ក្មេងស្រីម្នាក់ចេញពីពិធីខួបកំណើតត្រូវគេចាប់រំលោភ
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ មិនា ឆ្នាំ ២០១០

(រូបថត កាំពី)
ក្មេងស្រីរងគ្រោះ
ខេត្ដក្រចេះ ៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ ត្រូវបុរសម្នាក់ចាប់រំលោភសេពសន្ថវៈ ហើយរត់គេចខ្លួនបាត់ ខណៈពេលនាងចេញពីពិធីខួបកំណើតដើរទៅដេកនៅផ្ទះបងស្រីវិញទាំងយប់ស្ងាត់តែម្នាក់ឯង ។ មន្ដ្រីប៉ូលិសបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី១០ មីនា នៅឃុំសោបស្រុកព្រែកប្រសព្វ ។យប់នោះក្មេងស្រីរងគ្រោះបានទៅចូលរួមពិធីខួបកំណើតរបស់បងប្អូន ហើយបានដើរតែម្នាក់ឯងត្រឡប់ទៅផ្ទះរបស់បងស្រីវិញដែលមានចំងាយជាង៧០ម៉ែត្រពីផ្ទះរៀបពិធី ទើបជនល្មើសមានឱកាសចាប់រំលោភ ខណៈគេពួនស្ទាក់នៅពាក់កណ្ដាលផ្លូវ ។
ក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ប៉ូលិសថា ដោយសារផ្ទះបងស្រីរបស់នាងនៅជិតផ្ទះប្រារឰពិធីហើយមានមនុស្សដើរទៅមកច្រើនផងទើបនាងហ៊ានធ្វើដំណើរតែម្នាក់ឯងតែពេលនាងដើរដល់ពាក់កណ្ដាលផ្លូវជាកន្លែងស្ងាត់និងមានដើមចេកច្រើនស្រាប់ តែត្រូវជនល្មើសស្ទុះចេញពីព្រៃចេកនោះ ចាប់នាងខ្ទប់មាត់ និងបីដើរសំដៅទៅព្រៃក្បែរមាត់ទន្លេតែម្ដង ។ ជនល្មើសបានគំរាមមិនឱ្យនាងស្រែក ដោយបំភ័យថា បើមិនដូច្នោះទេគេនឹងចាប់បោះនាងពីលើច្រាំងទន្លេឱ្យស្លាប់មិនខាន ។
បន្ទាប់ពីចាប់នាងរំលោភបានសំរេចហើយនោះគេរត់គេចខ្លួនបាត់ ។លោកអនុសេនីយ៍ទោ ចាន់ សុខកល នាយប៉ុស្ដិ៍រដ្ឋបាលឱ្យដឹងថា បន្ទាប់ពីប៉ូលិសទៅពិនិត្យកន្លែងកើតហេតុនិងប្រមូលព័ត៌មានពីក្មេងស្រីរងគ្រោះរួចមកអាចកំណត់បានមុខសញ្ញាជនល្មើស គឺឈ្មោះគង់ សុភ័ក្ដ្រ អាយុ២៧ឆ្នាំជាកម្មករមានប្រពន្ធ និងកូនមួយមានទីលំនៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ។ ពេលនេះប៉ូលិសកំពុងស្រាវជ្រាវចាប់ខ្លួនគេយកទៅផ្ដន្ទាទោសតាមច្បាប់ដោយគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ។