ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២នាក់​និង​នារីម្នាក់​ប៉ងធ្វើ​អត្តឃា.ត​ព្រោះតែ​ស្នេហា ​២នាក់​គូស្នេហ៍​បែកចិត្ត ​ម្នាក់ចង់​បញ្ជាក់ពី​ភក្តីភាព​សុខចិត្ត​ស្លា.ប់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​​​​ម្នាក់​ និង​យុវ​ជន​​​ពីរ​នាក់​​ស្នាក់​នៅផ្ទះ​ជួល​ផ្សេង​គ្នា​ ប៉ុន្តែ​​​ក្នុងភូមិជា​មួយ​​គ្នា​បាន​លេប​ថ្នាំ​ប៉ុនប៉ងធ្វើ​អត្ត​ឃាតជា​បន្ត​បន្ទាប់​ ព្រោះ​​តែ​​មានវិបត្តិ​​ស្នេហា ​​តែពុំ​មាន​នរណា​​​ស្លា.ប់ទេ ដោយ​សារ​គេ​នាំ​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​ទាន់ពេលវេលា ។ ហេតុការណ៍​លើក​ទី១ ​កើតឡើង​​កាលពី​វេលាម៉ោង​៨​យប់​ថ្ងៃទី​១២ មិថុនា ​ឆ្នាំ​២០១១

រាជធានីភ្នំពេញ ៖ ​ស្ត្រី​​​​ម្នាក់​ និង​យុវ​ជន​​​ពីរ​នាក់​​ស្នាក់​នៅផ្ទះ​ជួល​ផ្សេង​គ្នា​ ប៉ុន្តែ​​​ក្នុងភូមិជា​មួយ​​គ្នា​បាន​លេប​ថ្នាំ​ប៉ុនប៉ងធ្វើ​អត្ត​ឃាតជា​បន្ត​បន្ទាប់​ ព្រោះ​​តែ​​មានវិបត្តិ​​ស្នេហា ​​តែពុំ​មាន​នរណា​​​ស្លាប់ទេ ដោយ​សារ​គេ​នាំ​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​ទាន់ពេលវេលា ។

ហេតុការណ៍​លើក​ទី១ ​កើតឡើង​​កាលពី​វេលាម៉ោង​៨​យប់​ថ្ងៃទី​១២ មិថុនា ​ឆ្នាំ​២០១១ នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​​ស្វាយ​ សង្កាត់​​ចោមចៅ ខណ្ឌ​​ដង្កោ​ រាជធានី ភ្នំពេញ ។ ​យុ​វ​ជន​ដែល​លេប​ថ្នាំ​សម្លាប់​ខ្លួន​នោះ​ឈ្មោះរ៉េន សាមុត ​អាយុ២៣​ឆ្នាំ ជា​​កម្ម​ករ​រោង​ចក្រ​មានស្រុកកំណើតនៅ​​​ភូមិ​គុក​ចារ ឃុំ​ព្រែក​ពោធិ៍ ​ស្រុកស្រីសន្ធរ ខេត្ត​កំពង់​​ចាម ​សព្វ​ថ្ងៃ​​ស្នាក់នៅ​ផ្ទះ​ជួល​ ។  យុវ​ជន​នេះទើប​តែ​ភ្ជាប់ពាក្យ​​ជាមួយ​​នាង​ក្រមុំ​​រូប​ស្រស់ម្នាក់​ដែល​ជា​កម្ម​ការិនី​រោង​ចក្រ​កា​ល​ពី​ព្រឹក​ លុះ​ដល់​យប់​ឡើង​​ ក៏លេបថ្នាំ​​ងងុយ​ដេក​ជិត​១០​គ្រាប់ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ ដើម្បី​បញ្ជាក់​ពីចិត្ត​ស្មោះ​របស់​​ឱ្យ​​នាង​ជា​​គូដណ្តឹង​​ដឹង ។ ​

តាមប្រភព​​ព័ត៌​មាន​​ឱ្យ​ដឹង​ថា នៅ​វេលាព្រឹក​ថ្ងៃទី១២ មីនា មាន​ពិធី​ភ្ជាប់​ពាក្យ​រវាងយុវជន​រ៉េន សាមុត និង​នាង​ក្រមុំ​ស្រស់​​ស្អាតម្នាក់នោះ​ធ្វើ​ឱ្យ​រូបគេ​រីករាយ​​​យ៉ាង​ខ្លាំង​​ ។ ​លុះ​ដល់យប់​ឡើង​ ស្រាប់​តែ​​ទិញ​ថ្នាំ​​ងងុយ​​ដេក​ចំនួន៨​គ្រាប់ លេប​ប៉ុន​ប៉ង​ធ្វើអត្តឃាត​ ។ ​ភ្លាមៗ​នោះ ​​មិត្តភក្តិ​ និង​សាច់​ញាតិនាំគ្នា​ដឹកជញ្ជូនរ៉េន​ សាមុត​ ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បីសង្គ្រោះ​បន្ទាន់​ទើប​បាន​រួចផុត​ពីសេចក្តី​ស្លាប់ ។

