ខេត្ដព្រះសីហនុ ៖ ក្រសួងទេសចរណ៍ក្រោមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការហោះហើរទាំងការតភ្ជាប់ខាងក្រៅនៃអាស៊ានទាំងមូល និងការតភ្ជាប់ផ្ទៃក្នុងពីខេត្ដសៀមរាប តំបន់វប្បធម៌ដ៏ល្បីល្បាញទៅកាន់តំបន់ឆ្នេរខេត្ដព្រះសីហនុ។ ក្ដីស្រមៃនេះបានក្លាយជាការពិត ហើយ គឺក្រោយពីបង្កើតឱ្យមានអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុរួចមក ពេលនេះការហោះហើរត្រូវបានចាប់ផ្ដើម ។
នៅថ្ងៃទី១ មិថុនា មានការហោះហើរមួយជាលក្ខណៈ Charter Flight នៃក្រុមហ៊ុន អាកាសចរណ៍ជាតិខេមបូឌាអង្គរអ៊ែរ ពីខេត្ដសៀមរាប មកខេត្ដព្រះសីហនុ ដោយបានដឹកជញ្ជូនភ្ញៀវទេសចរជនជាតិអេស្ប៉ាញចំនួន៦១នាក់ ដែលជាភ្ញៀវរបស់ទីភ្នាក់ងារទេសចរណ៍ APSARA TOURS ។ នេះជាលើកដំបូងដែលមានការដឹកជញ្ជូនតាមផ្លូវអាកាសមកកាន់តំបន់ឆ្នេររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ខេមបូឌាអង្គរអ៊ែរ ហើយក៏ជាលើកទី១ដែរ ដែលអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុបានទទួលការចុះចតនៃយន្ដហោះដឹកអ្នកទេសចរក្រោយពីអាកាសយានដ្ឋាននេះត្រូវបានបើកសម្ពោធឱ្យប្រើ ប្រាស់ជាផ្លូវការមក ។
បច្ចុប្បន្នចរន្ដទេសចរណ៍ផ្ទៃក្នុង ជាពិសេសខេត្ដសៀមរាបក្នុង១ឆ្នាំមានភ្ញៀវទេសចរអន្ដរជាតិជាង១លាននាក់ ក្នុងនោះមានប្រមាណជា៤% ដែលចង់ទៅកំសាន្ដនៅតំបន់ឆ្នេរ ហើយភ្ញៀវទេសចរដែលមកកម្ពុជា តាមកប៉ាល់ភាគច្រើនក៏ចង់ទៅកំសាន្ដនៅខេត្ដសៀមរាប ជាតំបន់វប្បធម៌ទេសចរណ៍ដែរ ។ ចរន្ដខាងលើនេះ គឺវាស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញឱ្យមានការតភ្ជាប់រវាងខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ហើយក្រុមហ៊ុនខេមបូឌាអង្គរអ៊ែរ ក៏ បានខិតខំណាស់ដែរ ដែលការចាប់ផ្ដើមជំហានដំបូងនេះ គឺមានការហោះហើរជាលក្ខណៈ Charter Flight ។
នៅជារបត់ថ្មីមួយ ដែលក្រសួងទេសចរណ៍ក៏ដូចជារាជរដ្ឋាភិបាលចង់បានយូរមក ហើយពេលនេះអ្វីៗដែលជាការសុបិននោះបានក្លាយជាការពិត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ៕




ចែករំលែកព័តមាននេះ