ចង់បានសំលៀកបំពាក់ និងទូរស័ព្ទសុំមាសម្តាយ១ជីមិនបានចង.ក
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:៥៤

ចោមចៅ
សពត្រូវក្រុមគ្រួសារយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តសុវណ្ណអម្ពារ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់សុំមាសម្តាយ១ជីដើម្បីយកទៅលក់យកលុយទិញសំលៀកបំពាក់ និងទូរស័ព្ទដៃមិនបានតូចចិត្តរត់ចេញពីផ្ទះបាត់មួយយប់ លុះព្រឹកឡើងស្រាប់តែគេប្រទះឃើញចង.ក ស្លាប់បាត់ទៅហើយ កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១០ នៅនឹងដើមក្រសាំង ក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យុវជនរូបនោះឈ្មោះស សាវ័ន្ត អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី៨នៅវិទ្យាល័យពងទឹក ។ គេបានយកខ្សែនីឡុងចង.កភ្ជាប់ទៅនឹងមែកក្រសាំងខាងក្រោយផ្ទះចំងាយប្រមា២០០ម៉ែត្រ ។
តាមអ្នកភូមិឱ្យដឹងថា យុវជនរូបនោះមានបងប្អូន២នាក់រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយឈ្មោះស សាន អាយុ៤៥ឆ្នាំ ជាកសិករ ។ ក្នុងអំឡុងពេលវិស្សមកាលគេឆ្លៀតពេលធ្វើជាកម្មករសំណង់ ហើយនៅវេលាល្ងាចថ្ងៃទី៨ កញ្ញា ពេលរូបគេត្រឡប់មកពីធ្វើការវិញបានសុំមាសម្តាយ១ជីយកទៅលក់យកលុយទិញសំលៀកបំពាក់ និងទូរស័ព្ទដៃ ។ ពេលនោះស្ត្រីជាម្តាយមិនទាន់ឆ្លើយថាឱ្យឬមិនឱ្យទេ ប៉ុន្តែជីដូនរបស់គេនិយាយណែនាំឱ្យរូបគេខំប្រឹងសន្សំលុយយកទៅទិញសំភារទាំងនោះទៅ ។
ប្រភពដដែលបន្តថា បន្ទាប់ពីឮជីដូនប្រាប់បែបនេះស សាវ័ន្ត លែងនិយាយស្តីអ្វីទាំងអស់នរណាសួរនាំក៏លែងនិយាយរកដែរ គឺគិតតែពីអង្គុយសំកុកស្ងៀម និងមានទឹកមុខក្រៀមក្រំ ។ នៅវេលាម៉ោង៦ និង៣០នាទីល្ងាចគេចាកចេញពីផ្ទះទៅបាត់ ។ លុះដល់វេលាព្រឹកស្អែកឡើងអ្នកជិតខាងដើរទៅបោចស្មៅនៅក្នុងស្រែស្រាប់តែប្រទះឃើញគេចង.កស្លាប់បាត់ទៅហើយ ។ សពត្រូវក្រុមគ្រួសារយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តសុវណ្ណអម្ពារ ហៅវត្តស្វាយមាស ប៉ុន្តែរៀបចំពិធីបុណ្យនៅផ្ទះដែលនៅជិតនោះ ព្រោះអ្នកស្រុកប្រកាន់យកទំនៀមទំលាប់មិនឱ្យដឹកយកសពដែលចង.កចូលភូមិទេ ៕