កុល ដាវី សារភាពថា នៅ ស៊ីនឿន ជាមិត្ដយល់ចិត្ដទៅណាមកណាតែងតែទៅជាមួយគ្នា
ដោយ ៖ សាម៉ន
ថ្ងៃព្រហស្បត្ត៏ ទី២៩ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១០:១៨
រាជធានីភ្នំពេញ ៖ កញ្ញាកុល ដាវី ក្នុងវ័យ២៤ឆ្នាំ ត្រូវបានគេស្គាល់តាមរយៈទំព័រសារព័ត៌មាន និងតាមកញ្ចក់ទូរទស្សន៍នានាថា ជាពិធីការិនី ជាតារាសំដែងកាយវិការខារ៉ាអូខេ-ភាពយន្ដ និងជាតារាបង្ហាញម៉ូដនិយមស្លៀកពាក់ បែបសិចស៊ី ។ កញ្ញាកុល ដាវី បានចូលប្រឡូកក្នុងពិភពសិល្បៈរយៈពេល៦ឆ្នាំមកហើយ និងទទួលបានជោគជ័យជាបន្ដបន្ទាប់ ។ នាងធ្លាប់សំដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មជាច្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសនោះនាងបានចូលរួមសំដែងក្នុងខ្សែវីដេអូភាគជាច្រើនបញ្ចាំងនៅស្ថានីយទូរទស្សន៍បាយ័ន CTN និងប៉ុសិ៍្ដលេខ៥ ។
នាងត្រូវបានគេស្គាល់កាន់តែខ្លាំងឡើងតាមរយៈរឿង “ចំរៀងស្នេហ៍រលកជីវិត” ដែលនាងសំដែងជាតួឆ្នាសឆ្នើមឈ្មោះនាងវិល័យដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុសិ៍លេខ៥ ។ ក្រៅពីនេះនាងធ្វើជាពិធីការិនីក្នុងកម្មវិធីទូរទស្សន៍អប្សរា និងទូរទស្សន៍ប៉ុសិ៍្ដលេខ៥ ។ ក្នុងឆ្នាំ២០១០នេះ កញ្ញាកុល ដាវី បានចូលរួមសំដែងក្នុងខ្សែរឿងភាគ ដូចជារឿង “វិញាណស្នេហ៍ប្រែរូប” ជាតួអង្គឆ្នាសរឿង “កូនភ្លោះខ្ទើយហូលីវូដ” និងរឿង “ហង្ស អន្ទាក់ស្នេហ៍” ជាដើម ។ ក្នុងរឿងទាំងអស់នោះអ្នកដឹកនាំរឿងតំរូវឱ្យនាងសំដែងជាតួកាចឆ្នាស និងថតយកសំលេងផ្ទាល់តែម្ដង ហើយកំពុងត្រៀមចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នាពេលខាងមុខនេះ ។
ទន្ទឹមនឹងការជោគជ័យក្នុងអាជីពសិល្បៈរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កញ្ញាកុល ដាវី ក៏ទទួលរងពាក្យចចាមអារ៉ាមអាស្រូវជា ច្រើនដែរដូចជាថា នាងលួចលាក់ស្នេហាជាមួយប្ដីគេ និងស្រលាញ់គ្នាជាមួយកូនសេដ្ឋីត្រូវគេ ទិញផ្ទះ និងរថយន្ដទំនើបឱ្យជិះជាដើម ។ ទោះជាយ៉ាងណាក្ដីពាក្យចចាមអារ៉ាមទាំងនោះ នាងច្រានចោលទាំងអស់ ។ ដោយឡែកនាពេលថ្មីៗនេះ ទស្សនិកជន និងអ្នកសិល្បៈរួមអាជីពជាច្រើនសំគាល់ឃើញកញ្ញាកុល ដាវី ទៅណាមកណាតែងតែបណ្ដើរប្រុសក្មេងនៅ ស៊ីនឿន ដែលជាតារាចំរៀងថ្មីយ៉ាងស្និទ្ធស្នាលដូចជាគូស្នេហ៍នឹងគ្នា ។
មិនតែប៉ុណ្ណោះមានអ្នកខ្លះនិយាយថា នាងជាស្រីស៊ីវិល័យដូចក្នុងខ្សែភាពយន្ដដែលនាងសំដែងដែរ គឺចិញ្ចឹមប្រុសក្មេង ហើយថែមទាំងចំណាយលុយទិញឡានឱ្យជិះទៀតផង ។ ទោះជាយ៉ាងណាក្ដី នៅពេលយើងសួរនាងតាមទូរស័ព្ទ នាងបានឆ្លើយទាំងសើចរបៀបហួសចិត្ដថា “នាងខ្ញុំគ្មានពាក់ព័ន្ធស្នេហាជាមួយលោកនៅ ស៊ីនឿន នោះទេ ហើយពាក្យគេថានាងខ្ញុំទិញរថយន្ដឱ្យនោះក៏គ្មានដែរ គឺរថយន្ដរបស់ ស៊ីនឿន គេជាអ្នករកលុយទិញដោយខ្លួនឯង។ គេគ្រាន់តែជាមិត្ដជិតស្និទ្ធយល់ចិត្ដគ្នាប៉ុណ្ណោះ ម្ល៉ោះហើយទៅណាមកណា តែងតែទៅជាមួយគ្នាក្នុងលក្ខណៈស្អិតល្មួតជាប់គ្នាបែបនេះ ហើយទើបគេយល់ច្រឡំ” ៕