វែកមុខក្រុមជនសង្ស័យប្លន់អ្នកលក់មាសនៅក្រុងបានលុង ចាប់ប្តី-ប្រពន្ធនិងកូន រឹបអូសបានវិញ៥០% សល់៤នាក់រត់គេចខ្លួន
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:១៧
យក្សឡោម
គ្រឿងអលង្ការដែលសមត្ថកិច្ចប្រមូលបានមកវិញខ្លះ និងការបង្ហាញជនសង្ស័យ
ខេត្តរតនគិរី ៖ ក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធបីនាក់ត្រូវបានកំលាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកំលាំងអធិការដ្ឋានក្រុងបានលុង ដឹកនាំដោយលោកហូង ប៊ុនថាណម នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការឡោមព័ទ្ធស្ទាក់ចាប់ខ្លួននៅលើទួលបឹងកំសាន្ត ស្ថិតនៅក្នុងភូមិ៧ សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីរសៀលថ្ងៃទី៣ កញ្ញា ។ តាមការសាកសួរនៅការិយាល័យកំរិតធ្ងន់ ជនសង្ស័យទាំងនេះបានឱ្យដឹងថា មានបក្សពួករបស់ខ្លួន ៤នាក់ទៀត កំពុងគេចខ្លួន ។
ចំពោះជនសង្ស័យប្លន់ប្រដាប់អាវុធមួយក្រុមដែលត្រូវចាប់ខ្លួននេះ គឺជាក្រុមធ្វើសកម្មភាពប្លន់អាជីវករលក់គ្រឿងអលង្ការ កាលពីល្ងាចថ្ងៃទី២៤ សីហា កន្លងមកនេះនៅភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលអាជីវកររងគ្រោះឈ្មោះនួន ពៅ អាយុ៣៣ឆ្នាំ ។ ក្នុងអំពើប្លន់នោះត្រូវបានបាត់បង់គ្រឿងអលង្ការ ត្បូង និងលុយសរុបជាទឹកប្រាក់អស់ជាង៩.០០០ដុល្លារ ដែលក្រុមចោរយកទៅ ។ ក្រោយពីកំលាំងសមត្ថកិច្ចសហការស្រាវជ្រាវ និងរុករកគ្រប់ច្រកល្ហក ទើបឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងវត្ថុតាងមួយចំនួន ។
លោកផែន ឌីណា នាយការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានឱ្យដឹងកាលពីព្រឹកថ្ងៃទី៥ កញ្ញា ថា ជនសង្ស័យទាំងបីនាក់ដែលចាប់ខ្លួននោះ គឺជាប្តីប្រពន្ធ និងកូនដែលមាន១-ឈ្មោះសេង ចាន់ អាយុ៤២ឆ្នាំ ត្រូវជាប្តី មានស្រុកកំណើតនៅភូមិស្វាយកណ្តាល ឃុំព្រែកក្តាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ២-ឈ្មោះសុខ វឿន អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធ មានស្រុកកំណើតនៅភូមិរោងគោ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម និង៣-ឈ្មោះចាន់ ជឿន ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាកូន ។ អ្នកទាំងបីបានមកស្នាក់នៅផ្ទះជួលនៅលើទួលកំសាន្តក្នុងភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ។
លោកប្រធានការិយាល័យបានបន្តទៀតថា តាមចំលើយសារភាពរបស់ជនសង្ស័យ គឺបានរួមគំនិតគ្នាក្នុងអំពើប្លន់ផ្តល់មធ្យោបាយធ្វើសកម្មភាព និងអាវុធ AK ស្វាយបត់២ដើម ដែលមានលេខ១១៧១ និង១២០៦ មាន១៩គ្រាប់ ដែលឆែករកឃើញនៅក្នុងផ្ទះជនសង្ស័យ និងចិញ្ចៀនមួយវង់ ក្រវិល១គូ ទើបធ្វើឱ្យសមត្ថកិច្ចកំណត់មុខសញ្ញាកាន់តែច្បាស់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានប្រាប់អំពីបក្សពួកចំនួន៤នាក់ទៀត