តារាភាពយន្តជប៉ុនចូលរួមកម្មវិធីបង្ហាញម៉ូដគូប
ដោយ ៖ សាម៉ន
ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:០៤
តារាសំដែងនាងគីតាហ្គាវ៉ា គៃកូ វ័យ២៤ឆ្នាំ បានចូលរួមជាកិត្តិយសក្នុងការបង្ហាញម៉ូដសំរាប់សរទរដូវ និងរដូវផ្ការីកឆ្នាំ២០១០ របស់ផលិតផលគូប។ ការដើរបង្ហាញម៉ូដរបស់នាងត្រូវបានគេថតដោយកាមេរ៉ាចំនួន១១ ព្រោះត្រូវយកទៅដាក់បញ្ចូលក្នុងរឿងថ្មីរបស់នាងដែលមានចំណងជើងថា "Paradise Kiss"។ ការលេចរូបនាងនៅលើឆាកដែលគួរឱ្យភ្ញាក់ផ្អើលនេះពុំត្រូវបានប្រកាសឱ្យដឹងមុនឡើយ។ នាងគីតាហ្គាវ៉ា ពិតជាធ្វើបានល្អណាស់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តដែលបានចូលរួម។ នាងបាននិយាយថា៖ "ខ្ញុំមិនធ្លាប់ធ្វើបែបនេះពីមុនមកទេ អ្នកប្រហែលជាអាចយល់ពីអារម្មណ៍របស់ខ្ញុំ។ ខ្ញុំពិតជាចង់ដឹងថា តើឈុតត្រង់នេះវាទៅជាយ៉ាងណា និងទន្ទឹងរង់ចាំមើលក្នុងខ្សែភាពយន្តដែរ"។
Paradise Kiss គឺជារឿងដែលយកតាមលំនាំរឿងរបស់លោកយ៉ាហ្ស៊ាវ៉ា អៃ ដែលបានសរសេរដូចជារឿង Nina និងរឿង Neighborhood Story។ នាងនឹងដើរតួជាឈ្មោះហាយ៉ា សាកា យឺការី ដែលជាសិស្សវិទ្យាល័យម្នាក់ដែលស្តាប់បង្គាប់ឪពុកម្តាយ និងចូលរៀនទៀងទាត់។ ក្នុងពេលដែលនាងចង់ដឹងពីរសជាតិជីវិត នាងត្រូវបានទទួលការគាំទ្រពីសិស្សផ្នែកច្នៃម៉ូដមួយក្រុមដែលបានច្នៃម៉ូដ និងឱ្យឈ្មោះថា Para dise Kiss។ ក្រុមនេះត្រូវការតារាបង្ហាញម៉ូដដែលតំរូវតាមការច្នៃរបស់គេភ្លាមៗ ហើយក៏សំរេចយកនាងតែម្តង។ ដំបូងនាងមានការរារែកក្នុងចិត្តក្នុងការចូលរួមក្រុមនេះ ព្រោះនាងយល់ថា ជាក្រុមមិនល្អ តែការពិតពួកគេជាមនុស្សល្អ។ ជាងនេះទៅទៀតការស្រលាញ់ និងសុទិដ្ឋិនិយមរបស់គេទៅលើគោលដៅនៃការសុបិនបានធ្វើឱ្យនាងយល់ថា នាងមិនទាន់មានជីវិតដែលប្រកបដោយសុភមង្គលនៅឡើយទេ ហេតុនេះហើយទើបនាងត្រូវស្វែងរកតាមសុបិនរបស់នាង។
ឈុតដែលនាងបានសំដែងក្នុងកម្មវិធីនេះជាផ្នែកមួយក្នុងរឿងពេលតួរបស់នាងបានក្លាយខ្លួនជាតារាបង្ហាញម៉ូដល្បីរួចមកហើយ។ អ្នកដឹកនាំនៃកម្មវិធីបានព្យាយាមចរចាជាមួយនឹងក្រុមហ៊ុនគូបអស់រយៈពេល២ឆ្នាំ ទើបមានការអនុញ្ញាតឱ្យថតឈុតនេះក្នុងពេលមានកម្មវិធីពិតរបស់ក្រុមហ៊ុននាពេលនេះ។ មានមនុស្សប្រហែល១០.០០០នាក់បានចូលរួមក្នុងកម្មវិធីដែលមានតារាបង្ហាញម៉ូដជាង១០០នាក់បានចូលរួម។ វាជាព្រឹត្តិការណ៍ដ៏ធំមួយដែលមានតន្ត្រីអមជាមួយពេលបង្ហាញម៉ូដដែលអាចថា ជាចំណុចមួយចាប់អារម្មណ៍។ ពេលនោះអ្នកចូលរួមទាំងអស់អាចទស្សនាការសំដែងផ្ទាល់របស់នាងអ៊ុយអេមឺរ៉ា កាណា នាងគូប៊ូគឺរ៉ា និងតារាជាច្រើនទៀត ហើយនាងគីតាហ្គាវ៉ា ក៏បានប្រែក្លាយខ្លួនជានាងយឺការី ជាតារាម៉ូដែលចុងក្រោយគេបង្អស់ដែលដើរលើឆាក។ នាង គីតាហ្គាវ៉ា គៃកូ បាននិយាយថា៖ "មុនពេលដើរ ខ្ញុំមិនទាន់បានហាត់រៀនទេ និងមានអារម្មណ៍ភ័យណាស់ ខ្ញុំទ្រាំលែងចង់បានទៅហើយពេលដើរចេញមកក្រៅនោះ"។ រឿងដែលនាងកំពុងសំដែងនេះនឹងដាក់បញ្ចាំងនៅក្នុងប្រទេសជប៉ុននារដូវផ្ការីកឆ្នាំ២០១១ខាងមុខ៕