វិបត្ដិសេដ្ឋកិច្ចធ្វើឱ្យផែនការអប់រំសំរាប់ទាំងអស់គ្នាជួបនឹងបញ្ហា
ដោយ ៖ សាម៉ន
ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០១០ ម៉ោង ១៤:៤២
រាជធានីភ្នំពេញ ៖ ប្រទេសដែលជាហត្ថលេខីលើកិច្ចព្រមព្រៀងក្រុងដាកា ប្រទេសសេណាហ្គាល កាលពីឆ្នាំ២០០០ ដែលប្ដេជ្ញារួមគ្នាធានាសំរេចឱ្យបានដល់ឆ្នាំ២០១៥ អំពីផែនការអប់រំសំរាប់ទាំងអស់គ្នា រហូតមកទល់នឹងពេលនេះលទ្ធផលសំរេចបានធំធេងណាស់ ដែលបានធ្វើឱ្យកុមារក្រៅសាលាចំនួន ៤០លាននាក់ក្នុងពិភពលោកបានចូលសាលារៀន ។ ប៉ុន្ដែឥឡូវនេះ វិបត្ដិសេដ្ឋកិច្ចសាកលកំពុងគំរាមកំហែងផែនការឆ្នាំ២០១៥ហើយ ដោយមានការប៉ាន់ប្រមាណថា មានកុមារប្រមាណជា២៩លាននាក់ នៅតែមិនទាន់បានចូលសាលានៅឡើយនៅឆ្នាំ២០១៥ ខាងមុខ។ ទិន្នន័យនេះវានឹងមានការកើនឡើងថែមទៀត បើមិនមានវិធានការថ្មីជាបន្ទាន់ទេនោះ ហើយបញ្ហាវិសមភាពក្នុងសាលានៅតែសង្កេតឃើញមានចំពោះបណ្ដាប្រទេសដែលប្រព័ន្ធគ្រប់គ្រងលើវិស័យអប់រំសំរាប់នៅមានកំរិតនៅឡើយ ហើយគោលដៅអប់រំទាំងអស់គ្នាឆ្នាំ២០១៥ នឹងមិនអាចដើរទៅដល់ទេ បើសិនជាមិនបង្កើនកិច្ចប្រឹងប្រែងឱ្យបានខ្លាំងក្លាពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ទេនោះ ។
នេះគឺជាតួលេខនៅក្នុងរបាយការណ៍របស់គណៈកម្មការយុទ្ធនាការអប់រំជាសាកលឆ្នាំ២០១០ ដែលត្រូវបានផ្សព្វផ្សាយពីសបា្ដហ៍សកម្មភាពជាសាកលក្នុងការផ្ដល់ឱកាសដល់ក្រុមដែលបាត់បង់ឱកាស ។ ពិធីនេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៦ មេសា ក្រោមអធិបតីភាពលោកអ៊ឹម សិទ្ធី រដ្ឋមន្ដ្រីក្រសួងអប់រំ ។
ក្នុងរបាយការណ៍បានឱ្យដឹងទៀតថា យុទ្ធនាការនេះតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំនៅក្នុងខែមេសា ។ ប្រធានបទនៃយុទ្ធនាការតែងតែមានការផ្លាស់ប្ដូរជារៀងរាល់ឆ្នាំ ទៅតាមកិច្ចប្រជុំសំរេចរបស់គណៈកម្មការអប់រំជាសាកល ។ ប្រធានបទនៃយុទ្ធនាការយើងនៅក្នុងឆ្នាំនេះគឺ “បន្ដផ្ដល់ និងបង្កើនហិរញ វត្ថុដល់វិស័យអប់រំក្នុងការសំរេចបានគោលដៅតែមួយនៃការអប់រំសំរាប់ទាំងអស់គ្នាឆ្នាំ២០១៥” ។ គោលបំណងរួមនៃយុទ្ធនាការគឺ ដើម្បីធានាថា មនុស្សគ្រប់រូបបានទទួលការអប់រំប្រកបដោយគុណភាព និងដោយឥតបង់ថ្លៃ ជារួមគឺការធានាឱ្យសំរេចបានការអប់រំសម្រាប់ទាំងអស់គ្នានាឆ្នាំ២០១៥ ។ បន្ថែម លើពិធីផ្សព្វផ្សាយដ៏មានសារសំខាន់ក្នុងថ្ងៃនេះ គណៈកម្មការយុទ្ធនាការអប់រំជាសាកលឆ្នាំ២០១០ បានរៀបចំសកម្មភាពធំៗចំនួន២ ថែមទៀតរួមមាន។
