មន្ត្រីខុទ្ទកាល័យលោកអាប់ភីស៊ីត ជួបសន្ទនាជាមួយសម្តេចតេជោហ៊ុន សែន ទស្សនកិច្ចជារួមបំព្រួញទំនាស់ពង្រីកការដោះស្រាយកាត់បន្ថយជំលោះ ពង្រីកកិច្ចសហប្រតិបត្តិការ
ដោយ ៖ឈិត គឹមឆុន
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៩:៣៤
កោះសន្តិភាព
ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាមួយលោក ONG ART-Klampaiboon
រាជធានីភ្នំពេញ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានប្រាប់អ្នកសារព័ត៌មានជាតិ-អន្តរជាតិនារសៀលថ្ងៃទី២ កញ្ញា នៅក្នុងជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាមួយលោក ONG ART-Klampaiboon រដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ ទទួលបន្ទុកព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីថា ក្នុងជំនួបនោះសម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍រួមថា ៖ យើងត្រូវបំព្រួញទំនាស់ ពង្រីកការដោះស្រាយ បន្ថយការឈ្លោះគ្នាហើយពង្រីកកិច្ចសហប្រតិបត្តិការ »។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា កាលពីម្សិលមិញនៅទីក្រុងហ្សាកាតា មន្ត្រីជាន់ខ្ពស់អាស៊ានបានពិភាក្សាគ្នាហើយអំពីការជួបប្រជុំអាស៊ាន និងសហរដ្ឋអាមេរិកថ្ងៃទី២៤ ខែកញ្ញា ២០១០ ដែលនៅពេលនោះសម្តេចតេជោនាយករដ្ឋមន្រ្តីនិងជួបជាមួយអាប់ភីស៊ីត នាយករដ្ឋមន្ត្រីថៃ ។ នៅឆ្នាំ២០១០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីជួបជាមួយអាប់ភីស៊ីត ចំនួន៤ដងហើយគឺជួបនៅហាណូយ ញូវយ៉ក ប្រុយសែល និងនៅភ្នំពេញ ។
ដោយឡែក បន្ទាប់ពីចូលជួបសម្តេច តេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ONG ART-Klampaiboon បានអត្ថាធិប្បាយប្រាប់អ្នកកាសែតថា ខ្ញុំបានបើកចិត្តទូលាយដើម្បីជំរាបសម្តេចនាយករដ្ឋមន្ត្រី ហើយក៏បានពិភាក្សាអំពីបញ្ហាដែលកើតឡើងនាពេលកន្លងមក ហើយក៏បានពិភាក្សាគ្នាអំពីរឿងល្អ ដែលយើងកសាងនៅពេលខាងមុខ។ពេលកន្លងមកទោះបីយើងមានការប៉ះទង្គិចគ្នាបន្តិចបន្តួចប្រៀបបានអណ្តាតនិងធ្មេញក៏ដោយ ក៏ប៉ុន្តែយើងជឿថា យើងអាចដោះស្រាយបញ្ហាចេញ ។ នៅក្នុងកិច្ចពិភាក្សាដ៏យូរមួយដែលខ្ញុំចាត់ទុកថាយូរនេះ សម្តេចហ៊ុន សែន បានបង្ហាញនូវសុច្ឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងថៃ-កម្ពុជា នឹងមានភាពប្រសើរឡើងវិញ ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន លោកក៏បានសំដែងសុច្ឆន្ទៈថានឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត នៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ខាងមុខនេះ ។ ខ្ញុំយល់ថា ការជួបពិភាក្សារវាងថា្នក់ដឹកនាំទាំងពីរនៅពេលខាងមុខនេះនឹងជួយកសាងនូវទំនាក់ទំនងរវាងកម្ពុជា-ថៃ កាន់តែប្រសើរឡើងថែមទៀត ។
