប្រទេសថៃឱ្យពាំនាំពីល្បិចរបស់លោកថាក់ ស៊ីនទៅជំរាបរដ្ឋាភិបាលរបស់លោក ។ក្រោយពីទទួលបានសំណើពីលោកកា ស៊ីតលោក Mohammed បានសន្យាថា នឹងពាំនាំសំណើរបស់លោកកាស៊ីតជំរាបជូនរដ្ឋាភិបាលរបស់លោកក្នុងពេលឆាប់ៗខាងមុខនេះ តាមការដែលអាចធ្វើទៅបាន ។ នេះបើតាមការថ្លែងរបស់លោក Chavanont ដោយលោកបានថ្លែងបន្ថែមទៀតថា ក្រសួងការបរទេសថៃរំពឹងថានឹងទទួលបានការឆ្លើយតបយ៉ាងពេញចិត្ដពីប្រទេសអារ៉ាប់រួមក្នុងពេលឆាប់ៗនេះ ។លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត នាយករដ្ឋមន្ដ្រីថៃបានរស់នៅនិរទេសនៅក្នុង ប្រទេសអារ៉ាប់រួមដោយលោករស់នៅក្នុងទី ក្រុងឌូបៃ ដែលជាទីក្រុងធំមួយរបស់អារ៉ាប់ រួម ក្រោយពីរូបលោកត្រូវបានទំលាក់ពី តំណែងនៅក្នុងរដ្ឋប្រហារយោធាមិនបង្ហូរ ឈាមកាលពីខែកញា ឆ្នាំ២០០៦ កន្លងមក។ ក្រោយពីត្រូវបានទំលាក់ពីតំណែងជានាយក រដ្ឋមន្ដ្រី លោកថាក់ស៊ីនត្រូវបានតុលាការកាត់ ទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ហើយ ទ្រព្យសម្បត្ដិភាគច្រើនរបស់លោកត្រូវបាន បង្កកក្នុងធនាគារ និងកាលពីពេលថ្មីៗកន្លង មកត្រូវបានតុលាការកំពូលសំរេចរឹបអូស ចំនួន១,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ។លោក Chavanont បានថ្លែងថា ក្រសួង ការបរទេសមិនអាចកំណត់ពីកាលបរិច្ឆេទ សំរាប់លោកថាក់ស៊ីនចាកចេញពីអារ៉ាប់រួម ទេ ពីព្រោះវាអាស្រ័យលើអារ៉ាប់រួម ។ ជា មួយគ្នានេះដែរបានស្នើដល់ក្រសួងការបរទេសឱ្យបកប្រែសាលដីកាពីការសំរេច របស់តុលាការកំពូលចំពោះករណីរឹបអូស ទ្រព្យសម្បត្ដិដែលត្រូវបានបង្កករបស់លោក ថាក់ស៊ីនទៅជាភាសាអារ៉ាប់ដើម្បីដាក់ជូនទៅរដ្ឋាភិបាលអារ៉ាប់រួម ។ទាក់ទិនទៅនឹងការធ្វើមហាបាតុកម្មរបស់ក្រុមអាវក្រហមតាមព័ត៌មានដែលចេញផ្សាយតាមគេហទំព័រ MCOT នៅថ្ងៃទី១១ ខែមីនា បានដកស្រង់សំដីលោកស៊ូថេប ធឿក ស៊ូបាន ឧបនាយករដ្ឋមន្ដ្រីថៃដែលបានថ្លែង នៅថ្ងៃព្រហស្បតិ៍ ទី១១ មីនា ថា កងកំលាំង ចំនួន៥០.០០០នាក់ ដែលក្នុងនោះមានយោធាមិនប្រដាប់ដោយអាវុធចំនួន៣០.០០០ នាក់ ប៉ូលិសចំនួន១០.០០០នាក់ និងជនស៊ីវិលចំនួន១០.០០០នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងក្រុងបាងកកដើម្បីរក្សាសណ្ដាប់ធ្នាប់និងសន្ដិសុខ ។ លោកស៊ូថេបបានថ្លែងបន្ដទៀតថា ជនស៊ីវិលមិនត្រូវបានអនុញ្ញាតឱ្យពាក់ឯកសណ្ឋាន ឬប្រើប្រាស់ឯកសណ្ឋានក្លែងក្លាយ ឬសំលៀកបំពាក់ដែលបង្ហាញពីឋានៈឡើយ ប្រសិនបើអ្នកណាមិនគោរពនឹងត្រូវចាប់ខ្លួនយកមកកាត់ទោសតាមផ្លូវច្បាប់ ។ក្នុងឋានៈជាអ្នកគ្រប់គ្រងកិច្ចការសន្ដិសុខជាតិ លោកឧបនាយករដ្ឋមន្ដ្រីស៊ូថេបបានទទូចដល់ក្រុមបាតុករអាវក្រហមធ្វើយ៉ាងណាត្រូវតែគោរពច្បាប់ បើមិនដូច្នេះទេកងកំលាំងសន្ដិសុខនឹងបង្ក្រាបបាតុកម្មរបស់ពួកគេដោយអនុវត្ដតាមស្ដង់ដាអន្ដរជាតិ ។ លោកឧបនាយករដ្ឋមន្ដ្រីបានព្រមានផងដែរថា អ្នកដែលបង្កឱ្យមានអំពើហិង្សានឹងត្រូវប្រឈមមុខនឹងកំលាំងសន្ដិសុខរបស់រដ្ឋាភិបាល ។លោកស៊ូថេបបានថ្លែងថា ដោយច្បាប់សន្ដិសុខផ្ទៃក្នុងចូលជាធរមាននៅថ្ងៃទី១១ មីនាហើយនោះ ក្នុងអំឡុងពេលនៃការប្រមូលផ្ដុំរបស់ក្រុមអាវក្រហមនឹងមានប៉ូលិស និងទាហាន៣០០នាក់ត្រូវដាក់ពង្រាយនៅបរិវេណខាងក្រៅភូមិគ្រឹះរបស់លោកអាប់ភីស៊ីត ។ទោះបីជាបែបណាក៏ដោយមេដឹកនាំក្រុមអាវក្រហមបានប្រកាសសាជាថ្មីម្ដងទៀតថានឹងប្រមូលផ្ដុំអ្នកគាំទ្រឱ្យបាន១លាននាក់ដើម្បីចូលរួមធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលលោកអាប់ភីស៊ីត ។លោក Nattawut Saikua ជាមេដឹកនាំក្រុមអាវក្រហមមួយរូបបានថ្លែងថា ទោះបីជាមានរបាំងរារាំងមិនឱ្យក្រុមបាតុករអាវក្រហមចូលក្នុងទីក្រុងបាងកកក៏ដោយក៏ក្រុមអាវក្រហមនឹងព្យាយាមចូលក្នុងទីក្រុងបាង កកឱ្យខាងតែបានដោយនាំគ្នាសំរុកបំបែករបាំងនោះ ។ លោក Nattawut បានថ្លែងទៀតថា អ្នកគាំទ្រក្រុមអាវក្រហមចំនួន១លាននាក់នឹងចូលដល់ទីក្រុងបាងកកត្រឹមថ្ងៃទី១៤ មីនា ។
- មេដឹកនាំក្រុមអាវក្រហមថាមិនខ្លាចច្បាប់អាជ្ញាសឹកដោយបានចាត់ទុកថា “ជាការគូររូបខ្លាបន្លាចគោ”
លោកចាទូផន ព្រំផាន មេដឹកនាំក្រុមអាវក្រហមបានបញ្ជាក់ថា ទោះជារដ្ឋាភិបាលចេញច្បាប់រឹតបន្ដឹងក៏ដោយក៏មិនអាចហាមឃាត់ការធ្វើបាតុកម្មរបស់ក្រុមអាវក្រហមបានដែរ ។ ចំណែកលោកណាត់វុធ សាយកឿ មេដឹកនាំក្រុមអាវក្រហមមួយរូបទៀតបានឱ្យដឹងថា ការធ្វើបាតុកម្មរបស់ក្រុមអាវក្រហមគ្មានចេតនាបង្កើតចលាចលឬបង្កវិនាសកម្មទេប៉ុន្ដែយើងត្រូវការអំណាចប្រជាធិបតេយ្យមកវិញ និងសង្ឃឹមថាការធ្វើបាតុកម្មលើកនេះនឹងបានទទួលការស្វាគមន៍ពីសំណាក់មនុស្សនានាក្នុងទីក្រុងបាងកក ។លោកណាត់វុធ សាកឿ គូសបញ្ជាក់ថា “បច្ចុប្បន្នរដ្ឋាភិបាលកំពុងលេងល្បិច គូររូបខ្លា បន្លាចគោ ប៉ុន្ដែក្រុមអាវក្រហមមិនខ្លាចទេ ទោះបីជាមានការទប់ស្កាត់និងរារាំងយ៉ាង ណាក៏ដោយក៏អាចធ្វើដំណើរពីខេត្ដចូលក្រុងបាងកកបាន និងជួបជុំគ្នានៅថ្ងៃទី១៤ មីនា ដោយក្រុមអាវក្រហមនឹងប្រមូលផ្ដុំគ្នាឱ្យបានមួយលាននាក់” ។
- នាយករដ្ឋមន្ដ្រីថៃប្រកាសថា យល់ព្រមរំលាយសភា និងលាលែងពីតំណែង បើសិនប្រទេសជាតិមានដំណើរការល្អ
តាមកាសែតថៃមួយចេញផ្សាយថ្ងៃទី១១ មីនា បានឱ្យដឹងថា លោកអាប់ភីស៊ីត វ៉េចា ជីវ៉ា នាយករដ្ឋមន្ដ្រីថៃ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងដំណើរការគ្រប់វិធីសាស្ដ្រមិនឱ្យស្ថានការណ៍រីករាលដាលមានន័យថា រដ្ឋាភិបាលមិនធ្វើអ្វីទៅតាមទំនើងចិត្ដទេហើយលោកមិនធ្លាប់បិទផ្លូវរំលាយសភាឬលាលែងពីតំណែងឡើយ។ ប៉ុន្ដែការសំរេចចិត្ដរបស់លោកស្ថិតនៅលើផលប្រយោជន៍រួមដែលជាច្រកចេញធ្វើឱ្យស្រុកទេសមានភាពស្ងប់ស្ងាត់មានការរីកចំរើនគ្មានទំនាស់ឬប៉ះពាល់ដល់រដ្ឋធម្មនុញ និងរបបប្រជាធិបតេយ្យ ។ ចំណែកការធ្វើរដ្ឋប្រហារយើងមានតួនាទីមិនឱ្យកើតឡើងពីព្រោះការធ្វើរដ្ឋប្រហារមានតែការខូចខាតជាងមុនធ្វើឱ្យប្រទេសដើរថយក្រោយស្ថិតក្នុងក្រសែភ្នែកសហគមន៍ពិភពលោកនិងធ្វើឱ្យថៃឈានឆ្ពោះទៅរកអំពើហិង្សាមិនចេះចប់ ។លោកអាប់ភីស៊ីត បានថ្លែងថា “ខ្ញុំមិនបានប្រកាន់ខ្ជាប់ទៅលើអំណាចបានយូរទេបើសិនជាការរំលាយសភាការលាលែងពីតំណែងធ្វើឱ្យអ្វីៗគ្រប់យ៉ាងល្អប្រសើរ គឺគ្មានបញ្ហាឡើយប៉ុន្ដែការធ្វើរដ្ឋប្រហារ គឺមិនអាចទទួលយកបាន” ។ ទោះបីមានការនិយាយ ដូចជាស្លូតតែគំនិតរបស់លោកអាប់ភីស៊ីតទំនងមិនដូចអណ្ដាតដែលរលាស់ទេ ។
- ច្បាប់សន្ដិសុខគ្រាអាសន្នចាប់ផ្ដើមប្រើប្រាស់ក្នុងថ្ងៃដំបូង
នៅថ្ងៃទី១១ មីនា គឺជាថ្ងៃដំបូង ក្រោយពីរដ្ឋាភិបាលប្រកាសប្រើច្បាប់គ្រាអាសន្នដែលចូលជាធរមានចាប់ពីថ្ងៃទី១១ ដល់ថ្ងៃ ទី២៣ មីនា ដោយលាតសន្ធឹងលើក្រុងបាងកកនិងស្រុកចំនួន២១ ក្នុងខេត្ដទាំង៧ ដែលនៅជុំវិញទីក្រុង ។ នៅថ្ងៃទី១១ មីនា មានទាហានចំនួន៣០០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃត្រូវបានប្រើប្រាស់សំរាប់ទប់ស្កាត់ក្រុមបាតុករអាវក្រហមនិងថែរក្សាសុវត្ថិភាពនៅជុំវិញបរិវេណអគាររដ្ឋាភិបាល។