នៅ​ពេល​គេសួរ​ពីមូលហេតុ​​នៃ​​ការ​ប៉ុន​ប៉ង​សម្លាប់ខ្លួន យុវជននោះ​និយាយថា ​រូបគេ​​​តាម​ស្រឡាញ់​នាងជាគូដណ្តឹង​រយៈ​ពេល​ជាង​១ឆ្នាំ​មកហើយ ​តាម​​អង្វរនាង​សុំ​​ភ្ជាប់ពាក្យ ​រៀប​ការ​ប៉ុន្តែ​នាងមិនព្រម​ ។ រហូតមកដល់ពេលនេះ​​​នាងយល់ព្រម​​​ភ្ជាប់ពាក្យ​​ដូច្នេះ​ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្មោះ​ខ្លាច​នាង​បែក​ចិត្ត​​ ទើប​​គេលេបថ្នាំ​​ ដើម្បី​ធ្វើ​អត្តឃាត​ ។
ចំណែក​ឯ ​​នាងជា​គូ​​ដណ្តឹង​​និយាយ​ថា អនា​គត​ប្តី​របស់​នាង​ពិតជា​​​គិតខ្លី​​ខ្លាំងណាស់ ​​។ គេ​លេបថ្នាំ​ប៉ុ​ន​ប៉ង​សម្លាប់ខ្លួន​ ព្រោះ​តែ​​ខ្លាច​នាង​បែកចិត្ត​​ តាមពិត ​នាងមិន​បែក​ចិត្តទៅណា​ទេ ​ព្រោះ​ភ្ជាប់​ពាក្យ​​​ជាមួយ​​គ្នា​រួចហើយ ។

​​ក្នុង​ព្រឹត្តិ​ការណ៍​ដូចគ្នា​នេះ​ដែរ ហេតុការណ៍​ទី​២កើត​ឡើង​កាល​ពីវេលាម៉ោង​៩ និង​១០នាទី​យប់ថ្ងៃទី​១២ ​មិថុនា ឆ្នាំ​២០១១ នៅ​ភូមិព្រៃ​​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌដង្កោ ​ដោយ​នារី​​ម្នាក់​តូច​ចិត្ត រឿង​បុរសជាគូដណ្តឹង​​របស់ខ្លួន​មាន​សង្សារ​ថ្មី​ក៏​លេបថ្នាំ​ងងុយ​ដេកចំនួន​៨គ្រាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន​ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ​ជួយសង្គ្រោះ​​ទាន់ពេល​វេលា ។ នារីរូបនោះ​​​ឈ្មោះ​​ឌួង ​វល័ក្ខ ​ហៅ​ដា អាយុ១៩ឆ្នាំ​​ជាកម្ម​ការិនី​​រោងចក្រ​​​ មានស្រុក​កំណើត​​នៅភូមិ​​តាអន ឃុំពានី ស្រុកកំពង់​ត្រឡាច ​ខេត្ត​កំពង់​ឆ្នាំង ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុងភូមិ​​កើតហេតុ​។

នារីរូបនោះ​​រៀប​រាប់​ឱ្យ​ដឹង​ថា នាងប៉ុន​ប៉ង​​សម្លាប់​ខ្លួន​​ដោយ​សារ​តែ​​ខឹងបុរស​ជា​គូ​ដណ្តឹង​​មាន​​សង្សារ​​ថ្មី​ក្បត់ចិត្ត​នាង ។ ​​នៅ​មុនពេល​កើតហេតុ​គូ​ដណ្តឹង​​របស់នាង​បានចូលទៅក្នុង​បន្ទប់​​ទឹក ហើយ​​ទុក​ទូរស័ព្ទ​ចោល​ ស្រាប់​តែ​មាន​​​គេហៅចូល ​ហើយ​នាង​បានលើក​ជំនួស ។ គ្រាន់​តែ​​លើក​ភ្លាម​បានធ្វើ​ឱ្យ​នាង​មានការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ដោយ​​សារ​តែអ្នក​​ហៅ​ចូលនោះ​​​អះ​អាងថា ជាសង្សារ​​របស់​គូ​ដណ្តឹង​នាង និង​​ប្រាប់​ថា ​​នាង​កំពុងឈឺ​សុំ​ឱ្យ​​គូដណ្តឹង​​របស់​នាង​ទៅ​មើល​​ទៀត​ផង ។​​ បន្ទាប់ពីឮ​បែបនេះ ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់​​យ៉ាងខ្លាំង​​​ ។ នៅពេល​​​គូ​ដណ្តឹង​​ចេញ​​ពី​បន្ទប់​ទឹក​​វិញ នាង​សួរ​នាំបង្ក​ឱ្យ​មាន​ទំនាស់​​​ពាក្យ​សំដី​​​គ្នាកើត​ឡើង​​មួយ​ប្រាវ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ​ក្រោយ​ពេល​ឈ្លោះ​​គ្នា​រួច គូ​ដណ្តឹង​​​បាន​ចាក​ចេញ​ទៅ ​ហើយ​នាង​លេប​ថ្នាំ​ងងុយ​ដេក​ចំនួន​៨គ្រាប់ ដើម្បី​ធ្វើអត្តឃាត​​ ។ ប៉ុន្តែ​​​មិន​បានសម្រេចឡើយ​​ដោយគ្រូពេទ្យ​​ជួយសង្គ្រោះ​​ទាន់ ។ ចំណែក​​ឯ​បុរស​ជាគូ​ដណ្តឹង​​ក្រោយពេល​​ដឹង​ថា នាង​ឌួង វល័ក្ខ លេបថ្នាំ​ប៉ុន​ប៉ងសម្លាប់​​​ខ្លួន​បាន​ទៅ​មើល​នាង​ និងបាននាំនាង​ទៅ​កាន់​មន្ទីរ​ពេទ្យ ។ ​