ដែលកំពុងគេចខ្លួន ១-ឈ្មោះឆុន គឹមឈាន ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតនៅមេមត់ ខេត្តកំពង់ចាម មានតួនាទីជាអនុប្រធានសាខាកាសែតមួយឈ្មោះការពិតប្រចាំខេត្តរតនគិរី ២-ឈ្មោះយឿន យៀត ហៅចូច ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ជាប្រធានសាខាកាសែតឈ្មោះការពិតប្រចាំខេត្តមណ្ឌលគិរី និងរតនគិរី ។ ឈ្មោះនេះធ្លាប់ប្លន់នៅបាត់ដំបង ត្រូវបានចាប់ខ្លួននៅខេត្តកំពង់ឆ្នាំង បញ្ជូនទៅបាត់ដំបង ដាក់គុកនៅបាត់ដំបង ហើយត្រូវបានដោះលែងដោយតុលាការខេត្ត តែសាលាឧទ្ធរណ៍បង្គាប់ឱ្យសមត្ថកិច្ចតាមរកចាប់ខ្លួនវិញ ។ ៣-ឈ្មោះហាក់ ភេទប្រុស អាយុ៣០ឆ្នាំ ពុំត្រូវបានស្គាល់អត្តសញ្ញាណកំណើត និង៤-ឈ្មោះចាន់ សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនរបស់ជនសង្ស័យដែលបានចាប់ខ្លួនខាងលើ ។
ក្នុងករណីចាប់ជនសង្ស័យក្នុងអំពើប្លន់នេះដែរ ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ បាននាំទៅយកគ្រឿងអលង្ការដែលបានលាក់ទុកនៅក្នុងព្រៃក្រោយផ្ទះយកមកពិនិត្យ និងប្រមូលបានមកវិញប្រមាណជា៥០%គឺ ចិញ្ចៀន៦២វង់ ក្រវិល២៩គូ បន្តោងខ្សែ.ក១៥ ក្រវិលប្រាក់៤គូ ត្បូងធម្មជាតិ ត្បូងច្នៃ៩៥៩ការ៉ាត់ និងវត្ថុតាងមួយចំនួនផ្សេងទៀត ។ មុននឹងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ គឺនៅព្រឹកថ្ងៃទី៣ កញ្ញា ជនសង្ស័យត្រូវជាប្រពន្ធបានយកចិញ្ចៀន និងក្រវិល១គូ ទៅលក់ឱ្យអាជីវករក្នុងផ្សារបានលុង ដែលត្រូវជាបងថ្លៃរបស់អាជីវករដែលរងគ្រោះក្នុងអំពើប្លន់កាលពីប៉ុន្មានថ្ងៃមុន ហើយចៃដន្យក្នុងពេលនោះជនរងគ្រោះឈ្មោះនួន ពៅ នៅទីនោះដែរ ក៏សុំចិញ្ចៀន និងក្រវិលនោះមើល ទើបដឹងច្បាស់ថា ជារបស់ខ្លួន ។ ពេលនោះស្ត្រីជាជនសង្ស័យបានយកចិញ្ចៀន និងក្រវិលនោះវិញ ក្នុងបំណងគេចខ្លួន តែត្រូវជនរងគ្រោះនួន ពៅ តាមពីក្រោយ ហើយទូរស័ព្ទប្តឹងមន្ត្រីការិយាល័យកំរិតធ្ងន់ភ្លាមៗ ។
ទំនងជាដឹងខ្លួន ស្ត្រីសង្ស័យបានចូលក្នុងបង្គន់ផ្ទះអ្នកនៅជិតផ្សារនោះយ៉ាងយូរមិនព្រមចេញ ហើយលោកប៊ុនថា ណម នាយការិយាល័យព្រហ្មទណ្ឌឈរនៅមុខបង្គន់រង់ចាំរហូតដល់ស្ត្រីនោះចេញ ក៏ធ្វើការឃាត់ខ្លួន រួចនាំទៅផ្ទះឃាត់ខ្លួនបន្តបានបុរសជាប្តី និងកូននាំមកការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។ យោងតាមវត្ថុតាងដែលរឹបអូសបាន និងចំលើយសារភាព សមត្ថកិច្ចសន្និដ្ឋានថា រាល់សកម្មភាពប្លន់ផ្ទះអ្នកលក់មាសប៉ុន្មានករណីនៅក្នុងខេត្តរតនគិរី គឺជាក្រុមជនទាំងនេះ ហើយសមត្ថកិច្ចក្នុងខេត្តរតនគិរី ក៏កំពុងធ្វើការស្រាវជ្រាវបន្តយ៉ាងសកម្មបំផុត ដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលបានគេចខ្លួន ។ ឯជនសង្ស័យទាំងបីនាក់ដែលចាប់ខ្លួនបាន ត្រូវកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅតុលាការខេត្ត ៕