រាជធានីភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ដាក់បទបញ្ជាថា ល្បែងស៊ីសង, ពេស្យាចារ, ក្លឹបរាត្រី និងរាំស្រាត គឺអាជ្ញាធរ សមត្ថកិច្ចត្រូវតែធ្វើយុទ្ធនាការបង្ក្រាបឱ្យបានខ្ជាប់ខ្ជួន មិនត្រូវដកខ្លួនទេ ធ្វើការបង្ក្រាបទាំងអស់គ្នា មិនអនុញ្ជាតឱ្យសមត្ថកិច្ចធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ ។
សម្ដេចតេជោមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា សំរាប់ឆ្នាំ២០០៨-២០០៩ និងលើកទិសដៅឆ្នាំ២០០៩-២០១០ កាលពីរសៀលថ្ងៃទី១៩ មីនា នៅវិទ្យាស្ថានជាតិអប់រំ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ឆ្នាំ២០១០ នេះ គឺជាឆ្នាំគាស់រំលើងបទល្មើសទាំងឡាយ ដូចជាគ្រឿងញៀន, ល្បែងស៊ីសង, ពេស្យាចារ, ក្លឹបកំសាន្ដ និងរាំស្រាត គឺគាស់រំលើងមិនដកដៃ…យើងក៏ចង់ដឹងដែរថា តើបទល្មើសទាំងឡាយនោះវាក្បាលរឹង ឬក៏សមត្ថកិច្ចរឹង ឬក៏ច្បាប់រឹង…។
សម្ដេចតេជោបញ្ជាក់ថា បញ្ហាបង្ក្រាបនេះ គឺត្រូវធ្វើនៅតាមមូលដ្ឋានតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ហើយត្រូវដាក់ពិន្ទុឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំផងដែរ…ជាពិសេសរាជធានីភ្នំពេញ លោកកែប ជុតិមា ត្រូវតែចាត់វិធានការឱ្យគត់មត់ មិនត្រូវបន្ធួរដៃឡើយ ។ ចំណែកមន្ដ្រីនានា ដែលធ្លាប់ចូលខារ៉ាអូខេ និងក្លឹបកំសាន្ដផ្សេងៗ ប្រយ័ត្នជាប់ខ្នោះដោយសារតែការប្រព្រឹត្ដរបស់ខ្លួន ហើយបើបានជាជាប់ខ្នោះហើយ គឺគ្មានលើកលែងទេ នឹងត្រូវហៅអ្នកទូរទស្សន៍ អ្នកកាសែតមកថតចុះផ្សាយឱ្យអាម៉ាស់តែម្ដង ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីរំពឹងថា ការអនុវត្ដន៍តឹងរ៉ឹងបែបនេះ យើងមិនជឿថា សមាជិក សមាជិកានៃរដ្ឋសភាបោះឆ្នោតទម្លាក់ខ្ញុំឡើយ គឺខ្ញុំធ្វើដើម្បីប្រទេស សង្គមជាតិ ៕
ចែករំលែកព័តមាននេះ