ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា

8 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​ក្នុង​ជម្លោះ​ពេល​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ចំណុច​មុខ​វត្ត​កណ្តោល​កោះ​…

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​ក្នុង​ជម្លោះ​ពេល​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ចំណុច​មុខ​វត្ត​កណ្តោល​កោះ ​ភូមិទី១០ ឃុំ​កោះ​សុទិន ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥​កន្លង​ទៅ​នេះ ដែល​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ធ្នូ ២០១៥ នៅផ្ទះ​បងស្រី​ជនសង្ស័យស្ថិត​ក្នុង​ភូមិ​ស្រអែម​ជើង ​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សុំ ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទី​១០ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់​មាន​ឈ្មោះ សុំ លាប ត្រូវ​ជា​បងប្រុង​បង្កើត​របស់​ជន​សង្ស័យ​ សុំ ពិសី ។

លោក​វរសេនីយ៍ត្រី ជូ ប៊ុ​ន​សុង មេបញ្ជាការ​រង ទទួល​បន្ទុក​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានការ​ស្នើ​សុំ​ជួយ​សហការ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៥​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ក្នុង​ចំណោម​២​នាក់ ដែល​បាន​យក​ដំបង​វ៉ៃ​ជន​រង​គ្រោះ​ឈ្មោះ ថន វត្ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ជនសង្ស័យ​ខាងលើ បណ្តាល​ឲ្យ​ស្លាប់ ក្រោយ​ពី​ក្រុម​គ្រួ​សារបាន​បញ្ជូន​ជន​រង​គ្រោះ​ដល់​មន្ទី​ពេទ្យ ។

លោក ជូ ប៊ុ​ន​សុង បន្ត​ទៀត​ថា ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សុំ លាប ជា​បងប្រុស​បង្កើត​បាន​គេចខ្លួន​បាត់​មុន​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​ជនសង្ស័យ​លាក់ខ្លួន ។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុំ ពិសី ក៏​បាន​ឆ្លើយ​សារភាព​ថា មុន​ពេល​កើតហេតុ​រូបគេ​ជាមួយ​បងប្រុស​បាន​អង្គុយ​ផឹក​ទឹកត្នោតជូរ​ជាមួយ​អ្នក​ភូមិ និង​ជន​រង​គ្រោះ បន្តិច​ក្រោយមក​បាន​ទាស់​ពាក្យ​សំដី​គ្នា ស្រាប់តែ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យក​កាំបិតប៉័ងតោ​មករ​កកាប់​ខ្លួន ដោយ​ឃើញ​ដូច្នេះ​បងប្រុស​ខ្លួន​ឈ្មោះ សុំ លាប បាន​ស្ទុះ​ទៅ​យក​ដំបង​មក​វ៉ៃ​ជន​រង​គ្រោះចំ​ដៃ និង​ក្បាល ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ក៏​ស្លាប់​តែ​ម្តង ពេល​នោះ​ខ្លួន​ និង​បងប្រុស​ក៏​បាន​រត់​មក​ស្នាក់​នៅ​ជាមួយ​បងស្រី​បង្កើត​នៅ​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ម៉ាក​ស្មាស់​១​គ្រឿង ទូរស័ព្ទ​ដៃ​១ លុយ​ខ្មែរ​ចំនួន​១១​ម៉ឺន​រៀល ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​កសាង​សុំ​ណុំ​រឿង​ប្រគល់​ទៅ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​បន្ត ៕