ខេត្តក្រចេះ ៖ ត្រីផ្សោតមេដ៏ធំមួយក្បាលត្រូវគេប្រទះឃើញងាប់អណ្តែតទឹកនៅមាត់ច្រាំងទន្លេមេគង្គ ហើយក្រុមមន្រ្តីអភិរក្សឆ្មាំទន្លេបានចុះស្រង់ឡើងលើគោក។ ការប្រទះឃើញត្រីផ្សោតងាប់អណ្តែតទឹកនេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមន្រ្តីជំនាញកាលពីម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២០ ឧសភា នៅមាត់ច្រាំងទនេ្លក្នុងដែនអភិ
រក្សក្នុងភូមិសំបុក ស្រុកចិត្របុរី មានចំងាយជាង១គីឡូម៉ែត្រចុះក្រោមពីអន្លង់ផ្សោតកាំពី។ មិនមានប្រភពព័ត៌មានណាមួយបញ្ជាក់អំពីមូលហេតុនៃការងាប់របស់ត្រីផ្សោតមួយក្បាលនេះថា បណ្តាលមកពីអ្វីទេ ដោយមន្រ្តីអភិរក្សឆ្មាំទន្លេហាក់ដូចជាមានការបិទបាំងព័ត៌មាន។
ត្រីផ្សោតដ៏ធំមួយក្បាលនេះជាផ្សោតមេ មានទំងន់ជិត២រយគីឡូក្រាមប្រវែងជាង២ម៉ែត្រ និងប្រហែលជាមានអាយុច្រើនហើយ ព្រោះធ្មេញទាំងអស់បាក់រេចរឹល ហើយនៅលើដងខ្លួនមានស្នាមជាំខ្មៅដុំៗដោយគេសន្និដ្ឋានថាងាប់បណ្តាលមកពីជាប់មងរយៈពេលពីរថ្ងៃមក ហើយទើបត្រូវអណ្តែតឡើង និងមានសភាពហើម និងធុំក្លិនស្អុយតិចៗ។ ទោះបីជាយ៉ាងណាក្តី មន្រ្តីឆ្មាំទនេ្លមិនបានបញ្ជាក់ថាត្រីផ្សោតនេះនឹងយកទៅទុកនៅទីណាបន្តទៀតនោះទេ ដោយគ្រាន់តែនិយាយថា រង់ចាំបទបញ្ជាពីអាជ្ញាធរខេត្តទើបមានវិធានការបន្ត។
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមូលដ្ឋាន សោកស្តាយយ៉ាងខ្លាំងនៅពេលដឹងថា មានត្រីផ្សោតងាប់អណ្តែតទឹកជាបន្តបន្ទាប់ក្នុងដែនអភិរក្សដោយសារតែជាប់មង។ ពួកគាត់បានសំដែងការព្រួយបារម្ភចំពោះការផុតពូជរបស់សត្វត្រីដ៏កម្រ និងកំពុងតែមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ គួរណាស់តែអភិរក្សឲ្យ បានល្អគឺមិនត្រូវឲ្យងាប់ដោយជាប់មងនៅក្នុងដែនអភិរក្សទេ។
មហាជនឆ្ងល់ថា តើអស់លោកអភិរក្សឆ្មាំទន្លេដែលការពារត្រីផ្សោតហេតុម៉េចបង្ក្រាបអ្នកដាក់មងក្នុងតំបន់ហាមឃាត់មិនបាន? បើយកចិត្តទុកដាក់ការពារកុំឱ្យមានអ្នកនេសាទដាក់មងបណ្តែតតាមទន្លេបាន ម្ល៉េះជីវិតត្រីផ្សោតគ្មានការយាយីរហូតដល់ងាប់រាល់ៗឆ្នាំបែបនេះឡើយ ៕
ចែករំលែកព័តមាននេះ