បុរសស៊ីរីអាយុវែងដល់125ឆ្នាំទទួលមរណភាពហើយ
ដោយ ៖ ប្រុសកោះ
ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៦:២៩
បណ្តាញអ៊ីនធើរណេតស៊ីរី SYRIA NEWS រាយការណ៍ថា បុរសស៊ីរីដែលមានវ័យចំណាស់ជាងគេបំផុត លោកតាអូស្មាន អាម៉ាដ បានទទួលមរណភាពហើយកាលពីថ្ងៃទី៣០ សីហាក្នុងជន្មាយុ១២៥ឆ្នាំ ។ លោកតាអាម៉ាដ កើតក្នុងឆ្នាំ១៨៨៥ ក្នុងភូមិអាល់សាអាឌីយ៉ាហ៍ ហើយគាត់ទទួលមរណភាពនៅហាសាកាចំងាយ៦០០គីឡូម៉ែត្រ ភាគឦសានក្រុងដាម៉ាស់ ដោយគាត់មានកូន និងចៅដល់ទៅ១៨៧នាក់ ។
ប្រទេសស៊ីរីស្ថិតក្រោមអាណាព្យាបាលរបស់ទួរគី ពេលលោកតាអាម៉ាដកើត ។ គាត់បានឃើញប្រទេសគាត់ទទួលឯករាជ្យក្នុងឆ្នាំ១៩១៦ ក្រោមមហាបដិវត្តន៍អារ៉ាប់ ។ គាត់ក៏ជាមនុស្សអាចធ្វើជាសាក្សីអំពីការកាន់កាប់ប្រទេសគាត់របស់បារាំង (១៩២០-១៩៤៦) ផងដែរ ។ កូនប្រុសគាត់ លោកម៉ូហាម៉ាដ អាយុ៧៤ឆ្នាំ អះអាងថា ឪពុករបស់គាត់មានការចងចាំខ្ពស់ ហើយអាចស្តាប់ឮរហូតដល់គាត់ស្លាប់ ។ ឪពុកគាត់មិនដែលជក់បារីឡើយក្នុងមួយជីវិត ។ ពលរដ្ឋស៊ីរីដែលមានអាយុច្រើនជាងគេបំផុត គឺលោកតាហ៊ូសេន សាដលី ដែលគាត់ទទួលមរណភាពកាលពីខែមេសា ឆ្នាំ១៩៩៩ ក្នុងជន្មាយុ១៤៨ឆ្នាំ ៕