ពិព័រណ៍សំរាមដាស់អារម្មណ៍ឱ្យមហាជនចូលរួមសំអាតទីក្រុង
ដោយ ៖ សាម៉ន
ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១០:០៣

កោះសន្តិភាព
រូបភាពបង្ហាញពីការបំផុសប្រជាពលរដ្ឋជួយសំអាតបរិស្ថាន
រាជធានីភ្នំពេញ ៖ តាមបណ្ដាញសារព័ត៌មាននៅកម្ពុជាបានផ្សព្វផ្សាយជារឿយៗបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមក្នុងការសំអាតទីក្រុង តែរហូតមកដល់ពេលនេះប្រជាពលរដ្ឋមួយចំនួននៅតែមិនយកចិត្ដទុកដាក់ក្នុងការកែលំអសោភ័ណភាពទីក្រុង និងរក្សាការពារបរិស្ថានទេ ។ ដូច្នេះគំនិតនៃការតាំងពិព័រណ៍សំរាមដែលច្នៃប្រឌិតដោយសិល្បករ មាស សុឃន និងកិច្ចសហការរបស់មជ្ឈមណ្ឌលវប្បធម៌បារាំង មិនដឹងថា អាចនឹងជួយដាស់ស្មារតីមហាជនបានប៉ុនណាឡើយ ។ ទោះបីយ៉ាងណាក្ដីការតាំងពិព័រណ៍ស្ដីពីសំរាម នឹងរួមចំណែកយ៉ាងសំខាន់សំរាប់ជាជំនួយស្មារតីដល់មហាជន ។
លោកមាស សុឃន អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានប្រាប់ថា ការតាំងពិព័រណ៍អំពីសំរាម គឺគ្រាន់តែជាគំនិតមួយរបស់លោកប៉ុណ្ណោះ ព្រោះអ្វីៗសុទ្ធតែបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានរួចហើយ ។ លោកបានពិនិត្យឃើញថា បើទោះបីជាមានការផ្សព្វផ្សាយច្រើនហើយក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួនមិនទាន់បោះបង់ចោលទំលាប់អាក្រក់របស់ខ្លួនឡើយ ហើយនៅតែបន្ដបោះចោលសំរាមពាសវាលពាសកាល ឬតាមអំពើចិត្ដបណ្ដាលឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងបរិស្ថាន ។
លោកមាស សុឃន បញ្ជាក់ថា ហេតុដំបូងដែលធ្វើឱ្យលោកមានគំនិតបែបនេះ គឺព្រឹកមួយនោះលោកអង្គុយផឹកកាហ្វេផង និងបំពេញកិច្ចការរបស់ខ្លួនផងនៅក្នុងផ្ទះ ។ រំពេចនោះស្រាប់តែភ្លើងដាច់លំបាកក្នុងការធ្វើការងារ ។ លោកបានលើកតុទៅខាងក្រៅផ្ទះដើម្បីបន្ដការងារ ។ លោកមិនបានយកចិត្ដទុកដាក់ទៅលើសម្លេងយានយន្ដនៅឯថ្នល់ ឬកងរំពងនោះទេ តែលោកចាប់អារម្មណ៍ចំពោះធូលីរាប់កោដិហុយទ្រលោម ដោយសារចរាចរណ៍លើផ្លូវលាយឡំនឹងផ្សែងពុលនៃម៉ាស៊ីនយានយន្ដបង្ខំឱ្យលោកយកដៃម្ខាងខ្ទប់ច្រមុះដៃម្ខាងទៀតខ្ទប់មាត់កែវ កាហ្វេ។ ចំណែកជើងរបស់លោក ក៏មិនបាននៅទំនេរដែរ ព្រោះវាត្រូវទាក់នឹងស្បោងប្រលាក់មួយ មិនដឹងហើរមកពីណាដែលក្នុងស្បោងនោះសត្វរុយ៣ក្បាលកំពុងតែសប្បាយជាប់ផុងក្នុងមជ្ឈដ្ឋានដែលល្អមើលតែពីខាងក្រៅ ។ លោកបន្ដថា “នៅពេលដែលសន្ធឹកព្យុះរសាត់បាត់ទៅ ខ្ញុំឃើញគំនរសំរាមមួយនៅចំពីមុខខ្ញុំ ហើយដែលមានមនុស្សកំពុងដាក់សំរាមបន្ថែមទៀត ។ ខ្ញុំគិតថា នោះជាទំលាប់អាក្រក់របស់មនុស្ស ហើយអ្នកទាំងនោះនៅតែបន្ដភាពច្រំដែលនោះ ជាបន្ដបន្ទាប់ទៀត ហើយមិនដឹងថ្ងៃណា ត្រូវបញ្ចប់ទម្លាប់នោះទេ ។ ដូច្នេះអ្នកដែលបានភ្ញាក់រលឹកគួរតែជួយដាស់អារម្មណ៍ដល់អ្នក ដែលមិនទាន់ភ្ញាក់រលឹក ដើម្បីទាំងអស់គ្នារួមគ្នាការពារបរិស្ថាន និងសំអាតទីក្រុង” ។ ពិព័រណ៍អំពីសំរាមនឹងរៀបចំឱ្យទស្សនិកជនចូលទស្សនាចាប់ពីថ្ងៃទី១៧ មិថុនា ២០១០ តទៅនៅមជ្ឈមណ្ឌលវប្បធម៌បារាំង ៕