រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា លោកមិន ឃិន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបើកវិញាសាប្រឡងធម្មវិន័យបីថ្នាក់គឺថ្នាក់ត្រី ទោ និងឯក នៅទូទាំងប្រទេសកម្ពុជា ។ ការកាត់ប្រអប់សំបុត្រនៃ មុខវិជ្ជាជានិមិត្ដរូបនោះធ្វើឡើងក្នុងវត្ដទួលទំពូង សង្កាត់ទួលទំពូង ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០១០ ដែលមាន បេក្ខសមណសិស្សប្រមាណ៣១៩អង្គ ។ តាម មន្ដ្រីធម្មការ និងសាសនាបានឱ្យដឹងថា កម្មវិធីប្រឡងនេះមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើព្រមគ្នានៅទូទាំងប្រទេស គឺចំថ្ងៃអាទិត្យ ដែលសិស្សានុសិស្សឈប់សំរាក ហើយក្រសួងបានខ្ចីកន្លែងប្រឡង ។
បេក្ខសមណសិស្សទូទាំងរាជធានី និងខេត្ដមានចំនួនសរុប១០.៤៨៤អង្គ ស្មើ៤៨០បន្ទប់ ។ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ការិយាល័យធម្មវិន័យនៃក្រសួងធម្មការ និងសាសនាបានបញ្ជាក់អំពីស្ថិតិសមណសិស្សប្រឡងធម្មវិន័យនៅទូទាំងប្រទេសថ្ងៃទី៣ មករា ឆ្នាំ២០១០ មានសមណសិស្សថ្នាក់ត្រី ចំនួន៦.៥៨៦អង្គ ស្មើ២៩៤បន្ទប់ ។ សិស្សថ្នាក់ទោ មានចំនួនសរុប២.៤៣៥អង្គ ស្មើនឹង ១១៩បន្ទប់ និងសិស្សថ្នាក់ឯក មានចំនួន សរុប១.២៨៣អង្គ ស្មើ៧១បន្ទប់ ។
សមណសិស្សប្រឡងច្រើនជាងគេ គឺខេត្ដកំពង់ចាម ខេត្ដបាត់ដំបង ខេត្ដសៀមរាប និងខេត្ដកណ្ដាល ។ ខេត្ដដែលមានសមណសិស្ស ប្រឡងតិចជាងគេ គឺខេត្ដរតនគិរី មណ្ឌលគិរី ប៉ៃលិន និងស្ទឹងត្រែង រីឯខេត្ដដែលគ្មានសមណសិស្សម្នាក់សោះនោះគឺ ខេត្ដកែប និងខេត្ដព្រះវិហារ ។ ទោះបីជាខេត្ដ ដែលមិនមានសមណសិស្សមកប្រឡងនឹងគេក្ដី ក៏ប៉ុន្ដែទីនោះនៅតែមានព្រះសង្ឃ និងវត្ដអារាមជាទីស្រែបុណ្យនៃពុទ្ធបរិស័ទផងដែរ ។
លោកមិន ឃិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនាបានថ្លែងទៅកាន់សមណសិស្សនៅព្រឹកថ្ងៃទី៣ មករា ក្នុងវត្ដទួលទំពូងថា ទីនេះជាមណ្ឌលប្រឡងលើកទី២ ។ នៅទូទាំងប្រទេសកម្ពុជាយើង មានពុទ្ធិកសាកលវិទ្យាល័យខេត្ដ-រាជធានីសំខាន់ៗជាច្រើនដូច្នេះព្រះសង្ឃអាចរៀនពុទ្ធវិន័យ ពុទ្ធប្បវត្ដិ ប្រជុំកងធម៌ និងសាសនសុភាសិតបានយ៉ាងល្អ ។ ដើម្បីលើកទឹកចិត្ដសមណសិស្សប្រឡងនាពេលនោះ លោកបានឱ្យដឹងទៀតថា “រាជ រដ្ឋាភិបាលបានលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយក៏មិនបោះបង់សមណសិស្សអង្គណាដែលមានសញាបត្រចោលដែរ” ។
ព្រះគ្រូចៅអធិការវត្ដទូលទំពូងក៏បានសំណូមពរសុំឱ្យក្រសួងបើកនូវពុទ្ធិកបឋមសិក្សាមួយដែរ ។ លោករដ្ឋមន្ដ្រីមានប្រសាសន៍ថា សមណសិស្សទាំងអស់នឹងខិតខំយកជ័យជំនះឱ្យខាងតែបាន និងប្រឡងជាប់គ្រប់គ្នា ។ បេក្ខសមណសិស្សនៃរាជធានីភ្នំពេញ ដែលបានចុះឈ្មោះប្រឡងមានចំនួនសរុប៣១៩អង្គ មាន១៣បន្ទប់ សំរាប់ប្រឡង ប្រចាំឆ្នាំ២០០៩-២០១០ ។ លោកផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានឱ្យដឹងថា “ថ្នាក់ត្រីមានបេក្ខ សមណសិស្ស១៥៣អង្គ មាន៦បន្ទប់ ថ្នាក់ទោ មានបេក្ខសមណសិស្ស១០០អង្គ មាន៤បន្ទប់ និងថ្នាក់ឯកមានបេក្ខសមណសិស្ស៦៦អង្គមាន៣បន្ទប់” ។
ព្រះពុទ្ធវង្ស ជា សំអាង អគ្គាធិការរង ពុទ្ធិកសិក្សាជាតិ មានសង្ឃដីកាថា សមណសិស្សមានការប្រឡងរាល់ឆ្នាំ ហើយព្រះអង្គសុំឱ្យបញ្ចេញស្នាដៃ និងភាពច្បាស់លាស់របស់ខ្លួន ដើម្បីយកចំណេះទៅបំរើពុទ្ធបរិស័ទ ។ ព្រះអង្គក៏បានប្រសិទ្ធពរជ័យដល់បេក្ខសមណសិស្សទាំងអស់ឱ្យមានបញាប្រឡងបានចំណាត់ថ្នាក់ជាប់គ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