យកថាមពលដែលកើតចេញពីលាមក មកប្រើប្រាស់
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៥:៥៨
តាម៉ៅ
ឡឧស្ម័នថាមពលដែលកើតចេញពីលាមក
ខេត្ដតាកែវ ៖ ស្រុកត្រាំកក់ជាស្រុក មួយស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំងាយពីភ្នំពេញ៧៨គីឡូម៉ែត្រ ។ ស្រុកនេះជាស្រុកគំរូមួយក្នុងទូទាំងប្រទេសលើវិស័យកសិកម្ម ដែលមានលោករដ្ឋមន្ដ្រីច័ន្ទ សារុន ជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានធ្វើឱ្យប្រជាពលរដ្ឋស្រុកត្រាំកក់ទាំងមូលមានការកែប្រែមុខមាត់តាំងពីទីប្រជុំជនរហូតដល់ចុងកាត់មាត់ញក ហើយនេះជារឿងមួយថ្មីទៀត ដែលប្រជាពលរដ្ឋកំពុងស្ទុះស្ទាចាប់ផ្ដើមកសាងឡបញ្ចេញថាមពលប្រើប្រាស់ជា លក្ខណៈគ្រួសារសំរាប់អ្នកនៅឆ្ងាយពីទីប្រជុំជន ។
តាមការបំភ្លឺរបស់បុរសកសិករឈ្មោះ ញ៉ែម សុភា អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ឹម មុំ និងកូន២នាក់ក្នុងបន្ទុក បាននិយាយថា រូបគាត់ជាអតីតប៉ូលិស A៣ ដែលពិការជើងម្ខាងតាំងពីសម័យសង្គ្រាម គាត់បានតស៊ូក្នុងជីវិតដោយពុះពារតាំងពីការលំបាករហូត ទទួលបានជីវភាពធូរធារជាមធ្យម មកទល់ថ្ងៃ នេះ ដោយលោកបានរៀនសូត្រជំនាញផ្នែក កសិកម្មនៅតាមមូលដ្ឋានស្រុកត្រាំកក់ មានចិញ្ចឹមជ្រូក គោ មាន់ ទា និងត្រី ។ល។ ថ្មីៗនេះ លោកបានហៅជាងមកធ្វើឡឧស្ម័ន សំរាប់បញ្ចេញថាមពលពីលាមកជ្រូក និងមាន់ មកប្រើប្រាស់សំរាប់ចំអិនម្ហូបអាហារ និងដាក់អំពូលបំភ្លឺ ដើម្បីកាត់បន្ថយការប្រើប្រាស់ អុសធ្យូង។ តាមលក្ខណៈបច្ចេកទេសក្នុងការធ្វើឡឧស្ម័នមិនសំដៅលើការធ្វើត្រូវ តែមានទ្រង់ទ្រាយដូចៗគ្នានោះទេ និយាយពិត ទៅការសង់មានទ្រង់ទ្រាយខុសៗគ្នាទៅតាម លទ្ធភាព ។
ជាងធ្វើឡឈ្មោះ ណឹម រ៉ាពី អាយុ៣៧ឆ្នាំ និងកម្មករពីរនាក់ទៀតដែលរស់នៅភូមិក្ដីរុន ឃុំខ្វាវ ស្រុកទ្រាំង បានរៀបរាប់ពីការធ្វើឡ របស់ក្រុមគាត់ថា ឡនេះមានរាងពងក្រពើ មានអង្កត់ផ្ចិត២,៦០ម៉ែត្រ បំពង់១,៦០ម៉ែត្រ មានបំពង់បង្ហូរលាមកចូលបំពង់បញ្ចេញថាម ពល និងមានរឺហ្គា២ទៅ៣ថ្នាក់សំរាប់បញ្ចេញ ទឹកឱ្យហៀរទៅក្រៅវិញ ហើយលាមកនោះ ត្រូវលាយជាមួយទឹកស្មើៗគ្នា ។ ក្នុងឡអាច ផ្ទុកជីលាមកសត្វរហូតដល់២,៣០០តោន ហើយអាចបញ្ចេញថាមពលបំភ្លឺនៅក្នុងផ្ទះ បានច្រើនដូចជាអំពូលភ្លើង និងបញ្ចេញដាក់ ទៅចង្ក្រានហ្គាសសំរាប់ដុតចំអិនផ្សេងៗ បានថែមទៀតផង។
លោកណឹម រ៉ាពី និយាយថា អ្នកមាន លំនៅឋានឆ្ងាយពីទីប្រជុំជនលំបាកក្នុងការ រកអគ្គិសនីបំភ្លឺផ្ទះសម្បែងណាស់ ណាមួយបើចង់ទិញផ្ទាំងកញ្ចក់សូឡាក៏នៅថ្លៃ ដូច្នេះមាន តែធ្វើឡឧស្ម័នបែបនេះទេ ទើបអាចបំពេញនូវ រាល់សេចក្ដីត្រូវការបាន ។ គាត់និយាយបន្ដ ទៀតថា ថ្លៃឈ្នួលធ្វើឡពី៧៥ទៅ៩០ដុល្លារទៅតាមទំហំឡតូចឬធំ។ ឯសំភារនៅលើម្ចាស់ផ្ទះទាំងអស់ គាត់មានតែកំលាំងពលកម្ម ។ បើតាមការប៉ាន់ស្មានរបស់លោក ញ៉ែម សុភា ជាម្ចាស់បាននិយាយថា បើសរុប ទៅទាំងអស់ត្រូវចំណាយប្រមាណជា៣០០ទៅ៤០០ដុល្លារ ហើយឡនេះអាចកាត់បន្ថយភាពលំបាកផ្សេងៗដូចជាផ្ដល់ភ្លើងបំភ្លឺពេលយប់ឱ្យកូនចៅបានរៀនសូត្រជាដើម ៕