ស្របពេលជាមួយគ្នានេះ មន្ដ្រីរាជការនៅក្នុងអគាររដ្ឋាភិបាលរួមទាំងស្ថាប័នផ្សេងៗ ទៀតបានយកឯកសារសំខាន់ៗទៅរក្សាទុកនៅកន្លែងសុវត្ថិភាពខណៈពេលការធ្វើការរបស់មន្ដ្រីផ្សេងៗនៅតែដំណើរការដូចធម្មតាប៉ុន្ដែបើសិនជាមានស្ថានភាពធ្ងន់ធ្ងរបង្កដោយក្រុមអាវក្រហមអាចកាត់បន្ថយពេលវេលាធ្វើការមួយចំនួន ។
- ក្រសួងការបរទេសអង់គ្លេសប្រកាសអាសន្ន
ក្រសួងការបរទេសអង់គ្លេស បានប្រកាសអាសន្នដល់ប្រជាជនរបស់ខ្លួនដែលរស់នៅក្នុងប្រទេសថៃឱ្យមានការប្រុងប្រយ័ត្នដើម្បីទប់ទល់នឹងមហាបាតុកម្មរបស់ភាគីគាំទ្រលោកថាក់ស៊ីន (អាវក្រហម) ដោយធ្វើការណែនាំថា បើសិនកើតមានអំពើហិង្សាត្រូវស្ថិតនៅតែក្នុងកន្លែងស្នាក់អាស្រ័យប៉ុណ្ណោះ ។រដ្ឋាភិបាលថៃបញ្ជាក់ថា នឹងប្រកាសប្រើច្បាប់ការពារសន្ដិសុខគ្រាអាសន្នរយៈពេល២ សប្ដាហ៍ ដើម្បីប្រគល់អំណាចដល់ទាហានក្នុងការកំណត់ការប្រកាសអាសន្ន និងកំណត់ការដើរជាក្បួនផ្សេងៗរបស់ក្រុមបាតុករ ។ ចំពោះបញ្ហានេះប្រជាជនអង់គ្លេស ដែលស្នាក់នៅប្រទេសថៃនៅពេលបច្ចុប្បន្នបានទទួលការណែនាំឱ្យប្រុងប្រយ័ត្នដោយក្រសួងការបរទេសអំពាវនាវឱ្យភ្ញៀវទេសចរ និងប្រជាជនអង់គ្លេសគេចចេញពីទីតាំងជួបជុំណាមួយរបស់ក្រុមអាវក្រហម ។
- ហោរាទស្សន៍ទាយថា ក្រោយថ្ងៃ២៤ មេសា ខាងមុខលទ្ធិប្រជាធិបតេយ្យផុយស្រួយ
លោកប៊ុនលើត ផាយរីន្ទ ដែលជាហោរាល្បីឈ្មោះម្នាក់នៅប្រទេសថៃ បានទស្សន៍ទាយថា បច្ចុប្បន្នជោគជតារាសីប្រជាធិបតេយ្យមានភាពផុយស្រួយពីព្រោះផ្កាយ ព្រះគ្រោះដែលធ្លាប់បានបំផ្លាញប្រជាធិបតេយ្យកាលពីឆ្នាំ១៩៣២ បានរំកិលមកក្នុងឆ្នាំនេះជាថ្មី ។ ការរំកិលមកជាថ្មីនេះបានធ្វើឱ្យមានការផ្លាស់ប្ដូរនយោបាយប៉ុន្ដែបច្ចុប្បន្នផ្កាយព្រះហស្បតិ៍ដែលផ្ដល់គុណប្រយោជន៍ ខ្ពស់ក្នុងចក្កវាឡនៅជួយថែរក្សាដោយក្នុងអំឡុងពេលនេះគ្មានអ្វីប្រែប្រួល ប៉ុន្ដែក្រោយពីថ្ងៃទី២៤ មេសា ២០១០ ដល់ថ្ងៃទី៣ ឧសភា ២០១១ ប្រទេសថៃនឹងមានការផ្លាស់ប្ដូរផ្នែកប្រជាធិបតេយ្យម្ដងទៀតព្រមទាំងធ្វើឱ្យកើតមានវិបត្ដិធ្ងន់ធ្ងរ ។