តួឯកស្រីនៅក្នុងខ្សែភាពយន្ដហែរីផតធ័រ និងប្រុសស្នេហ៍បានចែកផ្លូវគ្នា
ដោយ ៖ សាម៉ន
ថ្ងៃសៅរ៏ ទី២០ ខែមិនា ឆ្នាំ២០១០ ម៉ោង ២០:៣១
គេហទំព័របរទេស
នាង Emma Watson តារាភាពយន្ដវ័យកេ្មង
នាង Emma Watson ជាតារាភាពយន្ដ សញ្ជាតិអង់គ្លេស ដែលទទួលបានភាពល្បីល្បាញបំផុតដោយសារតែការដើរជាតួឯក នៅក្នុងខ្សែភាពយន្ដហែរីផតធ័រ ត្រូវបានប្រភពព័ត៌មានឱ្យដឹងថា ពេលនេះនាងបានបែកបាក់គ្នាជាមួយប្រុសស្នេហ៍របស់នាងហើយ ។ នាង Emma Watson ជាតារាភាពយន្ដល្បីឈ្មោះវ័យក្មេង និងមានសំរស់ស្រស់ស្អាតគួរឱ្យទាក់ទាញ ។ ចំណែកលោក Jay Barrymore ជាហិរញិកម្នាក់ ហើយលោកចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយ នាង Emma Watson កាលពីឆ្នាំ២០០៨ កន្លងមក ដែលបើគិតរហូតមកដល់ពេលនេះពន្លកស្នេហ៍របស់ពួកគេដុះលូតលាស់បានរយៈពេលជាង២ឆ្នាំហើយ ។
នាង Emma Watson អាយុ២០ឆ្នាំ បានជាប់ចំណាត់ថ្នាក់ជាតារាភាពយន្ដស្រីដែលរកប្រាក់ចំណូលបានច្រើនបំផុត នៅហូលីវូដ ប្រចាំឆ្នាំ២០០៩ ។ ភាគច្រើននៃប្រាក់របស់នាងគឺបានមកពីការសំដែងនៅក្នុងខ្សែភាពយន្ដហែរីផតធ័រ ។
យោងតាមព័ត៌មានដដែលបានឱ្យដឹងទៀតថា ការចែកផ្លូវគ្នារវាងនាង Emma និង លោក Jay Barrymore កើតឡើងក្រោយពីពួកគេមានការចំរូងចំរាសជាមួយគ្នាអស់រយៈពេលប៉ុន្មានខែ ដោយសារនាង Emma ត្រូវស្នាក់នៅសហរដ្ឋអាមេរិក ដើម្បីបន្ដការសិក្សាថ្នាក់មហាវិទ្យាល័យរបស់នាង ។
តាមប្រភពមួយទៀតបានបង្ហើបឱ្យដឹងថា នៅពេលនាង Emma ធ្វើដំណើរទៅសហរដ្ឋអាមេរិក លោក Jay មានការខឹងសម្បាយ៉ាងខ្លាំង រហូតនាំឱ្យកើតការចំរូងចំរាសជាមួយគ្នា ហើយពេលនេះត្រូវចែកផ្លូវគ្នា ៕