រាជធានីភ្នំពេញ ៖ អ្នកតាមដានទស្សនាខ្សែវីដេអូភាគរឿង«ល្មមហើយលោកប្តី» កំពុងចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប្រាកដជាបានស្គាល់តួអង្គនារីលេខាដ៏ស្រស់ស្អាតម្នាក់ ដែលទាក់ទាញបេះដូងលោកនាយករងទេព រិនដារ៉ូ ឱ្យលិចលង់ក្នុងជំរៅស្នេហ៍ នោះគឺកញ្ញាអាន សូនីតា ។នាងជាតារាភាពយន្តនិងបង្ហាញម៉ូដ ដែលកំពុងមានមហិច្ឆតាចង់ក្លាយជាមេធាវីការពារជនក្រីក្រនាពេលអនាគត ។
ពាក់ព័ន្ធនឹងចំណង់ចំណូលចិត្តធ្វើជាមេធាវីការពារជនក្រីក្រ តារាសំដែងរូបនេះបានបញ្ជាក់ថា នាងឆ្លងកាត់ការលំបាកច្រើន និងមានមនោសញ្ចេតនាជាមួយជនក្រីក្រដែលអាចនឹងទទួលភាពអយុត្តិធម៌ក្នុងសង្គម។ នាងមានជំនឿថា ជួយជនក្រីក្រនឹងនាំឱ្យមានឈ្មោះបោះសម្លេងក្នុងសង្គមនិងទទួលបានបុណ្យកុសលថែមទៀត។
កញ្ញាអាន សូនីតា មានអាយុ១៩ឆ្នាំ បានចូលប្រឡូកយ៉ាងជ្រៅក្នុងវិស័យសិល្បៈក្រោយពេលប្រឡងជាប់ជាកញ្ញាឯកប្រ៊ីតស្តុន ចំណាត់ថ្នាក់លេខ៣ ជាបេក្ខនារីមកពីខេត្តក្រចេះ ។ ក្រៅពីមមាញឹកក្នុងការថតកាយវិការខារ៉ាអូខេឱ្យផលិតកម្មរស្មីហង្សមាស នាងទទួលបានការងារមួយចំនួនទៀតដូចជាការថតផ្សាយពាណិជ្ជកម្មជាដើម ។ កញ្ញាសូនីតា និយាយថា វិស័យសិល្បៈបានធ្វើឱ្យនាងមានមុខមាត់ក្នុងសង្គម បើទោះបីជាពេលខ្លះទទួលរងនូវការរិះគន់ក៏ដោយ ។ នាងចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូងតាមរយៈបងថ្លៃរបស់នាងដែលសង្កេតឃើញនិស្ស័យរបស់នាងទោរទន់ទៅលើវិស័យនេះតាំងពីតូចមក។នាងបានសាកល្បងដាក់ពាក្យចូលរួមប្រឡងកញ្ញាឯកប្រ៊ីតស្តុន នាចុងឆ្នាំ២០០៨ ហើយមានសំណាងបានជាប់ចំណាត់ថ្នាក់លេខ៣ ។ ចាប់ពីពេលនោះមកឈ្មោះរបស់នាងត្រូវបានគេទទួលស្គាល់ ហើយក្រុមហ៊ុនមួយចំនួនបានទាក់ទងនាងឱ្យថតផ្សាយពាណិជ្ជកម្មព្រមទាំងសំដែងកាយវិការខារ៉ាអូខេនិងសំដែងភាពយន្ត-វីដេអូជាបន្តបន្ទាប់ ។ រហូតមកដល់ពេលនេះនាងសំដែងក្នុងខ្សែភាពយន្ត-វីដេអូភាគបានចំនួន៦មានរឿង មានរឿងកន្ទោងផ្តាច់ព្រលឹង, ព្រលឹងសងសឹក, ខ្មោចពោះធំ, ផ្ការីកពេញរដូវ, សម្លាញ់ និងរឿងល្មមហើយលោកប្តី កំពុងចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
ទោះបីជានាងមានរូបសម្ផស្សស្រស់ស្អាតក៏ដោយ តែសូនីតាបានប្រាប់ថា បេះដូងរបស់នាងនៅទំនេរមិនទាន់ប្រគល់ឱ្យបុរសណាម្នាក់ឡើយ ។ នាងសារភាពថា មិនខ្វះទេអ្នកដែលចង់ភ្ជាប់និស្ស័យស្នេហ៍ជាមួយនាង តែប្រហែលមិនទាន់ដល់គូព្រោះដំណើរផ្សងព្រេងក្នុងវិស័យសិល្បៈនិងក្តីប្រាថ្នាជាមេធាវីរបស់នាងនៅវែងឆ្ងាយណាស់ ។ នាងយល់ថាប្រសិនបើយកបញ្ហាស្នេហាមកឡូកឡំនោះក្តីប្រាថ្នារបស់នាងនឹងត្រូវចប់មិនខាន ៕
ចែករំលែកព័តមាននេះ