មន្ដ្រីយោធាម្នាក់ត្រូវចាប់ខ្លួន ពីបទចាប់ជនជាតិវៀតណាម ក្នុងកាស៊ីណូទារលុយ១,០០០$
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ មិនា ឆ្នាំ ២០១០
ខេត្ដស្វាយរៀង ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង បានធ្វើការឃាត់ខ្លួនមន្ដ្រីយោធាម្នាក់ដែលមានឋានន្ដរស័ក្ដិជាអនុសេនីយ៍ឯក នៅអង្គភាពកងពលតូចលេខ៧០ និងធ្វើការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី៨ មីនា វេលាម៉ោង៨ព្រឹកនៅចំណុចចំណតរថយន្ដផ្សារអន្ដរជាតិបាវិត ។ តាមមន្ដ្រីសមត្ថកិច្ចបានឱ្យដឹងថា ជនជាប់សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះពេជ ជិនឡុង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង ។លោកអនុសេនីយ៍ឯកកែវ សុថា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ដ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ មករា វេលាម៉ោង៩និង១៥នាទីយប់ ជនជាប់ចោទឈ្មោះពេជ ជិនឡុង បានប្រើប្រាស់រថយន្ដមួយគ្រឿងម៉ាកកាមរី ស៊េរី៨៩ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ ២B-៨០៩៩ ធ្វើសកម្មភាពចូលទៅចាប់មនុស្សប្រុសម្នាក់ពីក្នុងកាស៊ីណូសាន់ស៊ីធីរុញបញ្ចូលក្នុងរថយន្ដរបស់ខ្លួន (ពេជ ជិនឡុង) រួចបើកចេញពីកាស៊ីណូ ឆ្ពោះទៅទិសខាងលិចតាមផ្លូវជាតិលេខ១ ។ ប្រភពដដែលបានបន្ដទៀតថា តាមការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃតាមអត្ដសញ្ញាណជនសង្ស័យខាងលើ ក៏ឈានទៅដល់ការឃាត់ខ្លួនឈ្មោះពេជ ជិនឡុង និងវត្ថុតាងដែលជនសង្ស័យប្រើប្រាសធ្វើសកម្មភាពគឺរថយន្ដមួយគ្រឿងនិងដំបងឆក់មួយដើម។
ក្រោយពីត្រូវចាប់ខ្លួន ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់បុរសម្នាក់ឈ្មោះហ្វិញ ថាញ់ហ៊ុង អាយុ ៥៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ តិនហ្វា ឃុំតិនភូ ស្រុកតិនទូវ ខេត្ដតៃនិញ ប្រទេសវៀតណាមប្រាកដមែន ហើយបាននាំខ្លួនឈ្មោះហ្វិញ ថាញ់ហ៊ុង មកទុកនៅផ្ទះខ្លួនមួយយប់លុះព្រឹកឡើងទើបឱ្យត្រឡប់ទៅវិញ ។
រីឯមូលហេតុនៃការចាប់ជនជាតិវៀតណាមនេះ គឺដោយសារឈ្មោះហ្វិញ ថាន់ហ៊ុង ជំពាក់ប្រាក់ខ្លួនចំនួន១ពាន់ដុល្លារហើយមិនព្រមសងទើបខ្លួនធ្វើសកម្មភាពចាប់បង្ខំឱ្យសងប្រាក់បែបនេះទៅ ។ ឈ្មោះពេជ ជិនឡុង បានសារភាពបន្ដទៀតថា ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះហ្វិញ ថាញ់ហ៊ុង បានសងប្រាក់ឱ្យខ្លួន៥០០ដុល្លារ និងបានធ្វើកិច្ចសន្យាព្រមសង៥០០ដុល្លារទៀតនៅពេលក្រោយហើយខ្លួនក៏បានដកហូតប័ណ្ណបើកបរម៉ូតូមួយច្បាប់របស់ឈ្មោះហ្វិញ ថាញ់ហ៊ុង ទុកផងដែរ ។ទោះជាបែបណាករណីនេះជនរងគ្រោះ ឈ្មោះហ្វិញ ថាញ់ហ៊ុង បានប្រាប់សមត្ថកិច្ចថារូបគេមិនបានជំពាក់ប្រាក់ឈ្មោះពេជ ជិនឡុង នោះទេប៉ុន្ដែមូលហេតុដែលខ្លួនព្រមឱ្យលុយ៥០០ដុល្លារ និងធ្វើកិច្ចសន្យាព្រមសងប្រាក់ចំនួន៥០០ដុល្លារទៀតនោះ គឺដោយសារភ័យខ្លាចឈ្មោះពេជ ជិនឡុង ធ្វើទារុណកម្មឬអាចសំលាប់រូបគេហើយចំពោះសកម្មភាព របស់ឈ្មោះពេជ ជិនឡុង ដែលបានប្រព្រឹត្ដមកលើរូបគេនេះ គឺចាត់ទុកថាជាអំពើចាប់ជំរិតទារប្រាក់ជាក់ស្ដែង ។ បច្ចុប្បន្នជនជាប់ចោទឈ្មោះពេជ ជិន ឡុង និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ដដើម្បីចាត់ការតាមច្បាប់ ។