ទីមួយ គឺកិច្ចសហការជាមួយនាយកដ្ឋានអប់រំកាយ និងកីឡា សិស្សនិស្សិត នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្សព្វផ្សាយពីសារសំខាន់នៃការអប់រំតាមរយៈការប្រកួតកីឡាបាល់ទាត់សិស្សមធ្យមសិក្សាទូទាំងប្រទេសនៅខេត្ដស្វាយរៀង ដោយមានការចូលរួមពីសិស្សានុសិស្សដែលអញ្ជើញមកពីបណ្ដាខេត្ដ-ក្រុងនានាទូទាំងប្រទេស ។ គោលបំណងនៃសកម្មភាពនេះ គឺដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស សិស្សានុសិស្ស និងសហគមន៍ឱ្យបង្កើនការយកចិត្ដទុកដាក់បន្ថែមទៀត ដល់សិទ្ធិក្នុងការទទួលបានការអប់រំប្រកបដោយសមភាព និងគុណភាព ដោយមិនប្រកាន់ថា ជាកុមារ ជនជាតិភាគតិច កុមារកំព្រា កុមារពិការ កុមារក្រីក្រ កុមារីឡើយ។ ខ្លឹមសារសំខាន់ៗ ដែលបានធ្វើការផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះរួមមានការអប់រំដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ បង្កើនថវិកាអប់រំគឺលើកកម្ពស់សិទ្ធិទទួលបានការអប់រំប្រកបដោយ សមធម៌ ការវិនិយោគលើវិស័យអប់រំគឺជាការវិនិយោគលើការអភិវឌ្ឍន៍ និងកុមារគ្រប់ រូបមានសិទ្ធិទទួលបានការអប់រំប្រកបដោយសមធម៌ជាដើម ។
សកម្មភាពទី២ គឺការគ្រោងរៀបចំសិក្ខាសាលាចំនួន១៦ មានសិក្ខាកាមប្រមាណ ជាង១.៦០០នាក់ នៅក្នុងខេត្ដចំនួន៨ រួម មានខេត្ដសៀមរាប ឧត្ដរមានជ័យ ក្រចេះ ស្ទឹងត្រែង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និងខេត្ដបាត់ដំបង ។ គោលបំណងនៃសិក្ខាសាលា គឺពង្រឹងកិច្ចបញ្ជិកាគណនេយ្យនៅតាម សាលារៀន ដើម្បីឱ្យការកត់ត្រាចំណូលចំណាយថវិកាកម្មវិធីកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពថែមទៀត។ នាយកដ្ឋានហិរញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា ជាគ្រូឧទ្ទេស និងជួយសំរបសំរួលនៅក្នុងសិក្ខាសាលានេះ ។
