ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ញ៉ែម សុគន្ធ ថា​នឹង​លា​ឈប់​ពី​សិល្បៈ​សំដែង​ក្រោយ​ថត​រឿង​ “ហង្ស​អន្ទាក់​ស្នេហ៍”

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​ញ៉ែម សុគន្ធ ក្នុង​វ័យ​២៨​ឆ្នាំ ​​ជា​អតីត​ហ្វ្រេស៊ី​ប៊យ ​ជំនាន់​ដំបូង​ក្នុង​អំឡុង​ឆ្នាំ​២០០២-២០០៣ ហើយ​បាន​ក្លាយ​ជា​តារា​ភាព​យន្ត​ និង​​តារា​សំដែង​កាយ​វិការខារ៉ា​អូខេ។ ​កន្លង​មក​លោក​ធ្លាប់​​​បង្ហាញ​មុខ​​តាម​កញ្ចក់​ទូរ​ទស្សន៍​នានា​ដែល​ចាក់​ផ្សាយ​វីដេអូ​ភាគ​ និង​ក្នុង​កម្ម​វិធី​​​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​របស់​ស្ថានីយ​ទូរ​ទស្សន៍​នានា​។ លោក​ញ៉ែម សុគន្ធ ជា​តារា​សំដែង​​មាន​ទេព​កោសល្យ​​ និង​មាន​ការ​គាំទ្រ​ពី​ប្រិយ​មិត្ត​ទស្សនិក​ជន​ទាំង​​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​ច្រើន។ ​លោក​ធ្លាប់​​​ចូល​រួម​សំដែង​ភាព​យន្ត​-វីដេអូ​​ប្រមាណ​ជាង​៣០​រឿង​ ក្នុង​នោះ​ភាគ​ច្រើន​សំដែង​ជា​តួឯក។​ ចុង​​ក្រោយ​​នេះ លោក​កំពុង​សំដែង​​ក្នុង​​រឿង “​ហង្ស​អន្ទាក់​ស្នេហ៍”។

លោក​ញ៉ែម សុគន្ធ ​ឱ្យ​ដឹង​ថា កន្លង​មក​លោក​ធ្លាប់​​​ចេញ​ទៅ​​ច្រៀង​នៅ​​សហ​រដ្ឋ​អាមេរិក បារាំង កាណាដា និង​អូស្ត្រាលី​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក្តី ពេល​នេះ​​លោក​បែរ​ជា​ចង់​លា​ឈប់ពី​​អាជីព​សិល្បៈ ដោយ​លោក​យល់​ថា ការ​ចាប់​អាជីព​​សិល្បៈ​ល្បី​ឈ្មោះ​បោះ​សំលេង​​ដូច​​ស្គរ​ តែ​ខាងក្នុង​​គ្មាន​អ្វី​​​ទេ ម៉្លោះ​ហើយ​លោក​ចង់​​ងាក​ទៅ​រក​មុខ​របរ​រក​ស៊ី​វិញ​ម្តង។ ​តារា​រូប​នេះ​នៅ​ពេល​​ជួប​ជា​មួយ​អ្នក​យក​ព័ត៌​មាន​​ព្យាយាម​គេច​​មុខ ដោយ​និយាយ​ថា “លោក​មិន​ចង់​សំភាសន៍ មិន​ចង់​ល្បី​អ្វី​ទេ ហើយ​ក្រោយ​ពី​សំដែង​​រឿង “​ហង្ស​អន្ទាក់​ស្នេហ៍” ចប់​លោក​នឹង​លា​ឈប់​​ពី​សិល្បៈ​ហើយ”។ លោក​និយាយ​បែប​នេះ​បង្ហាញ​ថា លោក​ឆ្អែត​ឆ្អន់​នឹង​អាជីព​សិល្បៈ​ដោយ​សារ​វា​មិន​លើក​ស្ទួយ​ជីវ​ភាព​របស់​លោក​ឱ្យ​ថ្កុំ​ថ្កើង តែ​ផ្ទុយ​ទៅ​វិញ​មាន​អ្នក​សិល្បៈ​ជា​ច្រើន​ធូរ​ធារ​ដោយ​សារ​​អាជីព​នេះ។

សព្វថ្ងៃ​​នេះ​លោកញ៉ែម សុគន្ធ ធ្វើ​​​ជា​អ្នក​ដឹក​នាំ​តារា​​សំដែង​​​កាយ​វិការ​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​រៃ​មាសផង​ដែរ។ គេ​នឹង​រង់ចាំ​មើល​ តើ​លោក​លា​ឈប់​ពី​អាជីព​សិល្បៈ​មែន​ឬ​យ៉ាង​ណា ហើយ​​បើ​ឈប់​មែន​តើ​លោក​ប្រកប​របរ​អ្វី៕