លោកស្រីស៊ូជីគំរាមបណ្ដេញចេញពីគណបក្ស
narinchin
ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ មិនា ឆ្នាំ ២០១០

បរទេស
.
មេដឹកនាំប្រឆាំងភូមា លោកស្រីអ៊ួង សាន់ស៊ូជី ដែលត្រូវគេផាត់ចេញរួចហើយមិនឱ្យចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ហើយស្ថិតនៅជាប់ឃុំឃាំងក្នុងផ្ទះនោះ ពេលនេះអាចត្រូវគេបណ្ដេញចេញពីគណបក្សរបស់លោកស្រី គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យទៀត ។
ពួកយោធាបានលាតត្រដាងពីខ្លឹមសារនៃច្បាប់ស្ដីពីការចុះបញ្ជីគណបក្សនយោបាយ កាលពីថ្ងៃទី១០ មីនា ។ ទោះបីមានការអំពាវនាវរបស់សហគមន៍អន្ដរជាតិឱ្យដោះលែងលោកស្រីស៊ូជី ជ័យលាភីពានរង្វាន់ណូបែលសន្ដិភាពក៏ដោយ ក៏របបយោធានៅតែរឹតបន្ដឹងជំហរចំពោះលោកស្រីស៊ូជី ដោយក្នុងច្បាប់បោះឆ្នោតថ្មីចែងថា ជនណាក៏ដោយ ដែលទទួលទោសជាប់គុកពុំអាចស្ថិតក្នុងគណបក្សណាមួយឡើយ។ បណ្ដាអ្នកបួសក៏បដិសេធមិនឱ្យចូលរួមក្នុងការបោះឆ្នោតខាងមុខនេះដែរ ។
សហរដ្ឋអាមេរិកវាយតំលៃថា ច្បាប់ថ្មីៗរបស់របបយោធាភូមា គឺពុំសមស្របទៅនឹងលទ្ធិប្រជាធិបតេយ្យឡើយ ហើយការបោះឆ្នោតដែលគ្រោងធ្វើនាឆ្នាំនេះគ្មានអ្វីក្រៅពីឆាកល្ខោនមួយនោះទេ ។
លោក CROWLEY អ្នកនាំពាក្យរបស់ក្រសួងបរទេសអាមេរិកថ្លែងថា ច្បាប់ទាំងនេះដែលកំណត់ព្រំដែនដល់ការចូលរួមរបស់មេដឹកនាំប្រឆាំងក្នុងដំណើរការនយោបាយ គឺជាការបំផ្លាញការខិតខំប្រឹងប្រែងនានារបស់ក្រុងវ៉ាស៊ីនតោន ដើម្បីកែលំអទំនាក់ទំនងជាមួយភូមា ។
បើពិនិត្យលើច្បាប់បោះឆ្នោតដែលគេប្រកាសនេះគ្មានក្ដីសង្ឃឹមណាមួយដែលថា ការបោះឆ្នោតប្រព្រឹត្ដទៅគួរឱ្យជឿជាក់ឡើយ ។