ព្រឹត្ដិការណ៍នេះរៀបចំដោយគណៈកម្ម ការយុទ្ធនាការអប់រំជាសាកល ដែលជាសម្ព័ន្ធអង្គការមនុស្សធម៌ សហជីព ពាណិជ្ជកម្ម និងជាក្រុមមនុស្សទូទាំងពិភពលោក ។ យុទ្ធនាការអប់រំជាសាកល គឺជាចលនា សង្គមស៊ីវិលមួយ ដែលឆ្ពោះទៅរកការបញ្ចប់នូវវិបត្ដិការអប់រំជាសាកល ។ ជាមួយគ្នានេះដែរ យុទ្ធនាការអប់រំជាសាកលឆ្ពោះទៅរករដ្ឋាភិបាលឱ្យយកចិត្ដទុកដាក់នូវការសន្យារបស់ខ្លួនម្ដងហើយម្ដងទៀត ដើម្បី ផ្ដល់ការអប់រំសំរាប់ទាំងអស់គ្នា ។ បេសកកម្មរបស់យុទ្ធនាការអប់រំជាសាកល គឺធ្វើឱ្យប្រាកដថា សកម្មភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ ផ្ដល់សិទ្ធិជូនកុមារី-កុមារា ស្ដ្រី និងបុរស នូវគុណភាពអប់រំជាសាធារណៈដោយមិនគិតថ្លៃ ។ អង្គការសង្គមស៊ីវិល សហជីព ពាណិជ្ជកម្ម អ្នករៀបចំយុទ្ធនាការសិទ្ធិកុមារ គ្រូបង្រៀន សាស្ដ្រាចារ្យ ឪពុកម្ដាយ និង សិស្សានុសិស្ស រួមគ្នាដើម្បីទាមទារការអប់រំជាសាកល ។ ចាប់តាំងពីការបង្កើតយុទ្ធនា ការអប់រំជាសាកលនៅក្នុងឆ្នាំ១៩៩៩ មនុស្សរាប់លាននាក់ អង្គការរាប់ពាន់នៅក្នុងប្រទេសជាង១០០ បានរួមគ្នាទាមទារការអប់រំសម្រាប់ទាំងអស់គ្នា ។
គណៈកម្មការដឹកនាំយុទ្ធនាការអប់រំជាសាកលនៅកម្ពុជាមានអង្គការចំនួន៧ ជាសមាជិករួមមាន អង្គការ NEP អង្គការ VOS អង្គការ AEA អង្គការ DAC អង្គការ DDP និងអង្គការគ្រួសារយើង ដែលតំណាងឱ្យអង្គការជាតិ និងអន្ដរជាតិចំនួន២៦ធ្វើការលើវិស័យអបរំ់ក្នុងប្រទេសកម្ពុជា ។ ជាបន្ថែម អង្គការយូណេស្កូ ក៏ជាផ្នែកមួយនៃក្រុមរៀបចំសម្រាប់សបា្ដហ៍ សកម្មភាពជាសាកលក្នុងប្រទេសកម្ពុជា ព្រមទាំងមានការគាំទ្រពីយុទ្ធនាការជាសាកលសម្រាប់ការអប់រំពេញមួយឆ្នាំ ។ ការអប់រំជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងកត្ដាដ៏សំខាន់សម្រាប់លុបបំបាត់ភាពក្រីក្រ ហើយការអប់រំមានសក្ដានុពលក្នុងការផ្លាស់ប្ដូរសម្រាប់ភាពប្រសើរឡើង ហើយប្រសិនបើពួកយើងវិនិយោគលើការអប់រំឥឡូវនេះ នោះយើងនឹងទទួលផលមកវិញនៅពេលក្រោយ ។ ដូចប្រសាសន៍ប្រធានាធិបតីសហរដ្ឋអាមេរិក លោកអូប៉ាម៉ា បានថ្លែងការណ៍ប្រចាំឆ្នាំ២០១០ថា “នៅក្នុងសតវត្សទី២១នេះ កម្មវិធីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រីដ៏ល្អបំផុត គឺការផ្ដល់ការអប់រំនៅទូទាំងពិភពលោក” ហើយពួកយើងមិនអាចយល់ស្របបានច្រើននៅឡើយទេ ។ ថ្វីបើយ៉ាងនេះក៏ដោយនៅក្នុងពិភពលោកនៅមានមនុស្សពេញវ័យ៧៧៤លាននាក់ និងកុមារ៧៥លាននាក់មិនអាចអាន និងសរសេរអក្សរបាន ។ ភាគច្រើននៃពួកគេទាំងនោះរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និង២ភាគ៣នៃមនុស្សពេញវ័យទាំងនោះដែលមិនចេះអាន និងសរសេរអក្សរជាស្ដ្រី និងកុមារី ។
យុទ្ធនាការជាសាកលសម្រាប់ការអប់រំបានធ្វើការសម្របសម្រួលសបា្ដហ៍សកម្មភាពអប់រំជាសាកលនៅក្នុងខែមេសានេះជារៀងរាល់ឆ្នាំជាមួយនឹងប្រធានបទខុសៗគ្នា ។ នៅ ក្នុងឆ្នាំ២០១០នេះ ប្រធានបទគឺ “បន្ដផ្ដល់ និងបង្កើនហិរញវត្ថុដល់វិស័យអប់រំក្នុងការសំរេចបានគោលដៅមួយនៃការអប់រំសំរាប់ទាំងអស់គ្នាឆ្នាំ២០១៥” ។ យុទ្ធនាការអប់រំជាសាកលនៅកម្ពុជាជឿជាក់ថា ប្រធានបទនេះ មានភាពសមស្របសំរាប់បរិបទកម្ពុជានៅពេលដែលពិភពលោកចាប់ផ្ដើមងើបឡើងពីភាពរន្ធត់នៃវិបត្ដិហិរញវត្ថុជាសាកល។ ពាក្យស្លោកដែលបានស្នើឡើងជាសាកលសំរាប់សបា្ដហ៍សកម្មភាព២០១០ គឺ “គោលដៅទី១ ៖ ការអប់រំសម្រាប់ទាំងអស់ គ្នា” យុទ្ធនាការឆ្នាំ២០១០ នឹងរៀបចំស្របគ្នាជាមួយការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកនៅប្រទេសអាហ្វ្រិកខាងត្បូង ។ ក្រុមប្រឹក្សាភិបាលនៃយុទ្ធនាការជាសាកលសម្រាប់ការអប់រំ ឯកភាពឱ្យមានការផ្សារភ្ជាប់ឱ្យបានច្រើនរវាងផែនការសបា្ដហ៍សកម្ម ភាពជាសាកលទៅនឹងគោលដៅ១ ៖ យុទ្ធនា ការសម្រាប់ការអប់រំទាំងអស់គ្នា” ។
កីឡាបាល់ទាត់ គឺជាប្រភេទកីឡាដែលមានអ្នកតាមដានទស្សនាច្រើនបំផុតក្នុងពិភពលោក ដូច្នេះវេទិកាកីឡាបាល់ទាត់ពិភពលោកបានផ្ដល់ឱកាសក្នុងការផ្ដល់ព័ត៌មានដល់សាធារណជនយ៉ាងទូលំទូលាយបំផុត ពុំធ្លាប់មានជាមួយនឹងសារថា សហគមន៍ទូទាំងពិភពលោកត្រូវដើរតួសំខាន់ក្នុងការធ្វើឱ្យ ការអប់រំសម្រាប់ទាំងអស់គ្នាក្លាយជាការពិត។ យុទ្ធនាការអប់រំជាសាកលនឹងលើកទឹកចិត្ដ សម្រាប់ការប្រកួតកីឡាក្នុងស្រុកនៅក្នុងបណ្ដាខេត្ដមួយចំនួន ដូចជាផ្នែកមួយនៃយុទ្ធនាការអប់រំជាសាកល “គោលដៅ១-រៀនទាំងអស់គ្នា” ដែលសិស្ស និងគ្រូនឹងចូលរួមក្នូងសកម្មភាពកីឡា ។
