បង់ក្លាដែស ៖ រៀបការកង្កែប និងកញ្ចាញ់ចេកសុំទឹកភ្លៀង
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៦:០៦

គេហទំព័របរទេស
រៀបការកង្កែប និងកញ្ចាញ់ចេកសុំទឹកភ្លៀង
ខណៈដែលប្រទេសបង់ក្លាដែសបច្ចុប្បន្ននៅជួបប្រទះនឹងគ្រោះរាំងស្ងួត ដែលអាចបំផ្លាញផលដំណាំ ពួកកសិករប្រទេសនេះបានរៀបចំពិធីរៀបការសត្វកញ្ចាញ់ចេក និងកង្កែបសុំទឹកភ្លៀង ។ រយៈពេលជិត៣០ឆ្នាំមកហើយ នៅប្រទេសបង់ក្លាដែសពុំធ្លាប់ជួបប្រទះនឹងភ្លៀងធ្លាក់តិចតួចបែបនេះក្នុងខែកក្កដាឡើយ ។ សភាពការណ៍បែបនេះអាចធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភយ៉ាងខ្លាំង ពេលរង់ចាំទឹកភ្លៀងជួយសង្គ្រោះការដាំដុះរបស់ពួកគេ ។ ប្រឈមមុខចំពោះសភាពការណ៍នេះយោងតាមជំនឿប្រជាកសិករនាំគ្នារៀបការឱ្យសត្វកង្កែប ឬសត្វកញ្ចាញ់ចេកសុំទឹកភ្លៀង ។
អភិបាលស្រុកសាឌុលឡាហ៍ពួរ លោកអាំនីហ្វុល ហាក់អះអាងថា ក្នុងពិធីរៀបការទាំងនេះពួកអ្នកភូមិនាំគ្នាស្លៀកពាក់ស្អាតៗ ។ ចំពោះពួកសត្វកង្កែប ឬកញ្ចាញ់ចេក ដែលគេចាប់រៀបការត្រូវតុបតែងខ្លួនឱ្យពួកវាដោយមានលាបក្រែមពណ៌ក្រហមនៅលើមុខ ហើយពួកវាត្រូវដាក់ក្នុងកញ្ជើពិសេស ហើយដាក់នៅលើស្លឹកចេក ។ ពួកអ្នកភូមិនាំគ្នាច្រៀង ហើយឱ្យចំណីសត្វទាំងនេះរួចបន្ទាប់ពីពិធីរៀបការសត្វទាំងនេះត្រូវគេលែងចូលទៅក្នុងត្រពាំងក្នុងភូមិ ៕