រាជធានីភ្នំពេញ ៖ ឆ្ពោះទៅរកការឯកភាពក្នុងការប្រើប្រាស់អក្សរសាស្ត្រខ្មែរ សំខាន់ក្នុងការប្រើពាក្យ សរសេរពាក្យ អានពាក្យ គណៈកម្មាធិការជាតិភាសាខ្មែរបានឯកភាពយកវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាគោល ។ ប៉ុន្តែភារកិច្ចសំខាន់បន្តទៀតរបស់គណៈកម្មាធិការជាតិភាសាខ្មែរ ត្រូវលៃយ៉ាងណាឱ្យការអនុវត្តធ្លាក់ដល់ថ្នាក់មូលដ្ឋាន ។ ក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិភាសាខ្មែរបានបញ្ជាក់ថា ភាសាខ្មែរបានរីកចំរើនយ៉ាងខ្លាំង និងជាបន្តបន្ទាប់ ចាប់ពីពេលដែលវចនានុក្រមខ្មែរត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងនៅឆ្នាំ១៩៣៨ បន្ទាប់ពីក្រុមជំនុំមួយដែលកើតនៅឆ្នាំ១៩១៥ បានខិតខំតាក់តែងតៗគ្នាជាច្រើនជំនាន់តាំងពីសម្តេចព្រះសង្ឃរាជ ជួន ណាត នៅជាព្រះសង្ឃធម្មតា និងមានមុខងារជាស្មៀនរហូតដល់ព្រះអង្គមានមុខងារជាព្រះប្រធាន ។
ក្រោយពេលដែលបង្កើតគណៈកម្មាធិការជាតិខេមរយានកម្មនៅឆ្នាំ១៩៦៧ (១៩៦៧-១៩៦៩) គណៈកម្មាធិការនេះ ត្រូវយកបច្ចេកទេសស័ព្ទទៅសុំការឯកភាពពីសម្តេចព្រះសង្ឃរាជ ជួន ណាត ជាមុនសិនមុននឹងយកទៅប្រើប្រាស់ក្នុងការបង្រៀន ។ ប៉ុន្តែនៅដំណាក់កាលទី២ នៃខេមរយានកម្ម គឺក្រោយពេលសម្តេចព្រះសង្ឃរាជសោយទិវង្គត អក្សរសាស្ត្រខ្មែរត្រូវបានគេកែសម្រួលនៅពេលដែលព្យាង្គរាយដែលគ្មានក្នុងវចនានុក្រមត្រូវបានគេប្រើជំនួសព្យាង្គតម្រួតជាទូទៅ ហើយអក្ខរាវិរុទ្ធ និងឃ្លាឃ្លោងចាប់មានការប្រែប្រួលគួរឱ្យកត់សំគាល់ និងធ្វើឱ្យការប្រើប្រាស់អក្សរសាស្ត្រខ្មែរមិនមានការឯកភាពរវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយក្នុងដំណាក់កាលទី២ នៃខេមរយានកម្ម និងរហូតមកដល់សព្វថ្ងៃ ។
លោកព្រុំ ម៉ល់ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ) មានប្រសាសន៍ថា ដោយមិនមានការឯកភាពក្នុងការប្រើប្រាស់អក្សរសាស្ត្រខ្មែរនោះហើយ ទើបចាំបាច់ត្រូវបង្កើតឡើងនូវគណៈកម្មាធិការជាតិភាសាខ្មែរឡើង ហើយគណៈកម្មាធិការនេះទទួលបានការគាំទ្រផងដែរ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ។ លោកបញ្ជាក់ឡើងវិញថា គ.ជ.ភ.ខ បានឯកភាពរួចហើយថា នឹងយកវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ធ្វើជាគោលក្នុងការប្រើប្រាស់អក្សរសាស្ត្រខ្មែរដែលសព្វថ្ងៃនេះខ្មែរណាក៏ដឹងដែរថា ភាសាខ្មែរយើងខ្វះការឯកភាពទាំងក្នុងការសរសេរពាក្យ ទាំងក្នុងការអានពាក្យ ទាំងក្នុងការបង្កើត និងការប្រើពាក្យ និងទាំងក្នុងការខ្ចីពាក្យពីភាសាបរទេស ។ ដូច្នេះការបង្កើត គ.ជ.ភ.ខ នេះឡើង គឺដើម្បីស្វែងរកឯកភាពជូនភាសាខ្មែរក្នុងការសរសេរពាក្យ ក្នុងការអានពាក្យ ក្នុងការបង្កើត និងការប្រើពាក្យ និងក្នុងការខ្ចីពាក្យពីភាសាបរទេស ។ លោកគិតថា ការងាររបស់ គ.ជ.ភ.ខ នឹងអនុវត្តដោយរលូន បើទោះបីជាមានការប្រឈមខ្លះក៏ដោយ និងមិនមានភាពចម្រូងចម្រាសអំពីការប្រើប្រាស់អក្សរសាស្ត្រខ្មែរនោះឡើយ ។
ពាក់ព័ន្ធនឹងការស្វែងរកការឯកភាពអំពីការប្រើប្រាស់អក្សរសាស្ត្រខ្មែរនោះ គ.ជ.ភ.ខ ក៏បានធ្វើការនិទ្ទស្សន៍ និងសន្និដ្ឋានដែរថា វាគឺជាការកែប្រែទំលាប់មនុស្ស ហើយក៏លំបាកផងដែរ ។ ដូច្នេះ អ្នកដែលធ្លាប់សរសេរ ឬប្រើពាក្យតាមខេមរយានកម្មដំណាក់កាលទី ២ តែងតែមានអារម្មណ៍មិនល្អ ឬលំបាកបន្តិចនៅពេលដែលឃើញអ្នកផ្សេងទៀតបានសរសេរ ឬប្រើពាក្យបែបនោះទៅវិញ ។ ប៉ុន្តែខ្មែរយើងធ្លាប់សរសេរពាក្យ ឬប្រើពាក្យមួយចំនួនមិនដូចគ្នា ដែលជាហេតុនាំឱ្យភាសាខ្មែរយើងខ្វះឯកភាព ។ អ៊ីចឹងដើម្បីឱ្យភាសានេះមានឯកភាពឡើងវិញ ដូចអរិយភាសាក្នុងលោក គឺមានតែការខំអត់ធ្មត់សង្កត់ចិត្តកែទំលាប់ណាដែលមិនស្របនឹងសេចក្តីសំរេចរបស់ គ.ជ.ភ.ខ ដែលមានតំណាងពីគ្រប់មជ្ឈដ្នានសំខាន់ៗ ហើយដែលបានធ្វើការដោយផ្អែកលើបញ្ញាញាណ និងប្រកាន់យកស្មារតីសម្រុះសម្រួលជាតិ ជៀសវាងពាក្យសំដីណាដែលអាចប៉ះពាល់សតិអារម្មណ៍អ្នកដទៃ ៕
ចែករំលែកព័តមាននេះ