យុទ្ធនាការអប់រំជាសាកលបានឧបត្ថម្ភដល់ការប្រកួតកីឡានៅខេត្ដស្វាយរៀងពីថ្ងៃទី២៧ មីនា ដល់ថ្ងៃទី៧ មេសា ឆ្នាំ២០១០ នូវផ្ទាំងបដាចំនួន២០ និងអាវយឺតចំនួន៤០០ ដែលមាននូវស្លាកសញាយុទ្ធនាការអប់រំជា សាកល និងពាក្យស្លោក “ការអប់រំដើម្បីរួម ចំណែកក្នុងការលុបបំបាត់ភាពក្រីក្រី បង្កើន ថវិកាអប់រំ គឺលើកកម្ពស់សិទ្ធិទទួលបានការ អប់រំប្រកបដោយសមធម៌ ការវិនិយោគលើ វិស័យអប់រំគឺជាការវិនិយោគលើការអភិ វឌ្ឍន៍ និងកុមារគ្រប់រូបមានសិទ្ធិទទួលបាន ការអប់រំប្រកបដោយសមធម៌ជាដើម” ។ លើសពីនេះទៅទៀត យុទ្ធនាការអប់រំជា សាកលមានផែនការរៀបចំជាមួយនឹងអង្គ ការដែលទទួលបន្ទុកក្នុងការរៀបចំការប្រកួត បាល់ទាត់លីកក្នុងខេត្ដបាត់ដំបង ប៉ៃលិន និង ប៉ោយប៉ែត ។
លោកអ៊ឹម សិទ្ធី បានថ្លែងថា កន្លងមក ក្រសួងអប់រំបានខិតខំធ្វើការងារជាច្រើន ដូច ជាការបង្កើតប្រព័ន្ធនៃការអប់រំបញ្ចូលគ្នា រួមមាន ៖
-បង្កើនការចុះឈ្មោះចូលរៀនសម្រាប់ ក្រុមជួបការលំបាក ដោយកាត់បន្ថយឧបសគ្គ ផ្សេងៗ កសាងសាលារៀនឱ្យបានជិតលំនៅ ឋានកូនចៅប្រជាជន ជាពិសេសសហគមន៍ ដែលបាត់បង់ឱកាស និងបង្កឱ្យបានឱកាសទី ២ “សំណាងទី២” តាមរយៈការធ្វើតេស្ដ ឡើងថ្នាក់នៅចុងឆ្នាំសិក្សា និងដើមឆ្នាំសិក្សា ការអនុវត្ដន៍កម្មវិធីចូលរៀនឡើងវិញ កម្មវិធីសមមូល...កម្មវិធីពីរភាសា ថ្នាក់ សមាហរណកម្ម និងថ្នាក់អប់រំបញ្ចូលគ្នា សម្រាប់កុមារពិការ... ។
-កែលំអបរិស្ថានសិក្សា ដោយអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន ផ្ដល់ថវិកាគាំទ្រដល់ សាលារៀនដែលជួបការលំបាក ការផ្ដល់ អាហារូបករណ៍ដល់សិស្សក្រីក្រ និងអន្ដេវា សិកដ្ឋាននៅតំបន់ដាច់ស្រយាល ។
-ពង្រីកឱកាសសម្រាប់ទាំងអស់គ្នា ដោយពង្រឹងការអនុវត្ដន៍ច្បាប់ស្ដីពីការរើស អើង ផ្ដល់កម្មវិធីការពារសង្គម និងបែង ចែកឡើងវិញនូវហិរញវត្ថុសាធារណៈប្រកប ដោយសមធម៌ ។
-អភិវឌ្ឈប្រព័ន្ធប្រមូលទិន្នន័យ ដោយ ញែកតួលេខតាមភេទ និងរកឱ្យឃើញក្រុម បាត់បង់ឱកាស និងពិនិត្យតាមដានវឌ្ឈន ភាពរបស់ក្រុមទាំងនោះ ។
ជាលទ្ធផលយើងឃើញថា មកដល់ពេល នេះ ក្រសួងអប់រំ យុវជន និងកីឡាសំរេចបាន ការប្រមូលកុមារអាយុ៦ដល់១១ឆ្នាំ ចូលរៀន នៅបឋមសិក្សាបាន៩៥,៨5នៅកម្រិតបឋមសិក្សា៣១,៩5នៅ កម្រិតមធ្យមសិក្សា បឋមភូមិ និងជំរុញគ្រប់សកម្មភាពពាក់ព័ន្ធ ដើម្បីធានានូវការលើកកម្ពស់គុណភាពអប់ រំឱ្យបានកាន់តែប្រសើរឡើង ៕