ឈើប្រណីតចំរុះដែលរឹបអូសបានពីការបង្ក្រាបត្រូវបានដាក់ឱ្យដេញថ្លៃ
ដោយ ៖ អប្សរា
ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:៥៤
យក្សឡោម
ខេត្តរតនគិរី បានធ្វើការដាក់ឱ្យដេញថ្លៃឈើប្រណីត និងឈើចំរុះដែលបានធ្វើការបង្ក្រាប និងរឹបអូសតាមបណ្តាលស្រុកមួយចំនួនក្នុងខេត្តមករក្សាទុកកន្លង មក
ខេត្តរតនគិរី ៖ កាលពីព្រឹកថ្ងៃទី៦ កញ្ញា នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានធ្វើការដាក់ឱ្យដេញថ្លៃឈើប្រណីត និងឈើចំរុះដែលកំលាំងសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចចំរុះបានធ្វើការបង្ក្រាប និងរឹបអូសតាមបណ្តាលស្រុកមួយចំនួនក្នុងខេត្តមករក្សាទុកកន្លងមក ដោយមានគណៈ កម្មការមកពីរដ្ឋបាលព្រៃឈើ អភិបាលរងខេត្ត នាយខណ្ឌ នាយផ្នែក និងអតិថិជនចូលរួមជាច្រើននាក់ផងដែរ ។ ឈើដែលដាក់ឱ្យដេញថ្លៃទាំងអស់មានចំនួន១.០០៤,២២៣ម៉ែត្រគូប ។
នៅក្នុងឱកាសដាក់ឱ្យដេញថ្លៃឈើប្រណីត និងចំរុះនាព្រឹកនោះលោកអ៊ុង សំអាត ប្រធានគណៈកម្មការដេញថ្លៃ មកពីរដ្ឋបាលព្រៃឈើ បានដាក់លក្ខខណ្ឌទៅលើអតិថិជន ដែលមានវត្តមានក្នុងការចូលមកដេញថ្លៃ ។ ក្នុងការដាក់ឱ្យដេញថ្លៃនោះដែរ គណៈកម្មការបានកំណត់ការដេញថ្លៃចំនួនបីវគ្គ ក្នុងមួយវគ្គៗ គឺដេញថ្លៃចំនួនបីលើក ។ ឯលើកទី៣ គឺជាលទ្ធផលអ្នកដែលទទួលជ័យលាភី សំរេចជាស្ថាពរត្រូវទទួលបាន ។ វគ្គទី១មានចំនួនឈើ៣២៥.៩៨៧ម៉ែត្រគូប ហើយអតិថិជនដែលដេញបានក្នុងតំលៃស្ថាពរនូវទឹកប្រាក់ចំនួន១.៦៩១.៧០០.០០០រៀល ។ មានអតិថិជនចំនួន៣រូប ទីមួយលោកប៊ូ ណេង ទី២ លោកស្រី ព្រិន ប៊ុនម៉ាណែត ទី៣ លោកគង់ សេង ។
ហើយនៅវគ្គទី១ លោកគង់ សេង ពុំបានដេញថ្លៃដល់លើកទី៣ នោះទេ ព្រោះលោកបានកំណក់ទឹកប្រាក់នៅក្នុងការដេញលើកទី២ ក្រោមចំនួនទឹកប្រាក់ដែលគណៈកម្មការបានកំណត់ដាក់ឱ្យដេញថ្លៃ ហើយរូបលោកក៏សុំផ្អាកមិនធ្វើការដេញថ្លៃបន្តទៅលើកទី៣ នេះទៀតទេ ។ នៅវគ្គទី២ បន្តទៀត មានឈើចំនួន៣៣១.៣៤៤ម៉ែត្រគូប ។ អតិថិជនដេញថ្លៃបានក្នុងតំលៃស្ថាពរជាទឹកប្រាក់ចំនួន១.៧១២.០៩០.០០០រៀល ដែលមានអតិថិជនចូលរួមដេញថ្លៃចំនួន៤រូប ទី១-លោកប៊ូ ណេង ទី២-លោកស្រី ព្រិន ប៊ុនម៉ាណែត ទី៣-លោកស៊ិន រតនា និងទី៤-លោកយា ស៊ាងលឹម ។ ដំណើរការក្នុងវគ្គទី២ បានកត់សំគាល់ឃើញថា មានភាពរលួនល្អ ។
នៅវគ្គទី៣ មានចំនួនឈើ៣៤៦.៦៩២ម៉ែត្រគូប អតិថិជនដេញថ្ងៃបានក្នុងតំលៃស្ថាពរទឹកប្រាក់ចំនួន១.៧២៣.៥៨៥.១៦៨រៀល ដែលមានអតិថិជនចំនួន៣នាក់ ទី១-លោកប៊ូ ណេង ទី២-លោកស្រី ព្រិន ប៊ុនម៉ាណែត និងទី៣-លោកស៊ិន រតនា ។ នៅវគ្គទី៣ នេះគឺជាវគ្គដែលបញ្ចប់ ។ ក្នុងការដាក់ឱ្យដេញថ្លៃនៅព្រឹកនោះមានអតិថិជនដែលបានចូលរួមដេញថ្លៃមានចំនួន៥រូប ប៉ុន្តែអ្នកដែលបានទទួលជ័យលាភីទាំងចំនួន៣វគ្គ គឺបានទៅលើក្រុមហ៊ុន វណ្ណម៉ា អ៊ឹមផតអិចផត ដែលមានតំណាងដោយលោកស្រីនាយិកា ព្រិន ប៊ុនម៉ាណែត ជាអ្នកចូលរួម និងជាអតិថិជនក្នុងការដេញថ្លៃឈើប្រណីត និងឈើចំរុះ ។
ក្រុមអ្នកតាមដាននិយាយថា ការដេញថ្លៃឈើដែលចាប់បាន ពិតជាធ្វើឡើងរួចរាល់មែនហើយ ប៉ុន្តែដល់ពេលត្រូវដឹកជញ្ជូន គេសង្ស័យខ្លាចក្រែងមានឈើសេះហោះលាយឡំជាមួយដែលអាចបង្កើតបញ្ហាគួរឱ្យបារម្ភបំផុត ៕