បន្លែបៃតងអាចកាត់បន្ថយជំងឺទឹកនោមផ្អែម ដែលកើតលើមនុស្សមានវ័យចំណាស់
ដោយ ៖ សាម៉ន
ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០១០ ម៉ោង ១០:២៤
គេហទំព័របរទេស
បន្លែស្រស់
ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកប៉ាទ្រីស ខាទ័រ មកពីមហាវិទ្យាល័យឡេស្ទ័រ នៅភាគកណ្តាលប្រទេសអង់គ្លេស បានសិក្សាស្រាវជ្រាវចំនួន៧លើក លើមនុស្ស២២០.០០០នាក់ ដើម្បីស្វែងរកការពាក់ព័ន្ធរវាងការទទួលទានបន្លែ ផ្លែ ឈើជាមួយជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺទឹកនោមផ្អែមដែលកើតលើមនុស្សចាស់ ។
លទ្ធផលបង្ហាញថា ការទទួលទានបន្លែបៃតងជួយកាត់បន្ថយការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមបាន១៤%។ ជំងឺទឹកនោមផ្អែមប្រភេទ២ ដែលជួបប្រទះញឹកញាប់ បានរាតត្បាតទៅលើក្រុមប្រទេសមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្រោះមនុស្សជាច្រើននិយមទទួលទានអាហារដែលមានជាតិខ្លាញ់ និងស្ករ រួមទាំងមិនសូវហាត់ប្រាណទៀតផង ។
អង្គការសុខភាពពិភពលោកបានឱ្យដឹងថា មានប្រជាជននៅទូទាំងសាកលលោកជាង២២០លាននាក់ មានជំងឺទឹកនោមផ្អែម និងមានអ្នកស្លាប់ដោយជំងឺខាងលើ មិនតិចជាង១លាននាក់ទេក្នុងមួយឆ្នាំៗ ។
មានការដឹងច្បាស់ថា ការជ្រើសរើសទទួលទានអាហារដែលល្អ និងការហាត់ប្រាណនឹងជួយបង្ការជំងឺទឹកនោមផ្អែម ប៉ុន្តែនៅមានការប្រកែកតវ៉ាថា តើអាហារប្រភេទណាផ្តល់លទ្ធផលល្អបំផុតក្នុងការការពារជំងឺខាងលើ ។ក្រុមស្រាវជ្រាវរបស់លោកខាទ័រ បានផ្តល់សំណើថា បន្លែពណ៌បៃតងអាចការពារជំងឺទឹកនោមផ្អែមបាន ព្រោះមានសារធាតុប្រឆាំងជាតិពុលក្នុងខ្លួនប្រាណ និងមានជាតិម៉ាញេស្យូមខ្ពស់៕