ការគំរាមជាលាយលក្ខអក្សររកឃើញក្នុងយន្តហោះមួយគ្រឿងរបស់ THAI AIRWAYS
ដោយ ៖ ប្រុសកោះ
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:០៨

គេហទំព័របរទេស
យន្តហោះថៃអ៊ែវេស៍ពេលចុះចត
អាជ្ញាធរក្រុងឡូសអេនចឺឡេសរាយការណ៍ថា ការគំរាមកំហែងភេរវកម្មជាលាយលក្ខអក្សរត្រូវបានរកឃើញកាលពីថ្ងៃទី៧ កញ្ញា ក្នុងយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ THAI AIRWAYS មុនពេលចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងឡូសអេនចឺឡេស ។
លោកស្រី LAURA EIMILLIER អ្នកនាំ ពាក្យរបស់ FBI អះអាងថា ការគំរាមកំហែងទាំងនេះត្រូវបានរកឃើញក្នុងបន្ទប់ទឹករបស់យន្តហោះនេះដែលគូសបញ្ជាក់ថា មានគ្រាប់បែកមួយគ្រាប់ស្ថិតក្នុងយន្តហោះជើងហោះហើរលេខ៧៩៤របស់ក្រុមហ៊ុនអាកាសចរណ៍ THAI AIRWAYS ។
យន្តហោះនេះដែលហោះមកទីក្រុងបាងកក បានចុះចតនៅក្រុងឡូសអេនចឺឡេសនាវេលាម៉ោង៣និង៥៤នាទីម៉ោងសាកលថ្ងៃទី៨ កញ្ញា ហើយត្រូវគេនាំទៅឈប់នៅកន្លែងមួយដាច់ពីគេនៃព្រលានយន្តហោះ ។ អ្នកដំណើរ និងសមាជិកក្រុមយានិកប្រមាណជា២០០នាក់ បានចុះពីយន្តហោះ ហើយការត្រួតពិនិត្យយន្តហោះដោយពួកអ្នកជំនាញការខាងគ្រឿងផ្ទុះកំពុងធ្វើ។ មនុស្សទាំងឡាយស្ថិតក្នុងយន្តហោះនេះត្រូវបានគេសួរចម្លើយ ។ ក្រោយពីទទួលបានព័ត៌មានពីការគំរាមកំហែងនេះរថយន្តពន្លត់ភ្លើងសរុបចំនួន១៨គ្រឿង ត្រូវបានដាក់ត្រៀមនៅព្រលានយន្តហោះ ត្រង់កន្លែងយន្តហោះចុះ ។ រហូតមកទល់ពេលនេះ គេនៅពុំទាន់រកឃើញគ្រឿងផ្ទុះណាមួយនៅឡើយ ៕