ការមកបំពេញទស្សនកិច្ចរបស់ខ្ញុំនៅពេលនេះ ក្រោយពីបានជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មានមក ខ្ញុំយល់់ថា វាជាកូនសោមួយសំខាន់បើកនូវទំព័រថ្មី ហើយជាយន្តការមួយដែលអាចនាំទៅរកការពិភាក្សាជាវិជ្ជមានបាន ។លោក Klampaiboon បន្តថា ចាប់ពីពេលនេះតទៅ យើងសង្ឃឹមថា ប្រទេសយើងទាំងពីរនឹងមានការងារច្រើនធ្វើរួមគ្នា ធ្វើរួមទាំងប្រទេសថៃ និងកម្ពុជា ក៏ដូចជាប្រទេសដទៃដែរ ដែលការងារនេះនឹងជួយរឹតចំណងមិត្តភាពកម្ពុជា-ថៃ កាន់តែប្រសើរឡើង ។ ក្រោយពីខ្ញុំបានជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មក ខ្ញុំយល់ថា សម្តេចមានសេចក្តីប្រាថ្នាល្អ មានឆន្ទៈល្អ ចិត្តទូលាយទំនាក់ទំនងជាមួយប្រជាពលរដ្ឋថៃយ៉ាងជិតស្និទ្ធដូចបងប្អូន ។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ ប្រទេសថៃ និងប្រទេសកម្ពុជា នឹងក្លាយទៅជាមិត្តល្អ រស់នៅសុខដុមរម្យនាជាមួយគ្នាបាន ។
ទាក់ទិននឹងពួកអាវលឿងដែលប្រមាថសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កន្លងទៅថ្មីៗនេះ លោក Klampaiboon បានឆ្លើយប្រាប់ថា ចំពោះខាងរដ្ឋាភិបាលថៃវិញ ក៏ទទួលការរិះគន់ត្មិះដៀលជាបន្តបន្ទាប់ពីក្រុមនេះដូចៗគ្នា ។ ខ្ញុំចង់ឱ្យអស់លោកយល់ថា ប្រទេសថៃ គឺជាប្រទេសមួយកាន់លទ្ធិប្រជាធិបតេយ្យ ហើយធម្មនុញ្ញអាចឱ្យប្រជាពលរដ្ឋបញ្ចេញមតិរិះគន់បាន ។ ប៉ុន្តែការបញ្ចេញមតិ ឬគំនិតអ្វីក៏ដោយ គឺត្រូវធ្វើនៅក្នុងក្របខណ្ឌច្បាប់ ប្រសិនបើប្រាស់ចាកតាមផ្លូវច្បាប់យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបង្ក្រាបដូចគ្នា ។ នៅក្នុងប្រទេសថៃ បើសិនជាក្រុមណាមួយយករឿងមិនពិត ឬក៏ប្រាស់ចាកពីការពិតមកនិយាយ រដ្ឋាភិបាលថៃបានព្យាយាមផ្សព្វផ្សាយតែព័ត៌មាននោះឡើងវិញ ដើម្បីបង្កបរិយាកាសល្អនៅក្នុងប្រទេសថៃ ។ តែទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានក្រុមណាខិតខំព្យាយាមធ្វើឱ្យអសកម្មដល់ទំនាក់ទំនងកម្ពុជាយ៉ាងណាក៏ដោយ ក៏ក្រុមនេះមិនអាចសំរេចគោលដៅបានល្អទេ ។ ការមកបំពេញទស្សនកិច្ចនៅពេលនេះ លទ្ធផលដែលទទួលបានគឺខ្ពស់ហួសពី អ្វីដែលក្រុមទាំងអស់នេះរិះគន់ដល់ទំនាក់ទំនងថៃ-កម្ពុជា ។លោកនិយាយថា ខ្ញុំយល់ថា ទោះបីជាមានបញ្ហាអ្វីក៏ដោយ ប្រទេសទាំងពីរមានគណៈកម្មការ ដើម្បីដោះស្រាយបញ្ហាវិវាទនេះ ពិសេសដូចជាបញ្ហាព្រំដែន យើងមានគណៈកម្មការដោះស្រាយរួម និងជជែកគ្នា ៕