ដោយ​ឡែក​ហេតុ​​ការណ៍​លើកទី៣ កើត​ឡើង​​កាលពីវេលាម៉ោង​​៨ និង១៥នាទីព្រឹក​ថ្ងៃទី​១៣ ​មិថុនា ២០១១ ​នៅ​ក្នុង​បន្ទប់ទឹកផ្ទះជួល​ក្នុងភូមិព្រៃ​ស្វាយដែរ ដោយ​យុវជនម្នាក់​បាន​លេបថ្នាំ​ប៉ារ៉ា​សេតាម៉ុល​អស់ចំនន២បន្ទះ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន ព្រោះ​​​តែ​វិបត្តិ​ស្នេហាដែរ​ ។​ ប៉ុន្តែ​ពុំ​ដឹង​ថា ត្រូវ​សង្សារ​​​បែក​ចិត្ត ​ឬ​ក៏​ខឹង​​ក្រុមគ្រួសារ​មិន​ចូលស្តីដណ្តឹង​​​​​នារី​ដែល​ខ្លួន​ស្រឡាញ់​​ទេ ព្រោះ​​​ក្រុម​គ្រួសារ​ព្យា​យាម​លាក់​លៀម​​ ។ យុវ​ជនរូប​នោះឈ្មោះ​ញ៉ិល ​កេន អាយុ​២៣ឆ្នាំ ​ជា​កម្មករ​​រោង​ចក្រ​កាត់​ដេរ​ មានស្រុកកំណើត​នៅ​ភូមិ​សៀម​រាប ​ឃុំច្រ​នាង ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ចាម ។

​តាមប្អូន​ប្រុស​និយាយ​ថា បង​ប្រុស​​របស់​គេ​ពុំ​ដឹង​ថា «មាន​វិបត្តិ​​អ្វីច្បាស់លាស់​ឡើយ ​ស្រាប់​តែ​​​​ចង់ស្លាប់​បែបនេះ ។ ​នៅ​មុនពេល​កើតហេតុ​​បង​ប្រុស​របស់គេ​យកថ្នាំប៉ារ៉ា​សេតាម៉ុល​២បន្ទះ​ទៅលេបនៅ​ក្នុងបន្ទប់​ទឹក ហើយ​​ខ្ទាស់​គន្លឹះ​ពីខាង​ក្នុង​ជាប់​ ។ ដោយប្រទះ​ឃើញ​​សំបកថ្នាំ​​គួរ​ឱ្យ​​សង្ស័យ​​ក្រុមគ្រួសារនាំគ្នា​គាស់​គន្លឹះ​ទ្វារ​​បន្ទប់​ទឹក​មើល​ស្រាប់​តែឃើញ​​បងប្រុស​​របស់គេដេក​ដួល​​បែកពពុះ​មាត់ទៅ​ហើយ រួចក៏​នាំ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ ។

​ប្រភព​ព័ត៌​មាន​មួយ​​និយាយ​ថា ​យុវ​ជន​រូប​នោះ​មាន​វិបត្តិ​ស្នេហា​ គឺ​ខឹង​នារីជា​សង្សារ​ ប៉ុន្តែ​​គេពុំ​​ដឹងថា ខឹង​រឿង​អ្វីឡើយ ។ នេះ​គឺជា​​​រឿង​គួរឱ្យ​ចាប់​អារម្មណ៍​មួយ​ដែល​ក្នុង​រយៈ​ពេល​តែប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះមាន​អ្នក​លេបថ្នាំ​ប៉ុនប៉ង​​សម្លាប់​ខ្លួន​ដល់​ទៅ​​៣​នាក់ ព្រោះ​​​តែវិបត្តិ​​ស្នេហា​​​ ហើយ​អ្នក​ទាំង​នោះ​​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិជាមួយគ្នា​ និង​ត្រូវ​​​គេបញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពហុព្យាបាល​​ឡាំប៊ុន​ថន ជា​មួយគ្នាទៀត៕